កម្ពុជារំពឹងថាខេត្តសានតុងរបស់ចិន នឹងអាចវិនិយោគផ្នែកកសិកម្ម និងឧស្សាហកម្មកែច្នៃរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ប្រទេសកម្ពុជានឹងខិតខំពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយខេត្តចិនបន្ថែមទៀត ខណៈការនាំចេញ នាំចូលរវាងប្រទេសកម្ពុជានិងខេត្តសានតុង ដែលជាខេត្តដ៏មានសក្តានុពលសេដ្ឋកិច្ចរបស់ចិនមួយដែរ នៅមានទំហំតិចតួចនៅឡើយ។ តាមរយៈកិច្ចប្រជុំកាលពីថ្ងៃអង្គារម្សិលមិញ តាមប្រព័ន្ធអនឡាញ ស្តីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN រវាងខេត្តសានតុងប្រទេសចិន ជាមួយបណ្តាប្រទេសអាស៊ាន តំណាងក្រសួងពាណិជ្ជកម្មកម្ពុជាសង្ឃឹមថាកម្ពុជា នឹងអាចទាញយកអត្ថប្រយោជន៍ពីខេត្តសានតុងរបស់ចិនបានបន្ថែមទៀត។
តាមរយៈកិច្ចប្រជុំរវាងខេត្តសានតុងរបស់ចិន ជាមួយបណ្តាប្រទេសអាស៊ាននៅឆ្នាំនេះ ប្រទេសកម្ពុជាបានសម្លឹងឃើញថាកម្ពុជានឹងអាចទាញយកប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀតបានពីចិន ដោយសារសក្តានុពលនៃខេត្តសានតុង បានផ្តោតទៅលើវិស័យគ្រឿងចក្រ ដែលសម្ភារៈទាំងនេះ អាចនឹងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មរបស់កម្ពុជាបាន។
លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN នេះផ្ទាល់បានថ្លែងថា កម្ពុជាពិតជាត្រូវការអ្នកវិនិយោគពីខេត្តសានតុងរបស់ចិន ក្នុងការវិនិយោគលើវិស័យកសិកម្ម ដូចជាការកែច្នៃផលិតផលកសិកម្មសម្រេចដើម្បីនាំចេញ និងការវេចខ្ចប់ជាដើម។
សូមបញ្ជាក់ថាការវិនិយោគរបស់ចិន មកលើប្រទេសកម្ពុជា បានឈរនៅលំដាប់ខ្ពស់បំផុតលើគេ ដោយមានការកើនឡើងរហូតដល់ ៨,៥៦ពាន់លានដុល្លារ ក្នុងនោះការនាំចូលពីចិនមកកម្ពុជាមាន ៧,៥៦ពាន់លានដុល្លារ ហើយការនាំចេញពីកម្ពុជាទៅចិនមានចំនួន១ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១៩។ ដោយឡែក ការនាំចេញ នាំចូល រវាងកម្ពុជា និងខេត្តសានតុងរបស់ចិនវិញគឺមានតិចតួចនៅឡើយ ដោយពីសានតុងមកកម្ពុជាមាន ៤១៤លានដុល្លារ និងការនាំចេញពីកម្ពុជាទៅសានតុងមានត្រឹម៣៤លានដុល្លារប៉ុណ្ណោះ។ ក្រៅពីសានតុង កម្ពុជាក៏បានពង្រីកទំនាក់ទំនងទ្វេភាគីជាមួយខេត្តសក្តានុពលរបស់ចិនមួយចំនួនទៀតផងដែរ។
សូមរំលឹកដែរថា នៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា និងចិន បានប្តេជ្ញាថា នឹងជម្រុញ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឲ្យដល់ ១០ពាន់លានដុល្លារ ដែលការកំណត់ទិសដៅនេះ នឹងត្រូវសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៣ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ នឹងត្រូវរំពឹងថា អាចចុះហត្ថលេខានៅពេលឆាប់ៗខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ