អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អឺរ៉ុប/យូរ៉ូប៉ា (Europa)៖ ព្រះចន្ទរបស់ភពព្រះហស្បតិ៍មានលាក់មហាសមុទ្រ

សំឡេង ១១:០៣
យូរ៉ូប៉ា​ជា​ព្រះចន្ទ ដែល​គ្របដណ្តប់​ទៅ​ដោយ​ផ្ទាំងទឹកកក ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្ររកឃើញ​ចំហាយទឹកភាយចេញ​ពី​យូរ៉ូប៉ា ដែល​គេ​សន្និដ្ឋាន​ថា ជា​ទឹក​ដែល​ភាយ​ចេញ​ពី​មហាសមុទ្ររាវ​នៅក្រោម​ផ្ទាំងទឹកកក
យូរ៉ូប៉ា​ជា​ព្រះចន្ទ ដែល​គ្របដណ្តប់​ទៅ​ដោយ​ផ្ទាំងទឹកកក ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្ររកឃើញ​ចំហាយទឹកភាយចេញ​ពី​យូរ៉ូប៉ា ដែល​គេ​សន្និដ្ឋាន​ថា ជា​ទឹក​ដែល​ភាយ​ចេញ​ពី​មហាសមុទ្ររាវ​នៅក្រោម​ផ្ទាំងទឹកកក © NASA
ដោយ៖ សេង ឌីណា
២៧ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពីកន្លែង​ពិសេសមួយ នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ ដែល​អ្នក​វិទ្យាសាស្ត្រ​ប៉ាន់ស្មាន​ថា មាន​មហាសមុទ្រ​ទឹករាវ ដែល​អាច​មាន​បរិមាណ​ទឹកច្រើន​ជាង​នៅលើ​ផែនដី​ទៅទៀត នោះ​គឺ​ព្រះចន្ទរបស់​ភពព្រហស្បតិ៍​ឈ្មោះ អឺរ៉ុប (ហៅតាមភាសាបារាំង) ឬ យូរ៉ូប៉ា (ហៅតាម​ភាសាអង់គ្លេស)។

ផ្សាយពាណិជ្ជកម្ម

ជាទូទៅ នៅ​ក្នុងការ​ស្វែងរក​ជីវិត​ក្រៅភព អ្នកវិទ្យាសាស្ត្រ​មិនមាន​ជម្រើសអ្វីផ្សេងនោះទេ ក្រៅតែ​ពី​យក​ចំណេះដឹង​អំពី​ជីវិតលើ​ភពផែនដី​មកធ្វើ​ជា​គោល ហើយ​គេ​ដឹង​ថា ជីវិតនៅលើ​ភពផែនដី​របស់​យើង​នេះ​ត្រូវ​មាន​លក្ខខណ្ឌ​ចម្បងៗ​ចំនួន​៣៖ ទី១ គឺ​ត្រូវ​មាន​សារធាតុ​គីមី​ដែល​ជា​ធាតុផ្សំចម្បង​នៃ​ជីវិត (កាបោន អ៊ីដ្រូសែន អាសូត អុកស៊ីសែន ផូស្វ័រ និង​ស៊ុលផួ)  ទី២ ប្រភពថាមពល​ និង​ទី៣ ទឹករាវ។

នៅក្នុងចក្រវាល​របស់​យើង​នេះ ទឹក​​មិនមែន​ជា​របស់​កម្រខ្លាំង​ប៉ុន្មាននោះទេ ក៏ប៉ុន្តែ បញ្ហា​ គឺ​នៅត្រង់​ថា ទឹក​ដែល​គេ​រកឃើញ​ក្រៅភពផែនដី ភាគច្រើន​​ស្ថិត​ក្នុង​តំបន់​ត្រជាក់​ពេក​​ជាទឹកកក ហើយ​ខ្លះ​ទៀត​ស្ថិត​ក្នុង​តំបន់ក្តៅពេក​ទៅជា​ចំហាយទឹក រីឯលក្ខខណ្ឌ​ចាំបាច់​សម្រាប់​ជីវិត គឺ​ត្រូវ​ការ​ទឹក ក្នុង​សភាព​រាវ។ វត្តមានទឹករាវ​នេះ​ហើយ ដែល​ជា​លក្ខណៈពិសេស​របស់​យូរ៉ូប៉ា។

គិតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​សិក្សា​ទៅលើ​យូរ៉ូប៉ា​បាន តាមរយៈ​ទិន្នន័យ​ដែល​បាន​មក​ពី​តេឡេស្កុប​អវកាសហឺបល​ផង តេឡេស្កុប​ដែល​នៅលើ​ដី​ផង បូករួម​ជាមួយ​នឹង​ទិន្នន័យ​បាន​មក​ពី​​យានអវកាស​ គឺ​រួមមាន​យាន Voyager ដែលហោះកាត់​ភពព្រហស្បតិ៍​កាល​ពីឆ្នាំ១៩៧៩ និង​យាន Galileo ដែល​គេ​បញ្ជូន​ឲ្យ​ទៅ​ហោះ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពព្រហស្បតិ៍​កាល​ពី​ឆ្នាំ​១៩៩៨។

តាមរយៈទិន្នន័យ​ទាំងនេះ គេ​បានរកឃើញ​ថា យូរ៉ូប៉ា​ ថ្វីដ្បិត​តែ​​នៅផ្ទៃខាងលើ​​ត្រូវ​គ្របពេញ​ទៅដោយ​ផ្ទាំងទឹកកក​ ក៏ប៉ុន្តែ នៅក្រោម​ផ្ទាំងទឹកកក​នេះ គឺ​ជា​មហាសមុទ្រ​ទឹករាវ ដែល​អាច​មាន​ជម្រៅ​ជ្រៅជាង​មហាសមុទ្រ​នៅលើ​ផែនដី​រហូតដល់​ទៅ​១០ដង ហើយ​ប្រហែល​ជា​មាន​ទឹក​ច្រើន​ជាង​ទឹក​សមុទ្រ​នៅលើ​ភពផែនដី​របស់​យើង​ផង​ក៏​អាច​ថាបាន។

កាល​ពី​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧ គេបានរកឃើញ​ចំហាយទឹក​ដែល​បាញ់​ចេញ​ពី​ដី​យូរ៉ូប៉ា​ទៅលើ​អាកាស ហើយ​ដែល​គេ​សន្និដ្ឋាន​ថា ជា​ទឹក​ដែលបាញ់​​ចេញ​ពី​ក្រោមដី នៅតាមកន្លែង​ដែល​ផ្ទាំងទឹកកក​​ប្រេះបែក។

តាមការពិត បាតុភូត​ចំហាយទឹកភាយ​ចេញ​ពី​ដី​​នៅលើ​យូរ៉ូប៉ា​នេះ គឺ​វា​ស្រដៀងគ្នា​ទៅនឹង​អ្វី​ដែល​កើតឡើង នៅលើ​ព្រះចន្ទ​មួយផ្សេងទៀត​ គឺ​អង់សឺឡាតរបស់​ភពសៅរ៍។ ចំណុចដែល​ខុសគ្នា គឺ​នៅត្រង់​ថា បរិមាណ​ចំហាយទឹក ដែល​ភាយ​ចេញ​ពី​យូរ៉ូប៉ា គឺ​មាន​ច្រើន​ជាង​អង់សឺឡាត​រហូតដល់​ទៅ​ប្រមាណ​ជា ១០ដង ទៅ ២០ដងឯណោះ។

នៅក្នុងពេល​បច្ចុប្បន្ន​នេះ គេនៅរង់ចាំ​បេសកកម្ម​អវកាស​​ថ្មីៗ​មួយ​ចំនួន​ផ្សេងទៀត ដើម្បី​អាច​សិក្សា​កាន់តែ​លម្អិត ទៅលើ​យូរ៉ូប៉ា ក្នុងនោះ រួមមាន ការ​បាញ់បង្ហោះ​តេឡេស្កុប​អវកាស​ជេមស៍វេប (James Webb Space Telescope) ដែល​ជា​តេឡេស្កុប​អវកាស​កាន់តែ​ទំនើប​ជាង​ហឺបល ហើយ​ដែល​ណាសា​គ្រោង​បាញ់​បង្ហោះ នៅខែ​តុលា ឆ្នាំ២០២១​ខាងមុខ, យានអវកាស​ឈ្មោះ JUICE (Jupiter Icy moons Explorer) ដែល​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប គ្រោង​បាញ់បង្ហោះ នៅឆ្នាំ២០២២ ហើយ​ត្រូវ​ទៅដល់​ភពព្រហស្បតិ៍ នៅឆ្នាំ២០២៩ និង​ចុងក្រោយ គឺ​យានអវកាស​ឈ្មោះ Europa Clipper ដែល​ណាសា​គ្រោង​បាញ់បង្ហោះ នៅ​ឆ្នាំ២០២៤ ហើយ​នៅក្នុង​បេសកកម្ម Europa Clipper ណាសា​ក៏​ប្រហែល​ជា​នឹង​បញ្ជូន​ភ្ជាប់​ទៅជាមួយ​ផងដែរ នូវ​កូនយាន​តូចមួយ ដើម្បី​ចុះចត​នៅលើ​ដី​យូរ៉ូប៉ា​ដោយ​ផ្ទាល់។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ