អានតួអត្ថបទ
កម្ពុជា-សង្គម

ក្នុងគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ៖ រដ្ឋបាលខេត្តសៀមរាប ទុកពេល ១០ថ្ងៃ ឲ្យពលរដ្ឋរុះរើសំណង់ប៉ះពាល់ចំណីស្ទឹងសៀមរាប

ស្ថានភាពនៃការរៀបចំស្ថាបនាផ្លូវក្នុងខេត្តសៀមរាប
ស្ថានភាពនៃការរៀបចំស្ថាបនាផ្លូវក្នុងខេត្តសៀមរាប © FB
១៥ នាទី

រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញសេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋទាំងអស់ ឲ្យ​រុះរើ​សំណង់​រំលោភ​លើ​ដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និង​ដីចំណីស្ទឹង​សៀមរាប ក្នុងរយៈពេល ១០​ថ្ងៃ ពីថ្ងៃទី ២៣ខែកញ្ញា ដល់​ថ្ងៃទី ២ខែតុលាជាកំហិត។ ហើយ​ដំណើរការរុះរើនេះ ក៏នឹង​មាន​មន្ត្រី​ជំនាញ ​ចុះសហការវាស់វែង​ដល់​ពលរដ្ឋផងដែរ។​ បទបញ្ជានេះ គឺបន្ទាប់​ពី​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ទទួលការអនុញ្ញាតពីលោក​នាយករដ្ឋមន្ត្រី ដើម្បី​អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប​ ១០០គីឡូម៉ែត្រ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី ២៣ខែកញ្ញា រដ្ឋបាល​ខេត្ត​សៀមរាប​ បញ្ជាក់ថា កា​រស្នើឲ្យ​មាន​ការចូលរួម​ជួយ​រុះ​រើពីពលរដ្ឋនេះ គឺដើម្បី​ឲ្យ​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប អាចដំណើរការដោយរលូន។ ប៉ុន្តែក្នុង​ករណី ពលរដ្ឋ​ពុំបាន​រុះរើតាម​ការ​កំណត់ទេ នោះរដ្ឋបាល​ខេត្ត​ នឹង​ចាត់​វិធានការ​រុះរើ​តាមនីតិវិធី និងច្បាប់​ជាធរមាន ដោយ​មិនទទួល​ខុសត្រូវ​រាល់ការខូចខាត និងបាត់បង់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋនោះឡើយ។​

ចំណាត់ការ​ភ្លាមៗរបស់​រដ្ឋបាល​ខេត្តសៀមរាបនេះ គឺបន្ទាប់​ពី​គណៈកម្មការ​អន្តរក្រសួង ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន បាន​បើក​កិច្ចប្រជុំ​ជាលើកដំបូង កាលពីថ្ងៃទី ២៣ខែកញ្ញា ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ក្នុង​កញ្ចប់​ថវិកា ១៥០លានដុល្លារ។

ក្នុង​កិច្ច​ប្រជុំ​អន្តរក្រសួង​ ការ​ជ្រើសរើសខ្សែផ្លូវចំនួន ៣៨ខ្សែ ឲ្យ​មានការកែសម្រួលមួយចំនួននេះ មានក្នុងគោលដៅ លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរ នៅក្នុងក្រុងសៀមរាប ព្រមទាំង​ធ្វើឲ្យ​ក្រុងសៀមរាប ក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។

តាម​កិច្ច​ប្រជុំអន្តរក្រសួង​ ខ្សែផ្លូវ ដែលត្រូវស្ថាបនា និងកែលម្អឡើងវិញទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាព ជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ហើយក៏​ត្រូវ​ស្របតាមរូបសាស្រ្តទីក្រុងដែរ។ ផ្លូវទាំងអស់ ក៏​ត្រូវគិតគូជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹក កខ្វក់ និងការធ្វើសួន ដាំដើមឈើជាដើម​។

សូមបញ្ជាក់ថា បើសិនជាគ្មានការប្រែប្រួលនោះទេ​ ផ្លូវទាំង៣៨ខ្សែនេះ នឹង​ត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការដោយលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ១៦ខែវិច្ឆិកាខាងមុខ ខណៈលោក​ ទៀ បាញ់ ដែល​ជាប្រធាន​គណៈកម្មការ​អន្តរក្រសួង បានអះអាងថា ការ​ស្ថាប​នាផ្លូវទាំង ៣៨ខ្សែនេះ គ្រោងនឹងបញ្ចប់​ឲ្យ​រួចរាល់ ត្រឹម​ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ