អានតួអត្ថបទ
កម្ពុជា-ម៉ាឡេស៊ី

ទូតកម្ពុជាប្រាប់ពលរដ្ឋខ្មែរថា បើចង់ចេញចូលម៉ាឡេស៊ី គឺត្រូវថ្លៃធ្វើចត្តាឡីស័ក្តិជាង១ពាន់ដុល្លារអាមេរិកក្នុងម្នាក់

ពលរដ្ឋខ្មែរ នៅឯព្រលានយន្តហោះម៉ាឡេស៊ីនាពេលកន្លងមក
ពលរដ្ឋខ្មែរ នៅឯព្រលានយន្តហោះម៉ាឡេស៊ីនាពេលកន្លងមក © FB
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ​បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ថា​ ការ​ចេញ​ចូល​ប្រទេស​ម៉ាឡេស៊ី​ គឺ​ត្រូវ​បង់​ទឹក​ប្រាក់​ចំនួន​ ៤,៧០០​រីងហ្គីត​ ឬ​ប្រមាណ​១,១៥០​ដុល្លារ​អាមេរិក​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក្តិ​។ តាម​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ស្ថានទូត​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ ការ​អនុវត្ត​ការ​យក​តម្លៃ​ធ្វើ​ចត្តាឡីស័ក្តិ​នេះ​ នឹង​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​តទៅ​។

ផ្សាយពាណិជ្ជកម្ម

ស្ថានទូតកម្ពុជា​ប្រចាំនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍បានអះអាងប្រាប់សិស្ស និស្សិត ពលករ និង ប្រជាពល​រដ្ឋខ្មែរដែលមានលំនៅអចិន្ត្រៃយ៍ ឬ បណ្តោះអាសន្ននៅក្នុងប្រទេសម៉ាឡេស៊ីថា ចាប់ពីពេលនេះទៅ រដ្ឋាភិបាលម៉ាឡេស៊ីនឹងយកតម្លៃធ្វើចត្តាឡីស័ក្តិចំនួន១,១៥០ដុល្លារអាមេរិកសម្រាប់អ្នកធ្វើដំណើរម្នាក់។

បើតាមស្ថានទូតកម្ពុជា តម្លៃធ្វើចត្តាឡីស័ក្តិនៅក្នុងប្រទេសម៉ាឡេស៊ីបែងចែកជាបី គឺថ្លៃប្រតិបត្តិការធ្វើចត្តាឡ័ស័ក្តិថ្លៃ២,៦០០រីងហ្គីតឫប្រមាណ៦២៣ដុល្លារ ថ្លៃស្នាក់នៅធ្វើចត្តាឡីស័ក្តិ គឺ១៥០រីងហ្គីតឬប្រមាណ៣០ដុល្លារក្នុងមួយយប់ និង ថ្លៃស្នាក់នៅសម្រាប់ស្វាមី-ភរិយា ឬកូនមានអាយុតិចជាង១២ឆ្នាំដែលនៅបន្ទ​ប់ជាមួយគ្នា គឺ៥០រីងហ្គីតឬប្រមាណ១២ដុល្លារក្នុងមួយយប់។ ស្ថានទូតកម្ពុជាក៏បានបញ្ជាក់ឱ្យដឹងដែរថា ការបង់ថ្លៃទាំងនេះមិនត្រូវបានអនុវត្តចំពោះអ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះដូចជាអ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរនិងអ្នកកាទូត។

ដោយឡែក នៅប្រទេសកម្ពុជាវិញ ចំពោះការធ្វើចត្តាឡីស័ក្តិសម្រាប់ជនបរទេស គឺយកតម្លៃទៅតាមផ្នែកនីមួយៗរួមមានដូចជា ថ្លៃដឹកជញ្ជូន គឺ៥ដុល្លារក្នុងម្នាក់សម្រាប់១ថ្ងៃ តម្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬមណ្ឌលចត្តាឡីស័ក្តិ គឺ៣០ដុល្លារក្នុងម្នាក់សម្រាប់១ថ្ងៃ។ ចំណែក តម្លៃយកសំណាក និងដឹកជញ្ជូនសំណាកទៅមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្ត និង ការចេញលទ្ធផល គឺ១០០ដុល្លារក្នុងម្នាក់សម្រាប់មួយដង ថ្លៃអាហារបីពេល៣០ដុល្លារក្នុងម្នាក់សម្រាប់១ថ្ងៃ សេវាគ្រូពេទ្យប្រចាំការសម្រាប់រយៈពេលចត្តាឡីស័ក្តិក្នុងមួយមណ្ឌលគិតជាកញ្ចប់ គឺ៦ដុល្លារក្នុងម្នាក់សម្រាប់១ថ្ងៃ និង សេវាសន្តិសុខគិតជាកញ្ចប់ គឺ៣ដុល្លារក្នុងម្នាក់សម្រាប់១ថ្ងៃ។

គួរកត់សម្គាល់ថា ជំងឺកូវីដ១៩ នៅតែបន្តរីករាលយ៉ាងខ្លាំងនៅក្នុងតំបន់ និង លើពិភពលោក។ ប៉ុន្តែ នៅប្រទេសកម្ពុជាវិញ ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នាគិតមកដល់ថ្ងៃសុក្រនេះ គឺកម្ពុជារកមិនឃើញករណីឆ្លងថ្មីនោះទេ។ ​ សរុបទៅ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៧៥នាក់ តែបានព្យាបាលជាសះស្បើយចំនួន២៧៤នាក់ និង នៅសល់ម្នាក់ដែលកំពុងសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យ។ ទោះជាបែបនេះក្តី រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវជាប់ជានិច្ចដល់ប្រជាពលរដ្ឋកម្ពុជាបន្តប្រយ័ត្ន ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ និង មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ដោយសារតែប្រទេសជិតខាងជិតកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ យ៉ាងខ្លាំងក្លានៅឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ