អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវាសន្តិភាព៖ ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីតាមខេត្តនាំគ្នាបិទផ្លូវមុខក្រសួងរៀបចំដែនដី

ប្រជាពលរដ្ឋធ្វើការតវ៉ាជុំវិញជម្លោះដីធ្លី នៅមុខក្រសួងដែនដី
ប្រជាពលរដ្ឋធ្វើការតវ៉ាជុំវិញជម្លោះដីធ្លី នៅមុខក្រសួងដែនដី © FB
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

នៅ​ថ្ងៃ​២១​កញ្ញា​នេះ​គឺ​ជា​ទិវា​សន្តិភាព​អន្តរជាតិ​ លើក​ទី​៧៥។ នៅ​កម្ពុជា​ទិវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ខុសៗ​គ្នា ​ពោល​រដ្ឋាភិបាល​ប្រារព្ធ​ឡើង​ក្រោម​មូល​បទ «ការ​កសាង​សន្តិភាព​ជាមួយ​គ្នា»។ ប៉ុន្តែ​ពល​រដ្ឋ​​ដែល​មាន​ជម្លោះ​ដី​ធ្លី​ធ្វើ​ឡើង​ក្រោម​ប្រធានបទ«គ្មានសិទ្ធិដីធ្លី​ គ្មានសន្តិភាព»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សកម្មជន​ដីធ្លី​រាប់រយ​នាក់​បាន​ឡើង​មក​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នាំគ្នា​បិទ​ផ្លូវ​ព្រះ​មុនីវង្ស​ត្រង់​មុខ​ក្រសួង​រៀប​ចំដែន​ដី ដើម្បី​ឲ្យ​រដ្ឋមន្ត្រី លោក ជា សុផារ៉ា ចេញ​មក​ជួប​ពួក​គេ​។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រជាកសិករទាំងនេះ មានគ្នាប្រ​មាណជាង១ពាន់នាក់មកពីតាមបណ្តាខេត្តចំនួន៤ ដែល​តំណាងឲ្យប្រជាពលរដ្ឋ៧០៩៩គ្រួសារ ដែល​មានទំនាស់ដីធ្លីរាំរ៉ៃទំហំជាង១ម៉ឺន២ពាន់ហិកតា។

បន្ទាប់ពីជួបជុំគ្នា​នៅមុខ​ក្រសួងដែនដីបានមួយសន្ទុះ សកម្មជនដីធ្លីដែលភាគច្រើន​គឺជាស្ត្រី បាននាំគ្នាមកអង្គុយ​បិទ​ផ្លូវ​ព្រះ​មុនីវង្ស​ត្រង់​មុខ​ក្រសួង​រៀប​ចំដែន​ដីស្រែកហៅ លោក ជា សុផារ៉ា ចេញមកជួបពួកគេ ខណៈដែល​ក្រុម​សន្តិសុខរារាំងមិនអ្នកតវ៉ាដើរក្បួនទៅកាន់ផ្ទះប្រមុខរដ្ឋាភិបាល។

នេះគឺជាការជួបជុំរបស់កសិករ​យ៉ាងច្រើន​ដែល​មិនធ្លាប់កើតមានពីមុនមក ខណៈកសិករទាំងនោះរៀបចំ​ទិវាសន្តិ​ភាព​ខួប៣៩​ឆ្នាំ​សម្រាប់​កម្ពុជា ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ«គ្មានសិទ្ធិដីធ្លី គ្មានសន្តិភាព»។

ប្រធានបទនេះគឺខុសគ្នានឹងការរៀបចំរបស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ធ្វើឡើងក្រោម​មូលបទ«ការ​កសាង​សន្តិភាព​ជាមួយ​គ្នា»។

តាម​រយៈ​សារ​លិខិត​៣ទំព័រសម្រាប់​ទិវា​សន្តិភាព​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់​ថា ការ​កសាង​សន្តិភាព​គឺ​មិន​ងាយ​នោះ​ទេ​សម្រាប់​កម្ពុជា​ ពោល​ត្រូវ​ប្រើ​ពេល​រាប់​សិប​ឆ្នាំ​ទើប​កម្ពុជា​ទទួល​បាន​សន្តិភាព​ដូច​សព្វ​ថ្ងៃ​។ ប៉ុន្តែ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន មិន​ដែល​សាទរ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទោះជាយ៉ាងណាមតិ​មួយ​ចំនួន​យល់​ឃើញ​ថា សន្តិភាពផ្លូវ​កាយ​​នៅ​កម្ពុជា​មាន​មាន​ពិត តែ​សន្តិភាព​ផ្លូវ​ចិត្ត​នៅ​មិន​ទាន់​មាន​ពេញ​លេញ​នៅ​ឡើយ តួយ៉ាងទំនាស់ដីធ្លី និងភាពអយុត្តិធម៌​នៅក្នុង​សង្គម​ជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ