ខួប២៧ឆ្នាំរដ្ឋធម្មនុញ្ញ៖រដ្ឋាភិបាលអបអរសាទរ ខណៈអតីតបក្សប្រឆាំងចង់ឱ្យពលរដ្ឋក្រោកឈរទាមទារបញ្ឈប់ការបំពាន
ថ្ងៃ២៤ កញ្ញា ឆ្នាំ១៩៩៣-ថ្ងៃ២៤ កញ្ញា ឆ្នាំ២០២០នេះ គឺគម្រប់២៧ឆ្នាំគត់នៃការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញកម្ពុជា។ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនយោបាយ និងគណបក្សនយោបាយមួយចំនួនបាននាំគ្នាចេញសារអបអរសាទរខួប២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញនេះតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងពីគុណតម្លៃនៃរដ្ឋធម្មនុញ្ញ ប៉ុន្តែអតីតបក្សប្រឆាំងនៅក្រៅប្រទេសវិញចង់ឱ្យពលរដ្ឋក្រោកឈរដោយសន្តិវិធីទាមទារឱ្យបញ្ឈប់ការរំលោភបំពានច្បាប់កំពូលរបស់កម្ពុជាមួយនេះ។
ចុះផ្សាយនៅថ្ងៃ៖
គឺនៅលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងដូច្នេះថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃប្រទេសកម្ពុជា ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ បើតាមលោកនាយករដ្ឋមន្រ្តី គឺចំណុចសំខាន់ៗបំផុតមួយចំនួនបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ និងបានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋជាដើម ។
ផ្ទុយពីស្រឡះពីលោកហ៊ុន សែន ក្រុមមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិនៅក្រៅប្រទេសឯណោះវិញបានចេញមកចោទប្រកាន់ចំៗតែម្តងថា រយៈពេល២៧ឆ្នាំមកនេះ គោលការណ៍គ្រឹះចម្បងៗរបស់រដ្ឋធម្មនុញ្ញកម្ពុជាដូចជា អធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិសេរីភាពពលរដ្ឋ សិទ្ធិមនុស្ស និងឯករាជ្យភាពរបស់តុលាការ ត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អតីតបក្សប្រឆាំងក៏បានអះអាងថា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនេះ បានធ្វើឱ្យមានភាពអយុត្តិធម៌សង្គមកើតមានស្ទើរគ្រប់ទីកន្លែង និងធ្វើឱ្យប្រទេសកម្ពុជាត្រូវអាប់អោនកិត្តិយស និងបាត់បង់កិត្យានុភាពលើឆាកអន្តរជាតិ។
ហេតុដូច្នេះហើយ ក្រុមមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យរួបរួមសាមគ្គីគ្នាក្រោកឈរដោយសន្តិវិធី ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរំលោភបំពានរដ្ឋធម្មនុញ្ញ ហើយងាកមកគោរពឱ្យបានត្រឹមត្រូវ ដើម្បីលើកតម្កើងនីតិរដ្ឋ និងកិត្យានុភាពនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិឡើងវិញ។
ក៏ប៉ុន្តែខុសពីការលើកឡើង និង ការចង់បានរបស់ក្រុមមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិនៅក្រៅប្រទេសនេះ លោកកឹម សុខាដែលជាប្រធានអតីតបក្សប្រឆាំងនៅក្នុងប្រទេសឯណោះវិញបានលើកឡើងអ៊ីចេះវិញថា ការរំឭកខួបនៃការប្រកាសរដ្ឋធម្មនុញ្ញកម្ពុជា គឺជាការរំឭកនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ដូចនេះហើយ សម្រាប់លោកកឹម សុខា គឺស្មារតីនៃកច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានសារៈសំខាន់ និងមានផលប្រយោជន៍ខ្លាំងណាស់ សម្រាប់ធានាការពារនូវ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាពកម្ពុជាផង និងការពារនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផង។ ជាពិសេស គឺការអនុវត្តន៍នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការធានាស្ដារ កសាង និងអភិវឌ្ឍន៍ឡើងវិញដែលកម្ពុជាបាន និងបន្តទទួលជំនួយ និងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិដល់ពេលបច្ចុប្បន្ននេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ