អានតួអត្ថបទ
កម្ពុជា-ច្បាប់

សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានបន្តពិភាក្សាដើម្បីប្រមូលធាតុចូលបន្ថែម

លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម
លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម © FB/នាយកដ្ឋានព័ត៌មានវិទ្យា
ដោយ៖ វ៉ា សំណព្វ
២០ នាទី

ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៥​ ខែ​កញ្ញា​នេះ​ បាន​បន្ត​កិច្ច​ប្រជុំ​ពិភាក្សា​និង​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ «បទល្មើសបច្ចេកវិទ្យាព័ត៌មាន» ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អគ្គ​នាយកដ្ឋាន​ នាយកដ្ឋាន​នានា ​ក្រោម​ចំណុះ​ក្រសួង​មហាផ្ទៃ​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ សម្រាប់​ភាគី​សង្គម​ស៊ីវិល​ នៅ​មិន​ទាន់​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ​ ខណៈ​ពួកគេ​បាន​ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្កើត​ច្បាប់​នេះ​ថា​ នឹង​ធ្វើ​អោយ​មាន​ការ​រឺតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

ផ្សាយពាណិជ្ជកម្ម

«ដោយសារតែមានការព្រួយបារម្ភពីបទល្មើសបច្ចេកវិទ្យាកើនឡើង ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ និងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រសួងមហាផ្ទៃ បានរៀបចំនូវសេចក្តីព្រាងច្បាប់នេះឡើង»។ នេះបើតាមការអះអាងរបស់លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយបានបន្តថា «កិច្ចប្រជុំពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននាពេលនេះ គឺដើម្បីប្រមូលធាតុចូលបន្ថែមទៀត ដើម្បីអោយសេចក្តីព្រាងច្បាប់នេះ កាន់តែមានភាពសុក្រិត្យ»។ លោកបន្តថា ដោយសារតែវិស័យបច្ចេកវិទ្យាមានការរីករចំរើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើង ដូច្នេះហើយទើបក្រសួងមហាផ្ទៃ បានរៀបចំនៅសេចក្តីព្រាងច្បាប់នេះឡើង។

ប៉ុន្តែយ៉ាងណាក្តី សម្រាប់ភាគីសង្គមស៊ីវិលវិញ បានដាក់ការព្រួយបារម្ភចំពោះការបង្កើតច្បាប់នេះថា នឹងធ្វើអោយមានការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាបន្ថែមទៀត។ លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ចាប់ពីខែមេសាឆ្នាំ២០១៩ដល់ខែមីនាឆ្នាំ២០២០ យ៉ាងហោចណាស់មានការចោទប្រកាន់ចំនួន៣៧ករណីពីបទផ្សាយព័ត៌មានមិនពិត ឬ Fake News តាមរយៈការបញ្ចេញមតិតាមទំព័រហ្វេសប៊ុក។ ចំណែកលោក អំ សំអាត អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថា ការចោទប្រកាន់ទៅលើប្រជាពលរដ្ឋតាមរយៈច្បាប់ថ្មីនេះ នឹងកើនឡើង ស្របពេលដែលប្រជាពលរដ្ឋខ្មែរកំពុងមាននិន្នការប្រើប្រាស់បណ្តាញសង្គមនិងអ៊ីនធឺណែតជាមធ្យោបាយនៃការបញ្ចេញមតិរបស់ខ្លួនកាន់តែច្រើនឡើង។ លោកបានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា បើកទូលាយក្នុងការពិភាក្សាទៅលើសេចក្តីព្រៀងច្បាប់នេះ ដើម្បីស្វែងរកធាតុចូលបន្ថែម មុននឹងសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត។

គួរជំរាបជូនថា សេចក្តីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ឬ Cyber Crime Law ដែលរួមមាន៨ជំពូកនិង៥០មាត្រា ត្រូវបានក្រសួងមហាផ្ទៃតាក់តែងឡើងនៅក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ចំនួន៦៧លើករួចមកហើយ។ ដោយកិច្ចប្រជុំទាំងនោះរួមមានទាំងកិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយឧបត្ថមបច្ចេកទេសពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។

លោក ប៊ុន ហ៊ុន សង្ឃឹមថា តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ តំណាងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ នឹងជួយផ្តល់យោបល់ ព្រមទាំងផ្តល់ធាតុចូលបន្ថែមទៀត ដើម្បីរៀបចំឱ្យសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ បានកាន់តែមានភាពសុក្រិត្យឡើង។ សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានាសុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។ ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលប្រព្រឹត្តនៅក្នុង ឬក្រៅប្រទេសកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ