ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

២៧ឆ្នាំមកនេះ តើការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាមានស្ថានភាពបែបណា?

សំឡេង ១២:១៨
សន្និសីទទិវារំលឹកខួបលើកទី២៧នៃការដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា
សន្និសីទទិវារំលឹកខួបលើកទី២៧នៃការដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា © FB/អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ

ថ្ងៃទី២៤​ ខែ​កញ្ញានេះ​ គឺ​គម្រប់​ខួប​២៧​ឆ្នាំ​នៃ​ការ​ប្រកាសឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ម្សិលមិញ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​បាន​រៀបចំ​សន្និសីទ​អបអរសាទរ​ទិវា​រំលឹក​ខួប​២៧​ឆ្នាំនេះ ​ដើម្បី​ធ្វើការ​បូក​សរុប​វាយ​តម្លៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈពេល​២៧​ ឆ្នាំ​ កន្លង​មក​នេះ​។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​អះអាង​ថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ​ក្របខ័ណ្ឌ​ច្បាប់​ និង​ក្របខ័ណ្ឌ​ស្ថាប័ន​ នៅ​លើ​ខឿន​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ និង​នីតិរដ្ឋ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សុខ​សន្តិភាព​ពេញលេញ​ ជា​រដ្ឋ​មាន​ស្ថិរភាព ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​។ ប៉ុន្តែ​ អ្នក​នយបាយ ​និង​អ្នក​វិភាគ​ខ្លះ​វិញ​មើល​ឃើញថា​ ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​នា​ពេល​កន្លង​មក​មិន​ទាន់​បាន​ទាំង​ស្រុងនៅ​ឡើយ​ទេ​ និង​ថា​ ការ​ធ្វើ​វិសោធនកម្ម​កន្លង​មក​ គឺ​តម្រូវ​ការ​តាម​ផល​ប្រយោជន៍​នយោបាយ។​