ប្រវត្តិសាស្រ្តពិភពលោក

តើពិតជាមានជីវិតនៅលើភពសុក្រមែនឬ?

សំឡេង ០៦:៥៩
សារធាតុផូស្វីន ដែល​មាន​ប្រភពចម្បង​ចេញ​ពី​អ្វីៗ​ដែល​មាន​ជិវិត ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​រកឃើញ​នៅ​ក្នុងពពក​លើ​ភពសុក្រ
សារធាតុផូស្វីន ដែល​មាន​ប្រភពចម្បង​ចេញ​ពី​អ្វីៗ​ដែល​មាន​ជិវិត ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​រកឃើញ​នៅ​ក្នុងពពក​លើ​ភពសុក្រ © ESO/M. Kornmesser/L. Calçada & NASA/JPL/Caltech

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពីលទ្ធផល​នៃ​ការ​សិក្សា​ថ្មីៗ​របស់​អ្នក​វិទ្យាសាស្រ្ត ដែល​បានរកឃើញ​សារធាតុ​គីមី​ជា​តម្រុយ​នៃ​ជីវិត នៅលើ​ភពសុក្រ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នេះ នៅ​ពេលណា​គេ​និយាយ​ពី​ការ​ស្វែងរក​ជីវិត​ក្រៅភព គេហាក់មិនសូវ​ជា​មាន​ចំណាប់អារម្មណ៍​ច្រើន​ប៉ុន្មាន​នោះទេ ទៅលើ​ភពសុក្រ។ នេះ​ក៏ដោយសារ​តែ តាមរយៈការសិក្សា​ជាច្រើន​កាល​ពីពេល​កន្លងមក គេ​ដឹង​ថា ភពសុក្រ​នេះ ថ្វីដ្បិត​តែ​មានលក្ខណៈស្រដៀងគ្នា​ច្រើន​នឹង​ភពផែនដី តែវា​​ជា​ភព​ដែល​មាន​សីតុណ្ហភាព​ក្តៅជាងគេ​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ គឺ​មាន​សីតុណ្ហភាព​​រហូតដល់​ទៅ​ជាង ៤៦០​អង្សារឯណោះ។ នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់​កម្រិត​នេះ សូម្បីតែ​​លោហៈ​មួយចំនួន ដូចជា សង្កសី និង​សំណ ជាដើម ក៏​ត្រូវ​រលាយ​​ដែរ។ ដូច្នេះហើយ​បាន​ជា​គេ​គិត​ថា ជីវិត​មិន​អាច​មាន​វត្តមាន​នៅលើ​ភពសុក្របាន។

ក៏ប៉ុន្តែ ការ​សិក្សា​លម្អិត​របស់​ក្រុមអ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ កាល​ពីពេល​ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ​តែ​គេ​បានរកឃើញ​​ថា នៅលើ​ភព​សុក្រ មាន​សារធាតុ​ពិសេស​ម្យ៉ាង ដែល​អាច​ជា​តម្រុយ​នៃ​ជីវិត ហើយ​សារធាតុ​នេះ​ គឺ​គេ​រកឃើញ​នៅ​ក្នុង​ពពក​របស់​ភពសុក្រ។

សារធាតុ​ដែល​គេ​បានរកឃើញ​នៅលើពពក​របស់​ភពសុក្រ​នេះ មាន​ឈ្មោះ​ថា « ផូស្វ៊ីន » (Phosphine/PH3) ដែល​ត្រូវ​បានគេស្គាល់​ថា​ជា​សារធាតុ​គីមី ដែល​​មាន​ប្រភព​ចេញ​ពី​អ្វីៗ​ដែល​មាន​ជីវិត។ នៅលើ​ផែនដី ផូស្វ៊ីន​មាន​ប្រភព​ចម្បង​ចេញ​ពី​សកម្មភាព​របស់​មនុស្ស និង​ចេញ​ពី​ប្រភេទ​មីក្រុប​មួយចំនួន ហើយ​ជាទូទៅ ផូស្វ៊ីន​នេះ គឺ​ជា​ប្រភេទ​សារធាតុ​គីមី​គោលដៅមួយ ដែល​អ្នក​វិទ្យាសាស្រ្ត​ស្វែងរក នៅពេល​ដែលគេសិក្សា​រក​វត្តមាន​ជីវិត​ក្រៅភពផែនដី។

ជាការពិតណាស់​ថា ការរកឃើញ​ផូស្វ៊ីន​ មិនមែន​មាន​ន័យ​ថា​ជា​ភស្តុតាង​នៃ​ជីវិត​នៅលើ​ភពសុក្រ​នោះទេ ហើយ​វានៅតែ​អាច​ជា​ប្រូបាប៊ីលីតេ​មួយ​ ដែល​ថា ផូស្វ៊ីន​ដែល​គេ​រកឃើញ​ភពសុក្រ​នេះ វា​មិនមែន​កើតចេញ​ពី​ជីវិត ហើយ​អាច​​កើតចេញ​ពី​យន្តការ​គីមី​ទៅតាម​លក្ខណៈធម្មជាតិ ដែល​គេ​មិនធ្លាប់ឃើញ​នៅលើ​ភពផែនដី ហើយ​ដែលគេ​នៅមិនទាន់​អាច​យល់បាននៅឡើយ។

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ការរកឃើញផូស្វីននៅពេលនេះ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ងាក​មក​ចាប់អារម្មណ៍​លើ​ភព​សុក្រ​កាន់តែ​ខ្លាំង​ជាងមុន។ ភពសុក្រ​​មិនត្រឹមតែ​ស្ថិត​នៅក្បែរផែនដី​នោះទេ ក៏ប៉ុន្តែ តាមរយៈទិន្នន័យ​ដែល​គេ​ប្រមូលបាន​កាល​ពី​ពេល​កន្លងមក អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ​នាំគ្នា​សង្ស័យ​ថា មុននឹង​ត្រូវ​ប្រែក្លាយ​ជា​ទី​គ្មាន​អំណោយផល​ដូច​ជា​សព្វថ្ងៃនេះ កាល​ពី​ដើម​ដំបូងឡើយ ភពសុក្រ​ប្រហែល​ជា​មាន​ទឹក និង​បរិយាកាស​ស្រដៀងគ្នា​​ច្រើន​នឹង​ភពផែនដី​របស់​យើង។

ដូច្នេះ បើ​សិន​ជា​ភពសុក្រ​ធ្លាប់​ជា​ភព​មាន​អំណោយ​ផល​ដល់​ជីវិត ​ធ្លាប់​មាន​ជីវិត​នៅលើ​នោះ មុននឹង​លក្ខខណ្ឌ​អាកាសធាតុ​ត្រូវ​ប្រែប្រួល​បន្តិចម្តងៗ​រហូត​ដល់​ស្ថានភាព​បច្ចុប្បន្ន វា​គឺ​ជា​រឿង​ដែល​អាច​ទៅ​រួច ដែល​ថា ជីវិត​​នៅលើ​ភពសុក្រ​​នោះ គឺ​អាច​មាន​ខ្លះ ដែល​អាច​សម្របខ្លួន​ទៅតាម​ការប្រែប្រួល​អាកាសធាតុ​ ហើយ​អាច​បន្ត​មាន​វត្តមាន​នៅទីនោះ។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI