អានតួអត្ថបទ
កម្ពុជា-ច្បាប់

សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រឹមឆ្នាំនេះ

ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០១៩
ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០១៩ © Internet/ក្រសួងព័ត៌មាន
ដោយ៖ ជួប នរក្សា
១៣ នាទី

សង្គម​ស៊ីវិល​និង​ស្ថាប័ន​ព័ត៌មាន​ចំនួន​៤ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ពន្លឿន​នូវ​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ ដែល​បាន​រៀបចំ​តាក់តែង​តាំង​ពី​ឆ្នាំ​២០១៥​។ ការ​អំពាវនាវ​ឲ្យ​មាន​ការ​អនុម័ត​ឆាប់ៗ​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ក្នុង​ការ​ធានា​បាន​តម្លាភាព​និង​ប្រសិទ្ធិភាព​។

ផ្សាយពាណិជ្ជកម្ម

អង្គការសង្គមស៊ីវិលនិងស្ថាប័នព័ត៌មានមានដូចជា អង្គការតម្លាភាពកម្ពុជា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) បានចេញមកស្នើឲ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបាននៅក្នុងឆ្នាំនេះ។ ការស្នើសុំនេះគឺបន្ទាប់ពីពួកគេមើលឃើញថា សេចក្តីព្រាងច្បាប់មួយនេះហាក់មានសភាពយឺតយ៉ាវ ពោលគឺមិនទាន់មានការឆ្លងសេចក្តីសម្រេចទៅដល់គណៈរដ្ឋមន្រ្តីឬស្ថាប័នច្បាប់ជាន់ខ្ពស់ដូចជាសភានៅឡើយ។

បើតាមលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានលើកឡើងថា ការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជារឿងមួយដ៏សំខាន់ ដោយម្យ៉ាងទៀតច្បាប់នេះនឹងមានសមត្ថភាពជួយជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋជុំវិញបញ្ហាសង្គម។

ដោយឡែក ទន្ទឹមនឹងការពន្លឿនច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យមានការអនុម័តបានឆាប់រហ័ស សង្គមស៊ីវិលព្រមទាំងស្ថាប័នព័ត៌មានក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះចំណុចខ្វះខាតនៅក្នុងសេចក្តីព្រាងច្បាប់នាពេលបច្ចុប្បន្ន ដោយជាពិសេសគឺត្រង់ចំណុចជំពូកទី៣ ដែលចែងអំពីនីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន និងជំពូកទី៤ចែងអំពីព័ត៌មានសម្ងាត់។ បើតាមលោក ណុប វី ដដែល នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មានគួរណាបន្ថយពេលវេលាពី១៥ថ្ងៃមកត្រឹម៥ថ្ងៃក្នុងការឆ្លើយតប។ រីឯព័ត៌មានសម្ងាត់ គួរណាកំណត់និយមន័យ និងរបៀបបែងចែកខ្លឹមសារព័ត៌មានសម្ងាត់ឲ្យបានច្បាស់លាស់ និងលម្អិត ដោយកុំឲ្យមានភាពទូលំទូលាយជ្រុល។

គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានអនុញ្ញាតឲ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលមាន៩ជំពូក និង៣៨មាត្រានេះមានគោលបំណងធានាឲ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ