ជំនួយ

សំណុំ​រឿង EBA កម្រើក​ជា​ថ្មី​តាម​រយៈ​ពាក្យ​បណ្ដឹង​របស់ GMAC ទៅ​កាន់​តុលាការ​យុត្តិធម៌​អឺរ៉ុប

លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) @Internet

សំណុំ​រឿង EBA ដែល​សហភាព​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​ពី​កម្ពុជា​នោះ ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ការ​សម្រេច​នេះ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អឺរ៉ុប​កាល​ពី​ខែ​កក្កដា ហើយ​ពាក្យបណ្តឹង​បានទៅដល់ដៃតុលាការយុត្តិធម៌តំបន់អឺរ៉ុបហើយកាលពីចុង​ខែមុន។ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​សៅរ៍ ទី​២៦​កញ្ញា​នេះ​ថា ការ​ប្តឹង​ទៅ​កាន់តុលា​ការ​តំបន់​នៅ​អឺរ៉ុប​នេះ​គឺ​ជា​ជ្រើស​ចុងក្រោយ​បង្អស់​ហើយ ដោយ​សារ GMAC យល់​ថា សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប មាន​លក្ខណៈ​អយុត្តិធម៌។ 

ផ្សាយពាណិជ្ជកម្ម

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​សៅរ៍​ថា មេធាវី​របស់ GMAC បានដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌តំបន់​នៅអឺរ៉ុប​នោះតាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា ហើយ​តុលាការ​មួយ​នេះ​ទើប​ទទួល​យក​ពាក្យ​បណ្តឹង​ជាផ្លូវ​ការ​កាល​ពី​ចុង​ខែ​សីហា។ គឺ​ជា​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចុង​ក្រោយ​បំផុត​របស់​សហភាព​អឺរ៉ុប ដែល​បានដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ពី​កម្ពុជា ​២០% លើ​គ្រប់​មុខ​ទំនិញ​ទាំង​អស់ លើក​លែង​តែ​អាវុធ​ដែល​ហៅកាត់​ថា​ EBA។

សម្រាប់​អគ្គ​លេខាធិការ GMAC ការដែល​ខ្លួន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ប្តឹង ​EU​ ទៅ​កាន់​តុលា​ការតំបន់​នៅ​អឺរ៉ុប​នេះ​គឺជា​ជ្រើស​ចុង​ក្រោយ​បង្អស់​ហើយ ដោយ​សារ ​GMAC យល់​ថា សេចក្តី​សម្រេច​របស់ EU វា​អយុត្តិធម៌។ តែ​លោក ខេន លូ បដិសេធ​ធ្វើ​អត្ថាធិប្បាយ ចំពោះ​ភស្តុតាង​ដែល GMAC ​យក​ទៅ​ធ្វើ​ជា​សំអាង​ដើម្បី​ប្តឹង​សហភាព​អឺរ៉ុប​នោះ។

សូមជម្រាបថា ការ​ដែល​សហភាព​អឺរ៉ុប​កាត់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​២០% គ្រប់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ EBA ពី​កម្ពុជា​នោះ ដោយ​សារ​តែ​EU​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ តាម​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ជា​ដើម។

​សេចក្តី​សម្រេច​នេះ គឺ​បាន​ចូល​ជា​ធរមាន​តាំងពី​ថ្ងៃ​ទី​១២​ ខែ​សីហា​​ ហើយទំនិញ​របស់​កម្ពុជា​៤០​មុខ​ ភាគ​ច្រើន​ជា​សម្លៀកបំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​នាំ​ទៅ​អឺរ៉ុប​ក្នុង​តម្លៃ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀងរាល់​ឆ្នាំ​នឹង​ត្រូវ​បង់​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​អាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុបបាន​​។

ការ​ដក ​EBA​ ២០% ​នេះ​ ជា​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​ តែ​អឺរ៉ុប​ក៏​នៅ​តែ​បាន​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​មក​វិញ​ដែរ​ ប្រសិនបើកម្ពុជា​ធ្វើ​ការ​កែលម្អឡើងវិញ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិប​តេយ្យនេះ។ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជាអះអាងថា​ការ​ទាម​ទារ​របស់​បណ្តា​ប្រទេស​លោក​សេរី​ទាំងនេះ​គឺ​ជា​ការរំលោភ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទៅ​វិញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI