សកម្មជនអតីតបក្សប្រឆាំង១រូបទៀតត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងរៀបចំផ្តល់ថវិកាដល់សកម្មជនផ្តួលរំលំរដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ៖
សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកញ្ញាម្សិលមិញនេះ បានចាប់ខ្លួនលោក អឿ ណារិត ដែលជាជំនួយការរបស់លោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ។ ការចាប់ខ្លួននេះ គឺអាជ្ញាធរចោទថា លោកបានជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការផ្តល់ថវិកាដល់សកម្មជនដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ គិតមកដល់ពេលនេះ ហើយគិតទាំងលោកអឿ ណារិតផង សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន២៥នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនពាក់ព័ន្ធគម្រោងក្បត់ជាតិចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះ ថាការចាប់ខ្លួនលោកអឿ ណារិតនេះ គឺជាអនុវត្តទៅតាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ លោកអះអាងបន្ថែមទៀតថា ការចាប់ខ្លួននេះ គឺតុលាការបានចោទប្រកាន់លោកអឿ ណារិត ពីបទរៀបចំផែនការក្បត់ផ្តល់ថវិកាដល់ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិដើម្បីរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បើតាមលោកសាន សុខសីហាដដែល អាជ្ញាធរកម្ពុជាបានបញ្ជូនខ្លួនលោកអឿ ណារិតទៅកាន់តុលាការតាំងពីថ្ងៃអាទិត្យ។
តុលាការសាលាដំបូងរាជធានីភ្នំពេញមិនទាន់អាចទាក់ទងសុំព័ត៌មានលម្អិតចំពោះករណីលោកអឿ ណារិត និងការចោទប្រកាន់ផ្លូវការលើរូបលោកបាននៅឡើយទេ។ ប៉ុន្តែ លោកសំ សុគង់ មេធាវីការពារក្តីឱ្យក្រុមសកម្មជនអតីតបក្សប្រឆាំងបានបញ្ជាក់ថា លោកអឿ ណារិតត្រូវបានតុលាការបញ្ចូនទៅឃុំខ្លួននៅក្នុងពន្ធនគារព្រៃសហើយកាលពីថ្ងៃអាទិត្យ។ លោកមេធាវីសំ សុគង់ បានសង្កត់ធ្ងន់ថា មុនត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ លោកអឿ ណារិតបានទូរស័ព្ទមកផ្តល់ព័ត៌មានដល់រូបលោកផងដែរ។ បើតាមលោកសំ សុគង់ នៅថ្ងៃពុធ លោក និង មេធាវីម្នាក់ទៀតនឹងទៅជួបលោកអឿ ណារិតនៅក្នុងពន្ធនាគារ ដើម្បីរៀបចំនីតិវិធីការពាររូបលោកតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នេះ គឺជាការចាប់ខ្លួនលើកទី៣ហើយសម្រាប់លោកអឿ ណារិត ដែលជាជំនួយការរបស់លោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លើកទី១ លោកអឿ ណារិត ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១៤ដោយចោទប្រកាន់ពាក់ព័ន្ធការធ្វើបាតុកម្មនៅក្បែរទីលានប្រជាធិបតេយ្យ។ ប៉ុន្តែ បន្តិចក្រោយមក លោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។ លុះចូលដល់ឆ្នាំ២០១៥ ខណៈបញ្ហានយោបាយមានភាពតានតឹន រូបលោកត្រូវបានចាប់ខ្លួនម្តងទៀតដោយចោទពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
គួរជម្រាបជូនថា លោកអឿ ណារិត ដែលបានបើកហាងកាហ្វេមួយនៅក្នុងរាជធានីភ្នំពេញ គឺជាសកម្មជនអតីតបក្សប្រឆាំងចុងក្រោយដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទចោទរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បន្ថែមដោយលោកអឿ ណារិតនេះ គិតមកដលល់ពេលនេះ មានសកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន២៥នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងឃុំខ្លួននៅក្នុងពន្ធនាគារ។ នេះបើតាមលោកមេធាវីសំ សុគង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ