អានតួអត្ថបទ
កម្ពុជា

ក្រសួង​ទេសចរណ៍​កំពុង​ធ្វើ​សេចក្តី​ព្រាង​ផែនទី​ចង្អុល​ផ្លូវ ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើង​វិញ ក្រោយ​​កូវីដ១៩

ភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្ត​នៅ​សៀមរាប ក្នុងអំឡុងថ្ងៃឈប់​សម្រាក​សងចូល​ឆ្នាំ
ភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្ត​នៅ​សៀមរាប ក្នុងអំឡុងថ្ងៃឈប់​សម្រាក​សងចូល​ឆ្នាំ © ក្រសួងទេសចរណ៍កម្ពុជា
ដោយ៖ វ៉ា សំណព្វ
១៦ នាទី

ក្រសួងទេសចរណ៍ កំពុង​ធ្វើ​សេចក្តី​ព្រាងផែនទី​ចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើង​វិញ នៅ​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។ ផែនការ​នេះ មាន​រយៈ​ពេល៥ឆ្នាំ ដោយ​សន្យា​ថា នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​អោយ​បាន​៧លាន​នាក់​នៅ​ក្នុង​ឆ្នាំ២០២៥។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្រោម​ផែន​ទី​ចង្អុល​ផ្លូវ​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា នឹង​ចាប់​យក​មក​វិញ​នូ​វចំនួន​ភ្ញៀវទេសច​រអន្តរជាតិ​ចំនួន​៧​លាន​នាក់​មក​វិញ។ មិន​តែ​ប៉ុណ្ណោះ ក្រសួង​នឹង​ធ្វើ​អោយ​ប្រសើ​រឡើង​វិញ ពី​ការ​ចូល​រួម​របស់វិស័យ​ទេសចរណ៍​ទៅ​ក្នុង​សេដ្ឋកិច្ច​និង​សង្គម។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​នៃ​កិច្ច​ប្រជុំ​រៀបចំ​សេចក្តី​ព្រាងផែន​ទី​ចង្អុល​ផ្លូវ (Road Map) របស់​ក្រសួង​ទេសចរណ៍ ដែល​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី ២៥ កញ្ញា ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន។

គួរ​ជំរាប​ជូន​ថា វិស័យ​ទេសចរណ៍ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង និងជា​មាស​បៃ​តង ដែល​បាន​រួម​ចំណែក​សម្រាប់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ប្រមាណ​១៣%។ ប៉ុន្តែ​ដោយ​សារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​ដាំ​ក្បាល​ចុះ ហើយ​កម្ពុជា​បានខាត​បង់​ចំណូល​ប្រមាណ​ជាង​៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​៤​ខែ​ដំបូង​ឆ្នាំ២០២០។ នេះ​បើយោង​តាម​របាយ​ការណ៍​ពី​ក្រសួង​ទេសចរណ៍។

ក្នុង​ន័យ​នេះ ផែនទី​ចង្អុល​ផ្លូវ​របស់​ក្រសួង​ទេសចរណ៍​នៅ​ពេល​នេះ នឹង​ចង្អុល​បង្ហាញ​នូវ​ផែន​ការ​ស្តារ​និងលើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើង​វិញ ដោយ​ចាប់​ផ្តើម​អនុវត្ត​ពី​ឥឡូវ​នេះ សម្រាប់​ទីផ្សារទេសចរណ៍​ដែល​មាន​សក្តានុ​ពល និង​ទីផ្សារ​ទេសចរណ៍​សម​ស្រប​ណា​មួយ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការរីករាល​ដាល​ជំងឺ​ឆ្លង​កូវីដ-១៩នេះ។ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ ផែន​ការ​ស្តារ​និង​លើក​ស្ទួយវិស័យ​ទេសចរណ៍ បាន​ដាក់​ចេញ​នូវ​វិធាន​គោល​នយោបាយ​អន្តរាគមន៍ ក្នុងរយៈ​ពេល​ខ្លី មធ្យម និង​វែង ជា​៣​ដំណាក់​កាល។ ដំណាក់កាលទី១. (Resilient & Restart)៖ ការ​គ្រប់​គ្រង​វិបត្តិ​ក្នុង​ដំណាក់​កាលប្រក្រតី​ភាព​តាម​ទម្លាប់​ថ្មី (New Normal) និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្តារ​ឡើង​វិញ (ឆមាសទី២ ឆ្នាំ២០២០ ដល់​ឆមាស​ទី១ ឆ្នាំ២០២១) ទី២. ដំណាក់កាល​(Recovery)៖ ការ​ជំរុញ​និង​ការ​ស្តារ​ឡើង​វិញនៃ​វិស័យ​ទេសចរណ៍ (ឆមាសទី២ ឆ្នាំ២០២១-២០២២) និង​ទី៣.ដំណាក់​កាល(Relaunch)៖ ការរៀប​ចំ​ឆ្ពោះ​ទៅ​កាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៣-២០២៥)។

ក្រសួង​ទេសចរណ៍​បាន​បន្តថា ក្នុង​ដំណាក់​កាល​នីមួយៗ​មាន​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែន​ការ​សកម្មភាព​អនុវត្ត​ដោយអនុលោម​ទៅ​តាម​សសរស្តម្ភ៤ គឺ​បេតិក​ភណ្ឌវប្បធម៌ ទេសចរណ៍​តំបន់ឆ្នេរ អេកូ​ទេសចរណ៍ និង​ភាព​ជាប្រជាជន​ខ្មែរ រួម​ទាំង​គោល​ដៅ​យុទ្ធសាស្ត្រ​ចំនួន ៣ គឺសេដ្ឋកិច្ច និង​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ការផ្សព្វផ្សាយ និង​ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​និង​អន្តរជាតិ និង​អភិបាល​កិច្ច​ក្នុង​វិស័យ​ទេសចរណ៍។ បើតាម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ២៥ កញ្ញា សេចក្ដី​ព្រាង​ផែន​ទី​ចង្អុល​ផ្លូវ​នេះ នឹង​បញ្ចូល​នូវ​សកម្មភាព​យុទ្ធ​សាស្ត្រ​ចំនួន​៤៨​និង​គម្រោង​អភិវឌ្ឍ​គំរូ​ធំៗ​សរុប​ចំនួន​១៦ ដែល​សេចក្តី​ព្រាង​នេះ គ្រោង​នឹង​ដាក់​ឆ្លង​គណកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​នា​ពេល​ខាង​មុខ​នេះ។

គួរជំរាបជូនថា កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​គ្រោង​នឹង​ដាក់​អោយ​អនុវត្ត​នូវ​ផែនការ​មេ​ក្នុង​រយៈ​ពេល​១៥ឆ្នាំ (២០២០-២០៣៥) ដើម្បី​អភិវឌ្ឍ​ទេសចរណ៍​នៅ​ក្នុង​ខេត្តសៀមរាប អោយ​ក្លាយ​ទៅ​ជា «មាសបៃតង» ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ