អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កម្ពុជាគ្រោងសាងសង់​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​៣បន្ថែម​ទៀត ដើម្បី​ធ្វើ​តេស្តរកជំងឺកូវីដ១៩

ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​
ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​ © CDC
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

កម្ពុជា​កំពុង​សិក្សា​គម្រោង​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ថ្មី​ចំនួន​៣​បន្ថែម​ទៀត​ ​ដើម្បី​ទុក​ធ្វើ​តេ​ស្ត​រក​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​ ​សូម​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ ​កម្ពុជា​មាន​មន្ទីរ​ពិសោធន៍​បែប​នេះ​តែ​ពីរ​ប៉ុណ្ណោះ​ ​ដែល​ស្ថិតនៅ​ទី​ក្រុងភ្នំពេញ​។​

ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការ​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ទាំង​៣​ខាងលើ​នេះ​ ​ទី​១​.​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សី​ហ​នុ ​ទី​២​.​ស្ថិតនៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​និង​ទី​៣​ ​គឺ​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។​ ​គម្រោង​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ថ្នាក់​តំបន់​ទាំង​៣​កន្លែង​ខាងលើ​នេះ​ ​កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​ ​បន្ទាប់ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ​ម៉ម​ ​ប៊ុន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ ​បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​ដោយ​ផ្ទាល់​ ​កាលពី​ពេលថ្មីៗនេះ​។​ ​ហើយ​អគារ​មន្ទីរ​ពិសោធន៍​ថ្មី​មួយ​ ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​គ្រោង​នឹង​សាងសង់​អស់​ថវិកា​រ​ប្រមាណ​ជា​៣​០​ម៉ឺន​ដុល្លារ​អាមេរិក​។​ ​ការ​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ថ្នាក់​តំបន់​ទាំង​៣​ខាងលើ​នេះ​ ​គឺ​ដើម្បី​ទុក​ប្រើប្រាស់​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១​៩​ ​និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​

​បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌី​ន​ ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​ ​ការ​សាងសង់​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ទាំង​៣​ខាងលើ​នេះ​ ​គឺ​ជាគោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ខិត​សេវា​អោយ​កាន់តែ​កៀក​នឹង​ប្រជាពលរដ្ឋ​។​ ​បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត​ ​ប្រសិនបើ​មន្ទីរ​ពិសោធន៍​ទាំង​៣​ខាងលើ​ត្រូវ​បាន​សាងសង់​រួចរាល់​ ​នោះ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​បញ្ជូន​សំណាក​ធ្វើ​តេ​ស្ត​រក​ជំងឺឆ្លង​ផ្សេងៗ​ ​ពិសេស​ជំងឺ​កូ​វី​ដ​១​៩​ ​មកកាន់​ទី​ក្រុងភ្នំពេញ​ទៀត​ទេ​។​ ​គួរ​ជំរាប​ជូន​ថា​ ​បច្ចុប្បន្ននេះ​ ​កម្ពុជា​មាន​មន្ទីរ​ពិសោធន៍​បែប​នេះ​តែ​ពីរ​ប៉ុណ្ណោះ​ ​ស្ថិតនៅ​ទី​ក្រុងភ្នំពេញ​។​ ​ទី​១​.​គឺ​វិទ្យាស្ថាន​ជាតិ​ប៉ា​ស្ទ័​រ​ ​និង​ទី​២​.​គឺ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ​នៃ​ក្រសួងសុខាភិបាល​កម្ពុជា​។​ ​កន្លងមក​ ​រាល់​សំណាក​របស់​ជន​សង្ស័យ​ពី​ជំងឺឆ្លង​ផ្សេងៗ​ ​ពិសេស​ជន​សង្ស័យ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ត្រូវ​បញ្ជូន​មក​ធ្វើ​តេ​ស្ត​នៅ​វិទ្យាស្ថាន​ទាំងពីរ​ខាងលើ​នេះ​ ​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​គណៈកម្មការ​ទស្សនាវដ្តី​ ​Lancet​ ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​ដែល​បាន​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​យ៉ាងល្អ​ប្រសើរ​។​ ​តាមរយៈ​របាយការណ៍​ក​ម្រាស់​២​៣​ទំព័រ​នោះ​ ​Lancet​ ​បាន​ចាត់​ថ្នាក់​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​ទី​៣​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​បន្ទាប់ពី​ថៃ​និង​ឡាវ​ ​និង​ជា​ប្រទេស​ទី​៤​ក្នុងចំណោម​ប្រទេស​ចំនួន​១​៩​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​មាន​អត្រា​ចម្លង​ជំងឺ​កូ​វី​ដ​១​៩​ទាប​បំផុត​។​ ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​ ​២​៧​ ​កញ្ញា​នេះ​ ​កម្ពុជា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១​៩​ចំនួន​ ​២​៧​៦​នាក់​ ​ក្នុង​នោះ​ ​ព្យាបាល​អោយ​ជាសះស្បើយ​មាន​ចំនួន​ ​២​៧​៤​នាក់​ ​និង​ពុំ​មាន​ករណី​អ្នក​ស្លាប់​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ