អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកជំនាញអះអាងថាការប្រើប្រាស់រៀលនៅកម្ពុជាមានការកើនឡើងប្រមាណ៨០%

ក្រដាសប្រាក់រៀលខ្មែរ
ក្រដាសប្រាក់រៀលខ្មែរ © Internet
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

អ្នកជំនាញបានអះអាងថា ការប្រើប្រាស់​ប្រាក់​រៀល​នៅលើទីផ្សារកម្ពុជា​មានការ​កើន​ឡើង​ប្រមាណ៨០%​នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីការជំរុញនិងលើកទឹក​ចិត្ត​ពីរដ្ឋាភិបាល ឲ្យ​ប្រជាពលរដ្ឋនាំគ្នា​ចាយប្រាក់​រៀល​ខ្មែរនោះ។ ការអះអាងយ៉ាងដូច្នេះ​គឺធ្វើ​ឡើង​នៅក្នុងកម្មវិធី អបអរសាទរ ​​ ទិវាប្រាក់រៀលលើកទី​៤០​ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃចន្ទនេះ។

ផ្សាយពាណិជ្ជកម្ម

លោក តូច សុខលី នាយកប្រតិបត្តិ​ក្រុមហ៊ុន​យីងកុកហ្វូត(YINKOK FOOD CORP CO., LTD) កត់សំគាល់ថា ដោយសារពលរដ្ឋមានការ​យល់​ដឹងពីផលប្រយោជន៍នៃការប្រើ​ប្រាស់​ប្រាក់រៀល គឺពួកគេងាកមកប្រើ​ប្រាស់​រៀលមានការកើនឡើង​រហូតដល់៧៥ទៅ៨០%។ ហើយនៅពេលខាងមុខអ្នករកស៊ីខាង​វិស័យអាហារដ្ឋានរូបនេះរំពឹងថា ការប្រើប្រាស់​ប្រាក់​រៀល​នឹងកើនឡើង​ដល់​៤០០% ខណៈទីតាំងអាហារដ្ឋានរបស់ខ្លួនមានរហូតដល់៤៥ទីតាំងនៅទូទាំងប្រទេស ដែលបានស្រូបយកអតិថិជនប្រមាណ៧ទៅ៨ពាន់នាក់ក្នុងមួយថ្ងៃ។

យ៉ាងណាក៏ដោយ បើទោះបីជាមានការផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋមកប្រើប្រាស់ប្រាក់រៀលកើនឡើងនៅពេលនេះក៏ដោយ នៅមានបញ្ហាប្រឈម​ខ្លះដែរ ដោយសារការ​កំណត់​ថ្លៃម្ហូបអាហារ​គឺគិតទៅតាម​អត្រាប្តូរប្រាក់នៃប្រាក់ដុល្លារ។ នេះបើតាម លោក តូច សុខលី។

គួរឲ្យដឹងថាក្រោយពីបារាំង​បាន​ចូលមក​ធ្វើ​អាណានិគម​លើ​ប្រទេស​កម្ពុជា ពោល​នៅ​ឆ្នាំ១៨៧៥ បារាំង​បានផ្តល់​សិទ្ធិ​ពិសេស​ទៅឱ្យ​ធនាគារ​ឥណ្ឌូចិន ដែលជា​ធនាគារពាណិជ្ជ​មួយ​របស់​បារាំង​ដើម្បី​បោះពុម្ព​លុយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល​ប្រើប្រាស់​រួមគ្នា ដោយដាក់​ឈ្មោះថា ព្យ៉ា​ស់(Piastre)។

​នៅពី​ឆ្នាំ១៨៩១ ​ក្រដាសប្រាក់នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​រួមគ្នារវាង៣ប្រទេស​គឺ កម្ពុជា វៀតណាម និង​ឡាវ ដែល​ស្ថិតនៅក្រោម​អាណានិគម​របស់​បារាំង​ដូចគ្នា។

ប៉ុន្តែនៅ​ឆ្នាំ១៩៤៨ បារាំងក៏​បាន​ដកសិទ្ធិ​ពី​ធនាគារ​ឥណ្ឌូចិន​ឈប់​ឱ្យ​បោះពុម្ព​ក្រដាសប្រាក់នេះតទៅ​ទៀត​។​ លុះដល់​ឆ្នាំ១៩៥២ បារាំង​បាន​បង្កើត​វិទ្យាស្ថាន​បោះផ្សាយ​នៃ​រដ្ឋ​កម្ពុជា-វៀតណាម-ឡាវ​ដែលមាន​​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ (ជិត​ស្ពាន​នាគ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ)ដើម្បី​បោះផ្សាយ​រូបិយវត្ថុ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ទាំងបី។

យ៉ាងណាក៏ដោយ ក្រោយកម្ពុជាទទួលបានឯករាជ្យ​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មួយ​ឆ្នាំ​ក្រោយ​មក ​កម្ពុជា​​ចាប់ផ្តើម​បង្កើត​ធនាគារកណ្តាល​ជា​របស់​ខ្លួនឯង​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី២៣ខែធ្នូ ឆ្នាំ១៩៥៤ និង​បានធ្វើការបោះពុម្ព​ប្រាក់រៀល​ដោយ​ចាប់ផ្ដើម​ដាក់ឱ្យ​ធ្វើចរាច​រណ៍​ឡើងវិញ​សាជាថ្មី​នៅ​ខែកញ្ញា ឆ្នាំ១៩៥៥។ ប៉ុន្តែ​ក្រោយមក​ការធ្វើចរាចរណ៍​ក្រដាសប្រាក់រៀលនេះ​ត្រូវបាន​អាក់ខាន ដោយសារតែ​ក្នុង​របប​ខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់១៩៧៩គឺគេ​បាន​លុបបំបាត់​ទាំងស្រុងការប្រើប្រាស់​ប្រាក់រៀល​នេះ​។ ដូច្នេះប្រាក់​រៀល​ខ្មែរ​ត្រូវបានរស់ឡើងវិញចាប់ពីថ្ងៃ២០ មីនា ១៩៨០ ក្រោយ​ខ្មែរ​ក្រហម​ដួល​រលំទៅ ពោលគឺមានរយៈ៤០​ឆ្នាំហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ