សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានសុំពន្យាពេលបង់ពន្ធលើប្រាក់ចំណេញ២០%ពីការលក់អចលនទ្រព្យ
សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាស្នើសុំពន្យារពេលបង់ពន្ធលើប្រាក់ចំណេញ២០%ពីការលក់អចលនទ្រព្យ ខណៈបារម្ភថា វានឹងធ្វើឲ្យមានការបន្ថែមបន្ទុកចំណាយសម្រាប់ពលរដ្ឋ ពិសេសអ្នករកស៊ីក្នុងរបរនេះ នៅគ្រាដែលជំងឺកូវីដនៅមិនទាន់ចប់នៅឡើយ។ ការស្នើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាជាមួយមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃសុក្រ។
ចុះផ្សាយនៅថ្ងៃ៖
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអាទិត្យនេះបន្ថែមថា ក្រុមរកស៊ីខាងអចលនទ្រព្យកំពុងប្រឈមមុខដោយសារតែកូវីដ១៩មិនទាន់ចប់នៅឡើយ ទើបពួកគេស្នើសុំរដ្ឋាភិបាលពន្យាពេលអនុវត្តការបង់ពន្ធលើចំណេញមូលធន២០% ពីការលក់អចលនទ្រព្យនេះ។ ការយកពន្ធ២០%នេះនឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការនៅខែមករា ឆ្នាំ២០២១។
បើតាមអ្នកវាយតម្លៃអចលនទ្រព្យរូបនេះ ស្ថានភាពដីធ្លី និងផ្ទះសំបែងនៅកម្ពុជា កំពុងមានបញ្ហាប្រឈមដោយសារតែជនបរទេសមិនអាចចូលមករកស៊ីនៅកម្ពុជាបានដូចមុន ធ្វើឲ្យតម្រូវការខុនដូរថយចុះខ្លាំង។ លោក ច្រឹក សុខនីម ទទួលស្គាល់ថា ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែក្នុងគ្រាដ៏លំបាកនេះ រដ្ឋគួរពន្យារពេលរហូតដល់សេដ្ឋកិច្ចដំណើរការល្អប្រសើរឡើងវិញ។
អគ្គនាយកពន្ធដារ លោក គង់ វិបុល ធ្លាប់បានគូសបញ្ជាក់ថា ការអនុវត្តពន្ធលើចំណេញមូលធននេះនៅកម្ពុជាគឺយកតិចជាងនៅប្រទេសរីកចម្រើនដទៃទៀត តួយ៉ាងប្រទេសបារាំង និងអូស្ត្រាលី ដែលអត្រាពន្ធលើចំណេញមូលធន មានរហូតដល់៤០% ទៅ៥០% ។
គួរឲ្យដឹងដែរថា ប្រាក់ចំណេញមូលធននេះ សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរអចលនទ្រព្យ ក្រោយពីការដកការចំណាយ។ វិធីគណនាចំណេញមូលធនគឺធ្វើឡើងពីររបៀប។ទី១ វិធីកាត់កងចំណាយតាមការកំណត់ ពោលគឺរដ្ឋអនុញ្ញាតិឱ្យកាត់ចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យនោះ។
ឧទាហរណ៍ អ្នកលក់ដីបាន ១លានដុល្លារ គឺមិនមែនយកពន្ធលើ ១លានដុល្លារ នេះទេ។ ពន្ធដាអនុគ្រោះ ឱ្យគាត់កាត់កងចំណាយដល់ទៅ ៨០%។ មានន័យថា គាត់ចំណេញតែ២០ម៉ឺនដុល្លារប៉ុណ្ណោះ ហើយ២០% ដែលជាប់ពន្ធស្មើនឹង៤ម៉ឺនដុល្លារ។
ចំណែក វិធីទី២គឺគណនាតាមភាពជាក់ស្តែង ដោយកាត់ការចំណាយចេញទាំងអស់ដូចជា ថ្លែដើម ប្រាក់ពន្ធបានបង់ ប្រាក់កម្រៃជើងសា និងចំណាយកែលម្អជាដើម ហើយប្រាក់ដែលនៅសល់ពីនោះគឺត្រូវបង់២០%៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ