ទណ្ឌកម្មលើក្រុមហ៊ុន UDG បង្ហាញថា អាមេរិកនៅតែបារម្ភអំពីលទ្ធភាពនៃមូលដ្ឋានទ័ពចិននៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៨
សហរដ្ឋអាមេរិកបានលើកឡើងពីមូលហេតុជាច្រើនដែលជំរុញឲ្យខ្លួនដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group ដែលបានបោះទុនវិនិយោគនៅខេត្តកោះកុងនៃប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៨។ មូលហេតុមួយក្នុងចំណោមនោះ គឺលទ្ធភាពនៃមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជា បើទោះបីជាភាគីចិននិងកម្ពុជា បានច្រានចោលស្ទើរតែសឹកមាត់ទៅហើយក៏ដោយ។ មែនទែនទៅ ក្ដីបារម្ភរបស់សហរដ្ឋអាមេរិកនេះ មិនមែនជារឿងថ្មីទេ។ អាមេរិកធ្លាប់បានលើកឡើងពីសេណារីយ៉ូមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជា តាំងពីយូរឆ្នាំមកហើយ។ សម្រាប់អាមេរិក វត្តមានមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជាប្រសិនបើមានមែននោះ វានឹងផ្ដល់ប្រយោជន៍ដល់ចិន។ ផលប្រយោជន៍នេះ មិនត្រឹមតែធ្វើឲ្យអាមេរិកខាតបង់ទេ តែវាអាចក្លាយទៅជាហានិភ័យសម្រាប់អាមេរិកថែមទៀត។
សំណុំរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា មែនទែនទៅ មានប្រភពមកពីយុទ្ធសាស្ត្ររបស់ចិន ដែលដាក់ចេញនៅក្នុងអំឡុងឆ្នាំ២០០៥ ក្រោមឈ្មោះថា ខ្សែកគុជខ្យង ឬ String Of Pearls។ តាមរយៈយុទ្ធសាស្ត្រនេះ សហរដ្ឋអាមេរិកជឿថា ចិនកំពុងតែខិតខំប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួន នៅតំបន់មហាសមុទ្រឥណ្ឌា ដោយរៀបចំបង្កើតបណ្ដាញមូលដ្ឋានទ័ពចាប់តាំងពីសមុទ្រចិនខាងត្បូង កាត់តាមមហាសមុទ្រឥណ្ឌា រហូតដល់តំបន់ដើមបូព៌ា។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិកស្ដីពីការវិវត្តសកម្មភាពយោធានិងសន្តិសុខនៃប្រទេសចិន ចេញផ្សាយកាលពីដើមខែកញ្ញាឆ្នាំ២០២០នេះ គូសបញ្ជាក់ថា ចិនកំពុងតែសម្លឹងដាក់មូលដ្ឋានទ័ពបន្ថែមនៅបរទេស ដើម្បីពង្រឹងនិងពង្រីកអំណាចរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ។ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ក្រៅតែពីមូលដ្ឋានទ័ពដែលមានស្រាប់នៅប្រទេសជីប៊ូទី ប្រទេសចិនបានពិចារណាប្រទេសចំនួន១៣ ដើម្បីដាក់មូលដ្ឋានទ័ព ក្នុងនោះក៏មានកម្ពុជាមួយដែរ បើទោះបីជាកម្ពុជានិងចិនធ្លាប់បានច្រានចោលការលើកឡើងរបស់អាមេរិកនេះជាសាធារណៈរួចហើយក៏ដោយ។
នរណាក៏ដឹងដែរថា ចិននិងអាមេរិក នៅតែបន្តប្រជែងអំណាចគ្នា ក្នុងល្បែងភូមិសាស្ត្រនយោបាយនៅឥណ្ឌូចិន។ ដូច្នេះបើពិនិត្យមើលឲ្យច្បាស់ទៅ ការទាញសញ្ញាអាសន្នពីការសង់មូលដ្ឋានទ័ពចិននៅកម្ពុជា គឺធ្វើឡើងព្រោះតែអាមេរិកបារម្ភពីផលប្រយោជន៍របស់ខ្លួនឯង ច្រើនជាងបារម្ភពីកម្ពុជា។ វត្តមានមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជាប្រសិនបើមានមែននោះ វានឹងផ្ដល់ប្រយោជន៍ដល់ចិន។ ផលប្រយោជន៍នេះ មិនត្រឹមតែធ្វើឲ្យអាមេរិកខាតបង់ទេ តែវាអាចក្លាយទៅជាហានិភ័យសម្រាប់អាមេរិកថែមទៀត។
ជាយុទ្ធសាស្ត្រ ប្រសិនបើមានមែននោះ មូលដ្ឋានទ័ពជើងទឹកចិន នឹងបើកផ្លូវឲ្យទីក្រុងប៉េកាំង ពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ ប្រសិនបើមានមែននោះ វានឹងអំណោយផលដល់ចិនក្នុងការគ្រប់គ្រងនាវាចរណ៍ពីជ្រោយម៉ាឡាកាទៅកាន់សមុទ្រចិនខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ វានឹងអាចផ្ដល់ភាពងាយស្រួលដល់ចិន ក្នុងការតាមដានសមយុទ្ធយោធារួមគ្នារវាងប្រទេសថៃនិងសហរដ្ឋអាមេរិក ដែលរឹងរឹតតែពីធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
យ៉ាងណាក៏ដោយ នៅពេលនិយាយដល់ String of Pearls នេះ ទីក្រុងប៉េកាំង តែងតែបញ្ជាក់ម្ដងហើយម្ដងទៀតថា យុទ្ធសាស្ត្រនេះ ធ្វើឡើងមិនមែនក្នុងគោលដៅយោធាទេ តែសម្រាប់គោលដៅពាណិជ្ជកម្មសុទ្ធសាធ។ សម្រាប់ទីក្រុងប៉េកាំង String of Pearls បើសម្រេចបាន វាអាចធានានូវផ្លូវចរាចរណ៍ថ្មីសម្រាប់លំហូរធនធានថាមពលពីតំបន់ដើមបូព៌ា ទៅកាន់ប្រទេសចិន។
សូមកុំភ្លេចថា បើតាមការព្យាករណ៍ ចិន ទៅថ្ងៃមុខ នឹងវ៉ាឈ្នះអាមេរិក ក្លាយជាប្រទេសដែលប្រើប្រាស់ប្រេងឆៅច្រើនជាងគេនៅលើពិភពលោក។ ខណៈដែលប្រទេសចិនកំពុងផ្លាស់ប្ដូរទៅជាប្រទេសដែលពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង ការធានាឲ្យបាននូវផ្លូវចរាចរណ៍សម្រាប់នាវាដឹកប្រេងពីតំបន់ដើមបូព៌ា ដោយមិនចាំបាច់ឆ្លងកាត់ឥណ្ឌាដែលជាសត្រូវ គឺជារឿងចាំបាច់ណាស់សម្រាប់ប្រទេសចិន។
ដើម្បីសម្រេចការងារនេះបាន ប្រទេសចិនត្រូវតែពង្រីកឥទ្ធិពលរបស់ខ្លួននៅតាមបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដែលក្នុងនោះមានទាំងកម្ពុជាផង តាមរយៈការទិញ ជួល ឬផ្ដល់ជំនួយឲ្យសាងសង់កំពង់ផែជាប់មាត់សមុទ្រ ចាប់ពីសមុទ្រចិនខាងត្បូង រហូតដល់ដើមបូព៌ា។ ចិនមានឥទ្ធិពលកាន់តែខ្លាំងនៅពេលណា វាជាការគំរាមកំហែងដល់ឥទ្ធិពលរបស់អាមេរិកនៅពេលនោះដែរ។
សម្រាប់សហរដ្ឋអាមេរិក ការរីករាលដាលនៃឥទ្ធិពលរបស់ចិននៅតំបន់អាស៊ី ជាពិសេសនៅមហាសមុទ្រឥណ្ឌា គឺជាបញ្ហាប្រឈមសម្រាប់វត្តមានកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាហានិភ័យសម្រាប់សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក ដូចជាហ្វីលីពីន ជប៉ុន និងអូស្ត្រាលីផងដែរ។
ដើម្បីបង្ការនិងទប់ទល់ការគំរាមកំហែងពីសំណាក់ចិន ចាប់តាំងពីឆ្នាំ២០០៥មក សហរដ្ឋអាមេរិក បានកែសម្រួលនិងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះ ដោយបង្កើនទំនាក់ទំនងជាមួយឥណ្ឌា ដែលជាគូសត្រូវរបស់ចិន។ សម្ព័ន្ធមិត្តរបស់អាមេរិក គឺអូស្ត្រាលីឯណោះវិញ ក៏បានធ្វើដូច្នេះដែរ។ អូស្ត្រាលី ចាប់តាំងពីឆ្នាំ២០១២មក បានព្យាយាមលើកកម្ពស់ពាណិជ្ជកម្មនុយក្លេអ៊ែរជាមួយឥណ្ឌា ហើយថែមទាំងស្នើឲ្យមានការធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពជើងទឹករបស់អូស្ត្រាលី ជាមួយកងទ័ពជើងទឹកឥណ្ឌាទៀត។
ក្រៅពីអាមេរិក និងអូស្ត្រាលី, ប្រទេសដទៃទៀតនៅក្នុងតំបន់ក៏បានសម្ដែងការព្រួយបារម្ភអំពីឥទ្ធិពលយោធារបស់ចិនដែរ ជាពិសេសប្រទេសដែលមានជម្លោះជាមួយចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ដូចជាប្រទេសវៀតណាម ហ្វីលីពីន កូរ៉េខាងត្បូង និងជប៉ុនជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ