Lancet៖ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី៤ចំណោមបណ្តាប្រទេសក្នុងតំបន់ក្នុងការទប់ស្កាត់បាននូវការចម្លងជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
គណៈកម្មការLancet កូវីដ១៩ដែលជាស្ថាប័នចេញផ្សាយនូវរបាយការណ៍វេជ្ជសាស្រ្តប្រចាំសបា្តហ៍ បានចេញនូវរបាយការណ៍វេជ្ជសាស្រ្តមួយអំពីស្ថានភាពជំងឺកូវីដ១៩នាលើសកលលោក។ តាមរយៈរបាយការណ៍វេជ្ជសាស្រ្តនេះ កម្ពុជាឈរជាប្រទេសលំដាប់ទី៤ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានលទ្ធផលវិជ្ជមានក្នុងការទប់ស្កាត់ករណីចម្លងជំងឺកូវីដ១៩។
របាយការណ៍វេជ្ជសាស្រ្តកម្រាស់២៣ទំព័រដែលរៀបរាប់អំពីស្ថានភាពចម្លងជំងឺកូវីដ១៩ជាសកល បានបង្ហាញថាកម្ពុជាឈរលំដាប់ទី៣បន្ទាប់ពីថៃ និងឡាវក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់ទី៤ក្នុងចំណោមប្រទេសចំនួន១៩ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករួមមាន ថៃ ឡាវ វៀតណាម ចិន តៃវ៉ាន់ ភូមា ម៉ាឡេស៊ី ជាដើមនោះ ជាប្រទេសដែលមានអត្រាចម្លងជំងឺកូវីដ១៩ ទាបបំផុតនៅក្នុងខែសីហា ដោយតាមរបាយការណ៍ អត្រាចម្លងនិងស្លាប់គឺមានទាបជាង១០នាក់ក្នុងចំណោម១លាននាក់ជាប្រចាំថ្ងៃ។
សម្រាប់កម្ពុជា មកទល់ថ្ងៃទី២៤កញ្ញានេះ ករណីអ្នកមានផ្ទុកជំងឺកូវីដ១៩មានចំនួន២៧៥នាក់និងមានអ្នកជាស្បះស្បើយចំនួន២៧៤នាក់ស្មើនឹង៩៩,៦៤%។ ជាមួយនឹងការអនុវត្តនូវវិធានការសុវត្ថិភាពដែលណែនាំដោយអង្គការសុខភាពពិភពលោក និងចំណាត់ការមួយចំនួនក្នុងស្រុកមួយរយៈមកនេះ កម្ពុជាមានអត្រាចម្លងជំងឺកូវីដ១៩មានលក្ខណៈទាបបើប្រៀបទៅនឹងប៉ុន្មានខែដំបូងនៃឆ្នាំ២០២០។ តួយ៉ាងក្នុងខែសីហា កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ១៩តែម្នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍វេជ្ជសាស្រ្តរបស់Lancet។
ទោះយ៉ាងណា របាយការណ៍វាយតម្លៃពីចំណាត់ថ្នាក់់នៃការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ នៅមិនទាន់មានប្រតិកម្មយ៉ាងណាពីក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានៅឡើយ។
ជាមួយគ្នានេះរបាយការណ៍វេជ្ជសាស្រ្តនេះក៏បានបង្ហាញថា ប្រទេសនៅតំបន់អឺរ៉ុបខាងលិចនិងអាមេរិក ជាប្រទេសមានអត្រាឆ្លងនិងស្លាប់រហូតដល់៧០០នាក់ក្នុងចំណោម១លាននាក់ក្នុងមួយថ្ងៃ ហើយប្រទេសដែលមានអត្រាចម្លងនិងស្លាប់ខ្ពស់មានដូចជា សហរដ្ឋអាមេរិក អាហ្សង់ទីន និងប្រេស៊ីល។
លោក Gideon Lasco វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រនិងជាអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Ateneo de Manilaនៃប្រទេសហ្វីលីពីន បានលើកឡើងថា ហេតុផលមួយសម្រាប់ការបរាជ័យ ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ គឺដោយសារបែបផែននៃភាពជាអ្នកដឹកនាំនយោបាយឬគេហៅថា ប្រជាជននិយមវេជ្ជសាស្រ្ត។ ហើយយ៉ាងណាក្តីលោក Lasco ថាការអះអាងនេះគឺយោងលើស្ថានភាពវិវត្តន៍ជាក់ស្តែងនៃជំងឺកូវីដ១៩ដែលកំពុងកើតកើតមានក្នុងប្រទេសហ្វីលីពីន ប្រេស៊ីល និងសហរដ្ឋអាមេរិក។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ