ក្រសួងសុខាភិបាលបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍
ចុះផ្សាយនៅថ្ងៃ៖
បុរសជនជាតិហុងគ្រីម្នាក់ដែលសង្ស័យថា មានវិជ្ជមានកូវីដ១៩ និងដែលបានរត់ចេញពីការធ្វើចត្តាឡីស័ក ត្រូវបានអាជ្ញាធរខេត្តសៀមរាបរកឃើញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ។ នៅចំពោះមុខករណីនេះក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃដដែលនេះ បានសម្ដែងពីក្ដីបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ទៅ ក្នុងសហគមន៍ ប្រសិនបើគាត់ធ្វើដំណើរច្រើន និងជួបមនុស្សច្រើន។
អាជ្ញាធរក្រុងសៀមរាបបានឲ្យដឹងថា ខ្លួនបានរកឃើញបុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំរូបនេះ ខណៈដែលគាត់កំពុងអនុវត្តវិធានការការពារខ្លួនបានត្រឹមត្រូវតាមរយៈការពាក់ម៉ាស់ និងមិនបានទំនាក់ទំនងជាមួយមនុស្សទូទៅឡើយ ក្រៅតែពីស្ត្រីម្នាក់ដែលបំរើការងារផ្ទះឲ្យគាត់។ នៅចំពោះមុខសមត្ថកិច្ច បុរសជនជាតិហុងគ្រីរូបនេះបានថ្លែងពន្យល់ទៀតថា គាត់ក៏ជាវិជ្ជបណ្ឌិតម្នាក់ដែរ ហើយគាត់មិនបានគេចខ្លួនឡើយ ដោយគ្រាន់តែចង់ឃុំខ្លួនឯងនៅដោយឡែកពីគេនៅផ្ទះជួលតែប៉ុណ្ណោះ។ នេះបើតាមស្នងការនគរបាលខេត្តសៀមរាបលោកទិត្យ ណារ៉ុង បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅព្រឹកថ្ងៃសៅរ៍នេះ។
បន្ទាប់ពីរកឃើញ បុរសជនជាតិហុងគ្រី រូបនេះ ត្រូវបាននាំមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំលទ្ធផលតេស្តន៍ស្វែងរកកូវីដ១៩លើកទី៣ ដែលនឹងចេញនៅល្ងាចថ្ងៃសៅរ៍នេះ ពីមន្ទីរពិសោធន៍ក្រុងភ្នំពេញ។
សូមជម្រាបជូនថា ជាជនជាតិហុងគ្រីរូបនេះមានអាយុ៧០ឆ្នាំ មានអាស័យដ្ឋាននៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ បុរសរូបនេះធ្វើដំណើរពីប្រទេសបារាំង មកដល់កម្ពុជានៅថ្ងៃទី១៣កញ្ញា រកឃើញអវិជ្ជមានកូវីដ១៩។ ប៉ុន្តែ១៣ថ្ងៃក្រោយពីការធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅផ្ទាល់ខ្លួន លទ្ធផលតេស្តន៍លើកទី២របស់គាត់ បង្ហាញសញ្ញាសង្ស័យថា វិជ្ជមានកូវីដ១៩ ទើបអាជ្ញាធរសុខាភិបាលសម្រេចបញ្ជូនសំណាកបុរសរូបនោះមកមន្ទីរពិសោធន៍នៅភ្នំពេញដើម្បីធ្វើតេស្តន៍លើកទី៣។
ក្នុងករណីមានពលរដ្ឋរូបណាដែលបានប៉ះពាល់ជាមួយបុរសជនជាតិហុងគ្រីរូបនេះ ក្រសួងសូមចិត្តពួកគេឲ្យចូលមកបង្ហាញខ្លួននៅមន្ទីរសុខាភិបាលខេត្តសៀមរាប ធ្វើតេស្តន៍រកវីរុសកូវីដ១៩ ដើម្បីរួមគ្នាបញ្ចៀសបាននូវការចម្លងចូលសហគមន៍។ ប្រឈមនឹងក្ដីព្រួយបារម្ភពីចម្លងចូលសហគមន៍ ក្រសួងសុខាភិបាលតាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ អំពាវនាវដដែលជាដដែលឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៥ខែកញ្ញា កម្ពុជាមិនមានរកឃើញករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ទេ។ ចំនួនករណីកូវីដ១៩សរុបនៅកម្ពុជាមាន ២៧៥ករណី ក្នុងនោះ២៧៤ករណីត្រូវបានព្យាបាលឲ្យជាសះស្បើយ នៅសល់១ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងទីក្រុងភ្នំពេញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ