អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយកម្ពុជាក្លាយជាគោលដៅក្រុមហ៊ុនអាមេរិក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំឡុងពេលចូលរួមប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធឌីជីថល
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំឡុងពេលចូលរួមប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធឌីជីថល © FB
ដោយ៖ ញឹម សុផល
១៤ នាទី

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ ច្បាប់​និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ នឹង​ដើរ​តួ​ជា​កត្តា​សំខាន់​មួយ​ ជួយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​។ ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន ​ដូច្នេះ ​គឺធ្វើ​ឡើង​ខណៈ​ដែល​លោក​បាន​ធ្វើ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-អាស៊ាន​ តាម​ប្រព័ន្ធ​Video Conference នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២១​ខែ​កញ្ញា​នេះ​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈប្រព័ន្ធVideo Conference លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ថា ប្រទេសកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ លោក ហ៊ុន សែន សង្ឃឹមថានឹងជួយដល់កម្ពុជា ក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគេ្នយ៍។

តាមលោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជានឹងមិនបន្ថយល្បឿននៃការងារកំណែទម្រង់ នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម ក្រោយកូវីដ១៩មានភាពធូរស្រាល ដោយប្រទេសនេះ កំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បង្គុំ កសិឧស្សាហកម្ម គ្រឿងបន្លាស់ ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងទៀត។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងដាក់ចេញនូវកំណែរទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់អ្នកវិនិយោគ ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែង តាមរយៈការបង្កើតភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ នេះបើតាមការថ្លែងរបស់លោក ហ៊ុន សែន ទៅកាន់លោក អាឡិចសាន់ដឺ ហ្វែលម៉េន(Alexander Feldman) ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូធុរកិច្ចមួយចំនួនទៀត។

លោក នាយករដ្ឋមន្ត្រី បន្តថា ជាទិសដៅខាងមុខ កម្ពុជានឹងដាក់ឲ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលា ប្រកបដោយយុទ្ធសាស្ត្រ តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចនូវគោលបំណង២គឺ ការរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និងការជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក រយៈពេល៨ខែឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត១៧% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ បើទោះណាឆ្នាំនេះ មានបញ្ហាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ