អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនអតីតបក្សប្រឆាំង១រូបទៀតត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងរៀបចំផ្តល់ថវិកាដល់សកម្មជនផ្តួលរំលំរដ្ឋាភិបាល

លោក អឿ ណារិត ជំនួយការលោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក អឿ ណារិត ជំនួយការលោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ © FB
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

សមត្ថកិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ម្សិលមិញ​នេះ​ បាន​ចាប់​ខ្លួន​លោក​ អឿ ណារិត ​ដែល​ជា​ជំនួយការ​របស់​លោកស្រី​មួរ សុខហួរ អនុ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​។ ការ​ចាប់​ខ្លួន​នេះ​ គឺ​អាជ្ញាធរ​ចោទ​ថា ​លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​ផ្តល់​ថវិកា​ដល់​សកម្មជន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ លោក​អឿ ណារិត ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ចូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​កាល​ពី​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះ ថាការចាប់ខ្លួនលោកអឿ ណារិតនេះ គឺជាអនុវត្តទៅតាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ លោកអះអាងបន្ថែមទៀតថា ការចាប់ខ្លួននេះ គឺតុលាការបានចោទប្រកាន់លោកអឿ ណារិត ពីបទរៀបចំផែនការក្បត់ផ្តល់ថវិកាដល់ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិដើម្បីរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បើតាមលោកសាន សុខសីហាដដែល អាជ្ញាធរកម្ពុជាបានបញ្ជូនខ្លួនលោកអឿ ណារិតទៅកាន់តុលាការតាំងពីថ្ងៃអាទិត្យ។

តុលាការសាលាដំបូងរាជធានីភ្នំពេញមិនទាន់អាចទាក់ទងសុំព័ត៌មានលម្អិតចំពោះករណីលោកអឿ ណារិត និងការចោទប្រកាន់ផ្លូវការលើរូបលោកបាននៅឡើយទេ។ ប៉ុន្តែ លោកសំ សុគង់ មេធាវីការពារក្តីឱ្យក្រុមសកម្មជនអតីតបក្សប្រឆាំងបានបញ្ជាក់ថា លោកអឿ ណារិតត្រូវបានតុលាការបញ្ចូនទៅឃុំខ្លួននៅក្នុងពន្ធនគារព្រៃសហើយកាលពីថ្ងៃអាទិត្យ។ លោកមេធាវីសំ សុគង់ បានសង្កត់ធ្ងន់ថា មុនត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ លោកអឿ ណារិតបានទូរស័ព្ទមកផ្តល់ព័ត៌មានដល់រូបលោកផងដែរ។ បើតាមលោកសំ សុគង់ នៅថ្ងៃពុធ លោក និង មេធាវីម្នាក់ទៀតនឹងទៅជួបលោកអឿ ណារិតនៅក្នុងពន្ធនាគារ ដើម្បីរៀបចំនីតិវិធីការពាររូបលោកតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នេះ គឺជាការចាប់ខ្លួនលើកទី៣ហើយសម្រាប់លោកអឿ ណារិត ដែលជាជំនួយការរបស់លោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លើកទី១ លោកអឿ ណារិត ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១៤ដោយចោទប្រកាន់ពាក់ព័ន្ធការធ្វើបាតុកម្មនៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ប៉ុន្តែ បន្តិចក្រោយមក លោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។ លុះចូលដល់ឆ្នាំ២០១៥ ខណៈបញ្ហានយោបាយមានភាពតានតឹន រូបលោកត្រូវបានចាប់ខ្លួនម្តងទៀតដោយចោទពី​បទ​ចូលរួម​ និង​ដឹកនាំ​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤។

គួរជម្រាបជូនថា លោកអឿ ណារិត ដែលបានបើកហាងកាហ្វេមួយនៅក្នុងរាជធានីភ្នំពេញ គឺជាសកម្មជនអតីតបក្សប្រឆាំងចុងក្រោយដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទចោទរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បន្ថែមដោយលោកអឿ ណារិតនេះ គិតមកដលល់ពេលនេះ មានសកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន២៥នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងឃុំខ្លួននៅក្នុងពន្ធនាគារ។ នេះបើតាមលោកមេធាវីសំ សុគង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ