អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការអនុវត្តសិទ្ធិហួសព្រំដែន ត្រូវតែប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់

សកម្មជនដែលត្រូវបានចាប់ខ្លួននាពេលកន្លងមក
សកម្មជនដែលត្រូវបានចាប់ខ្លួននាពេលកន្លងមក © FB
ដោយ៖ វ៉ា សំណព្វ
២១ នាទី

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ កើត រិទ្ធ កាល​ពី​ថ្ងៃ​ទី​ ២២​ កញ្ញា​ បាន​ថ្លែង​ការពារ​ចំណាត់ការ​ច្បាប់​លើ​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នា​រយៈពេល​ចុងក្រោយ​នេះ​ថា​ គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ ហើយ​ថា​ សម្រាប់​កម្ពុជា​ ការ​មួល​បង្កាច់​ និង​ការ​បំភ័ន្ត​ការ​ពិត​លើ​បញ្ហា​ព្រំដែន​ក្នុង​ចេតនា​ញុះញង់​ឱ្យ​មាន​ចលាចល​សង្គម​ គឺ​ជា​អំពើ​ខុស​ច្បាប់​ ហើយ​ពុំមែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទ្បើយ​។

ផ្សាយពាណិជ្ជកម្ម

ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាដូច្នេះ គឺជាការឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Chiho Kang នៅក្នុងជំនួបមួយកាលពីថ្ងៃទី ២២ កញ្ញា។ នៅក្នុងជំនួបដែលធ្វើឡើងនៅឯទីស្តីការក្រសួងយុត្តិធម៌នោះ លោក Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនដោយអាជ្ញាធរកម្ពុជានូវយុវជននិងសកម្មជនបរិស្ថាននារយៈពេលចុងក្រោយនេះ។

ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា កើត រិទ្ធ បានពន្យល់៣ចំណុចត្រលប់ទៅវិញថា ទី១.ការចាប់ខ្លួនបុគ្គលណាមួយ ដោយអាជ្ញាធរមានសមត្ថកិច្ច គឺធ្វើទ្បើងដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហើយថា សិទ្ធិសេរីភាពបុគ្គលត្រូវយកមកអនុវត្តក្នុងក្របខណ្ឌច្បាប់ ហើយការអនុវត្តសិទ្ធិហួសព្រំដែន ធ្វើអោយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬបំពានលើច្បាប់ ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនេះ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលនោះទេ។  ទី២. សម្រាប់កម្ពុជា ការមួលបង្កាច់ និងការបំភ័ន្តការពិតលើបញ្ហាព្រំដែន ក្នុងចេតនាញុះញង់ឱ្យមានចលាចលសង្គម គឺជាអំពើខុសច្បាប់ បំផ្លាញសន្តិភាព និងស្ថេរភាពប្រទេស ហើយពុំមែនជាការអនុវត្តនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទ្បើយ។ និងចំណុចទី៣. លោករដ្ឋមន្ត្រីបានពន្យល់ថា កម្ពុជាជាប្រទេសដែលប្រកាន់យកនូវរបបនីតិរដ្ឋ ហេតុនេះ កម្ពុជាត្រូវអនុវត្តច្បាប់របស់ខ្លួនចំពោះការប្រព្រឹត្តខុសច្បាប់ ដើម្បីធានាការពារសនិ្តសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ។ ការប្រមូលផ្តុំគ្នាតាមដងផ្លូវ ដើម្បីតវ៉ាទាមទារឱ្យមានការដោះលែងបុគ្គលណាមួយ គឺជាការដាក់សម្ពាធលើតុលាការ និងស្ថាប័នអនុវត្តច្បាប់ ដែលនេះពុំមែនជាវិធីស្របច្បាប់នោះទ្បើយ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ទៅកាន់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយត្រូវបានលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកយកមកពន្យល់បន្ថែមនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី ២៣ កញ្ញា។ ជាការបកស្រាយបន្ថែម បន្ទាប់ពីលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសរសេរនៅលើទំព័រTwitterរបស់លោក។

គួរជំរាបជូនថា ក្រៅពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានលើកឡើងពីក្តីព្រួយបារម្ភនេះ កាលពីថ្ងៃទី ១៥ កញ្ញា សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និងឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Robort A. Destro  អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានលើកឡើងពីការព្រួយបារម្ភដូចគ្នានេះដែរ។ សម្រាប់សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) បានចាត់ទុកថា ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងបរិស្ថានមួយរយៈពេលចុងក្រោយនេះ គឺរដ្ឋាភិបាលកម្ពុជាបានធ្វើតាមតែអំពើចិត្ត ដោយបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកលោក Robort A. Destro ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបានលើកឡើងថា «សិទ្ធិជួបប្រជុំ និងការសំដែងមតិនៅក្នុងប្រទេសកម្ពុជាត្រូវបានដាក់កំហិត។ សហរដ្ឋអាមេរិកជំរុញទៅរដ្ឋាភិបាលកម្ពុជាអោយដោះលែងពួកគេជាបន្ទាន់ និងអនុញ្ញាតឲ្យមានការបញ្ចេញសំឡេងពីគ្រប់និន្នាការ»ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ