វិស័យឯកជនសោកស្ដាយដែលកម្ពុជាបាត់បង់ឱកាសទទួលបានទេសចរចិន ក្នុងទិវាបុណ្យជាតិចិន
ចុះផ្សាយនៅថ្ងៃ៖
នៅរៀងរាល់ឆ្នាំនៃទិវាបុណ្យជាតិចិននៅថ្ងៃទី១តុលា ប្រទេសកម្ពុជាបានក្លាយជាគោលដៅទេសចរដ៏ពេញនិយមសម្រាប់ដំណើរកំសាន្តប្រចាំឆ្នាំរបស់ជនជាតិចិន។ ដោយសារតែបញ្ហាសកលកូវីដ១៩ រួមនឹងបម្រាមមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា ជនជាតិចិនមិនបានធ្វើដំណើរមកកម្ពុជាដូចរាល់ឆ្នាំឡើយ។ នេះបើតាមការឲ្យដឹងពីអ្នកធ្វើការលើវិស័យទេសចរ។ នៅចំពោះមុខការអាក់ខាននេះ វិស័យឯកជនបង្ហាញការសោកស្ដាយដែលកម្ពុជាបាត់បង់ឱកាសទទួលបានភ្ញៀវទេសចរទូទៅ និងនិយាយដោយឡែកចំពោះទេសចរចិន។
លទ្ធភាពដែលកម្ពុជាអាចធ្វើទៅបានសម្រាប់ទទួលភ្ញៀវទេសចរទូទៅ និងនិយាយដោយឡែកសម្រាប់ជនជាតិចិននៅក្នុងពេលកូវីដ១៩នេះ គឺរដ្ឋាភិបាលគួរបើកទិដ្ឋាការទេសចរឡើងវិញជាមួយនឹងវិធានការតែរឹតបន្តឹងលើបែបបទមួយចំនួនឲ្យបានតឹងរឹងដើម្បីបញ្ជាក់ថា ទេសចរចូលមកកម្ពុជា គ្មានវីរុសកូវីដ១៩។ ហើយការធ្វើដំណើររបស់ទេសចរទាំងនោះ ផ្ដោតតែទៅលើដំណើរកំសាន្តតាមតំបន់ដោយមានការគ្រប់គ្រង់កូវីដ១៩បានល្អឬតំបន់ដែលគ្មានកូវីដ១៩។ នេះជាយោបល់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ អ្នកជំនាញរូបនេះបានត្អូញត្អែរទៀតថា បើពុំមានការបន្ធូរបន្ថយខ្លះទេ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា នឹងរងផលប៉ះពាល់កាន់តែខ្លាំង។
បើតាមលោកស្រី ឆាយ ស៊ីវលីន នៅរៀងរាល់ឆ្នាំនៃទិវាជាតិចិនដែលជាឱកាសឈប់សម្រាក់របស់ជនជាតិចិននោះ ទេសចរចិនបានសម្រុកមកកម្ពុជាយ៉ាងគំហុករហូតខ្វះជើងហោះហើរ និងបន្ទប់ស្នាក់នៅទៀតផង។ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ កម្ពុជាទទួបានទេសចរចិនជាង២លានកន្លះ។ នេះបើតាមរបាយការណ៍មួយផ្នែករបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះលោកលោកស៊ិន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានឲ្យដឹងថា នៅមុនពីរថ្ងៃនៃទិវាបុណ្យជាតិចិននៅថ្ងៃទី១តុលា ផ្នែកអាកាសចរណ៍ស៊ីវិលមិនទទួលបានជើងហោះហើរពីខាងចិនឡើយ ក្រៅតែពីប្រភេទទេសចរណ៍ធុរកិច្ចនោះ។ ចំពោះការធ្វើដំណើរជាទូទៅវិញ កម្ពុជាទទួលបានជើងហោះហើរ១០ជើងក្នុងមួយថ្ងៃ ហើយរាប់ចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដក្នុងរយៈពេល៨ខែកន្លងទៅនេះ កម្ពុជាទទួលបានអ្នកដំណើរជាង២លាននាក់ដែលភាគច្រើនជាធុរកិច្ចចិន។
សូមជម្រាបជូនថា ជំនួសឲ្យទេសចរពីខាងក្រៅ រដ្ឋាភិបាលកំពុងជំរុញទេសចរក្នុងស្រុក តាមរយៈឱកាសឈប់សម្រាកក្នុងពេលកន្លងមករួមមាន៖ សម្រាកសង់ចូលឆ្នាំខ្មែរកាលពីខែកញ្ញា ពលរដ្ឋជាង២៣ម៉ឺន៣ពាន់នាក់(២៣៣,៣២៩នាក់) ខណៈរយពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌមានចំនួនជាង១លាននាក់បានធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ