អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកអ៊ូ ច័ន្ទរ័ត្ន៖រចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំងភាគច្រើនចាប់អារម្មណ៍ តែនៅរារែកក្នុងការចូលរួមបង្កើតបក្សថ្មី

លោក អ៊ូ ច័ន្ទរ័ត្ន
លោក អ៊ូ ច័ន្ទរ័ត្ន © សហការី
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

អតីត​អ្នក​តំណាង​រាស្រ្ត​របស់​អតីត​បក្ស​សង្រ្គោះជាតិ​លោក​អ៊ូ ច័ន្ទរ័ត្ន បាន ​និង​កំពុង​ព្យាយាម​ទាក់ទង​ទៅ​កាន់​មន្រ្តី​រចនាសម្ព័ន្ធ​ចាស់​របស់​អតីត​បក្សប្រឆាំង​ ដើម្បី​ស្ទាប​ស្ទង់​ និង​គៀងគរ​ពួកគេ​ឱ្យ​ចូលរួម​បង្កើត​បក្ស​នយោបាយថ្មី​។ជា​លទ្ធផល​ លោក​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ មន្រ្តី​នៃ​រចនាសម្ព័ន្ធ​ចាស់​របស់​អតីត​បក្ស​សង្រ្គោះជាតិ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​បាន​ចាប់​អារម្មណ៍​ច្រើន​ តែ​ពួកគេ​នៅ​តែ​រារែក​ក្នុង​ការ​គាំទ្រ​ចូលរួម​បង្កើត​បក្ស​នយោបាយ​ថ្មី​នេះ​។

ផ្សាយពាណិជ្ជកម្ម

មូលហេតុដែលរចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំងរារែកក្នុងការចូលរួមបង្កើតបក្សនយោបាយថ្មីនេះ គឺដោយសារតែពួកគេចង់នៅបន្តរង់ចាំមើលដំណោះស្រាយរបស់អន្តរជាតិក្នុងការជំរុញឱ្យអតីតគណបក្សសង្រ្គោះជាតិរស់ឡើងវិញ និងអាចចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោកអ៊ូ ច័ន្ទរ័ត្ន ហើយលោកបានប​ន្ថែមថា មន្រ្តីខ្លះបានបង្ហាញការគាំទ្រ និងថា នឹងចូលរួមនៅក្រោយពេលដែលបក្សនយោបាយថ្មីត្រូវបានបង្កើត​ឡើងជាស្ថាពរ។ ប៉ុន្តែ លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ជាថ្មីថា គណបក្សនយោបាយថ្មីនេះ អាចបង្កើតឡើងបានឬអ​ត់ គឺអាស្រ័យការលើគាំទ្រពីសំណាក់រចនាសម្ព័ន្ធរបស់អតីតបក្សប្រឆាំង និងប្រជាពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្តូរ។

តាមលោកអ៊ូ ច័ន្ទរ័ត្ន ការបង្កើតគណបក្សនយោបាយថ្មីបានឬអត់នឹងត្រូវប្រកាសឱ្យដឹងជាសាធារណៈនៅអំឡុងចុងឆ្នាំ២០២០នេះ ហើយនៅពេលនេះ លោក និងក្រុមអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀតកំពុងតែស្ទាបស្ទង់មើលនិន្នាការរបស់ពលរដ្ឋ និងរចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំង។ លោកបានបង្ហើបឱ្យដឹងថា លោកបានទាក់ទង និងបានជជែកជាមួយមន្ត្រីនៃរចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំងនៅអាមេរិក បារាំង និងអូស្រ្តាលីជាដើមបន្ថែមពីលើមន្រ្តីនៅក្នុងស្រុក។ ក៏ប៉ុន្តែពួកគេនៅស្ទាក់ស្ទើរ និងមិនទាន់ប្រាកដប្រជានៅឡើយទេ។

គួរជម្រាបជូនថា ការចង់បង្កើតគណបក្សនយោបាយថ្មីនេះ គឺបន្ទាប់ពីក្រុមអតីតមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិមួយចំនួនអស់សង្ឃឹមក្នុងការរង់ចាំអតីតបក្សប្រឆាំងដំណើរការឡើងវិញ។ នេះបើតាមលោកអ៊ូ ច័ន្ទរ័ត្ន។ ក៏ប៉ុន្តែ លោកសម រង្ស៊ី កាលពីដើមខែកញ្ញានេះបានចេញមកអះអាងថា បក្សនយោបាយថ្មីថ្មោងដែលបង្កើតឡើង គឺជាឧបករណ៍នយោ​បាយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សម្រាប់លោកសម រង្ស៊ី ការបង្កើតគណបក្សថ្មី  វាគ្រាន់តែជាលេស ដើម្បីជៀសវាងការបើកផ្លូវឱ្យអតីតគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញប៉ុណ្ណោះ។

កាលពីថ្ងៃទី២០ ខែកញ្ញា លោកសម រង្ស៊ី បានប្រកាសជាថ្មីថានឹងចូលមកប្រទេសកម្ពុជាវិញ បន្ទាប់ពីបរាជ័យកាលពីថ្ងៃទី៩​វិច្ឆិកា​ឆ្នាំ២០១៩​កន្លងទៅ។ ប៉ុន្តែ លោកអ៊ូ ច័ន្ទរ័ត្ន បានអះអាងថា ការប្រកាសនេះមិនប៉ះពាល់ដល់ការគ្រៀងគរការគាំទ្របង្កើតបក្សថ្មីរបស់លោកឡើយ ដោយលោកថា វាមិនមែនជារឿងថ្មី។ មិនមែនជារឿងថ្មីតាមលោកអ៊ូ ច័ន្ទរ័ត្ន គឺការប្រកាសចូលស្រុកវិញរបស់លោកសម រង្ស៊ីនេះ គឺមានកើតមានជាញឹកញាប់ តែពេលនេះ មិនមានការចាប់អារម្មណ៍ខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋខ្មែរនោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ