អានតួអត្ថបទ
កម្ពុជា-អប់រំ

បេក្ខជនសរុបជាង១១ម៉ឺននាក់ត្រៀមខ្លួនប្រឡងបាក់ឌុបនៅថ្ងៃទី២១ធ្នូ

ក្រុមអនុរក្សឆែកឆេរបេក្ខជនចូលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤
ក្រុមអនុរក្សឆែកឆេរបេក្ខជនចូលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤ © RFI/ Siv Chana
ដោយ៖ អេង គីមហុង
១៧ នាទី

យ៉ាង​ហោចណាស់​មាន​បេក្ខជន​សរុប​ជាង​១១​ម៉ឺន​នាក់(១១១,០២៥) ត្រៀម​ខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប​នៅ​ថ្ងៃ​ទី​២១​ធ្នូ​ខាង​មុខ។ តែ​ជា​ការ​កត់​សម្គាល់​ក្នុង​ចំណោម​បេក្ខជន​ត្រៀមប្រឡង​ជាង​១១​ម៉ឺន​នាក់​នេះ បេក្ខជន​ជា​ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​រហូត​ដល់​ជាង​៦​ម៉ឺន​នាក់​នាក់​ ខណៈបេក្ខជន​ជា​បុរស​មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់។  ខណៈ​ដំណើ​ការ​ប្រឡង​នៅ​បាំង​តែ​ពីរ​ខែ​ទៀត នឹង​ចូល​មកដល់​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​វិធានការ​បណ្ដើរៗ ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។ តើ​វិធាន​ការ​ទាំង​នោះ​មាន​អ្វី​ខ្លះ?

ផ្សាយពាណិជ្ជកម្ម

ដូច​រៀង​រាល់​ឆ្នាំ​ដែរ សម្រាប់​ដំណើរ​ការ​ប្រឡង​នៅ​ឆ្នាំ​នេះ ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​អភិរាជធានី​ខេត្តក្រុង ស្រុក ខណ្ឌ ត្រៀម​ចាត់​កម្លាំង​ទប់​ស្កាត់​ការ​ថត​ចម្លង​សំណៅ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ នឹង​ការប្រឡង​គ្រប់​រូបភាព និង​បាតុភាព​មិន​ប្រក្រតី​នានា​ដែល​កើត​ឡើង​ជាយថាហេតុ ដោយ​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ការ​ធ្វើ​អាជីវកម្ម​ថត​ចម្លង​ចម្លើយ​វិញ្ញាសា ឬ​សំណៅ​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​រួម​នឹងទប់​ស្កាត់​ការ​លក់​នូវ​ចម្លើយ វិញ្ញាសា​ប្រឡង​ជុំ​វិញ​មណ្ឌល​ប្រឡង។  

ចំណែក​អាជីវកម្ម តៀម​លក់​ដូរ​និង​កន្លែង​ថត​ចម្លង​ជុំវិញ​មណ្ឌល​ប្រឡង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​រយៈពេល២ថ្ងៃ​ចា​ប់​ពី​ថ្ងៃ​ទី​២០​ដល់​២២​ធ្នូ។  ក៏​មា​នផង​ដែរ ការ​ណែនាំ​ឲ្យ​ជួយ​សម្រប​សម្រួល​ជាមួយ​​ម្ចាស់សណ្ឋាគារ​ឬ​ផ្ទះ​សំណាក់​កុំ​តម្លើង​ថ្លៃ​បន្ទប់​ស្នាក់​នៅ​សម្រាប់​បេក្ខជន។ 

ទាក់ទង​ដំណើរ​ការ​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ដែល​ក្រសួង​ធ្លាប់​ជួប​ភាព​ចម្រូងចម្រាស​លើ​ចំណុច​កាល​ពី​ឆ្នាំ​ទៅ​គឺ​ជា​ថ្មី​ទៀត​ក្រសួង​បាន​ជម្រុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​រួម​ទប់​ស្កាត់​បាតុភាព​មិ​នប្រក្រតី​នានា​ដែល​អាចកើត​មាន​ជាយ​ថា​ហេតុ​ក្នុង​ការ​ដំណើរ​ការ​ស្រង់​បូក​ពិន្ទុក​ដោយ​កុំព្យូ​ទ័រ។

សូមជម្រាបជូនថា ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬបាក់ឌុប​នៅ​ថ្ងៃ​ទី​២១​ធ្នូ​ខាង​មុខនេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​វាយ​លុក​ជំងឺ​កូវីដ​១៩ ដែល​បង្ខំ​ឲ្យ​សិស្សានុសិស្ស​គ្រប់​កម្រិត​ផ្អាក​កា​រសិក្សា​បណ្ដោះ​អាសន្ន​នៅ​ពាក់​កណ្ដាល​ទី។ តែ​ទោះ​ប្រឈម​កូវីដ​១៩ តែ​ក្រសួង​អប់រំ​មិន​បន្ធូរ​ដៃ​ចំពោះ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឡើយ។  

បញ្ហា​នេះ​ត្រូវ​បាន លោក​បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត​ន៍ និងសីលធម៌​កម្ពុជា​ធ្លាប់​លើក​ឡើងថា ​ក្រសួង​អប់រំ​គួរ​បត់បែន​នៅ​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូវីដ​១៩ ពី​កម្រិត​នៃ​ការ​យល់​ដឹងនិង​ការ​រៀន​សូត្រ​របស់​សិស្ស​ ជាពិសេស​សិស្ស​​នៅ​តាមជនបទ​ដែល​ពួក​គេ​ខ្វះ​មធ្យោបាយ​រៀន​តាម​អនឡាញ។ បើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​នេះ​ទេ​ ដំណើរ​ការប្រឡង​នឹង​បង្ក​នូវ​ភាព​អយុត្តិធម៌​និង​វិសមភាព​រវាង​សិស្ស​ទីក្រុង​និង​ជនបទ។

តែ​យ៉ាង​ណា​ក៏​ដោយ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ បាន​លើក​ឡើងថា ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​មាន​សមត្ថភាព​អាច​ប្រឡង​ជាប់ ក្រសួង​បាន​ផ្តល់​ពេល​វេលា​សិក្សា​បន្ថែម និង​លើកទឹក​ចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជ្រើសរើស​គ្រូស្ម័គ្រចិត្តដើម្បីបង្រៀន​បន្ថែម​ម៉ោង​ដល់សិស្សា​នុសិស្ស ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​​ត្រៀម​ខ្លួន​បាន​ល្អ មុន​ដំណើរ​ការ​ប្រឡង​ មធ្យម​សិក្សា​ទុតិយ​ភូមិនា​ពេលខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ