អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលបារម្ភថា ការលុបបឹងតាមោកជាបន្តបន្ទាប់អាចធ្វើឱ្យភ្នំពេញជន់លិចកាន់តែខ្លាំងដោយសារជំនន់ទឹកភ្លៀង

រូបភាព៖ មួយផ្នែកនៃបឹងតាមោក
រូបភាព៖ មួយផ្នែកនៃបឹងតាមោក © RFI
ដោយ៖ វណ្ណ សុគន្ធា
២១ នាទី

​អង្គការសង្គម​ស៊ីវិល​ដែល​តាមដាន​ ​និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​តា​មោក​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ជុំវិញ​ការ​កាត់​បឹង​តា​មោក​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ផ្សេងៗ​របស់​រដ្ឋាភិបាល​កម្ពុជា​។​ ​ពួកគេ​បារម្ភ​ខ្លាំង​ថា​ ​នៅ​ពេល​បឹង​ស្តុក​ទឹក​ធំបំផុត​មួយ​នេះ​ត្រូវ​បាន​លុប​ជាបន្តបន្ទាប់​នោះ​ ​គឺ​រាជធានី​ភ្នំពេញ​នឹង​អាច​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​អនាគត​។​ ​ប៉ុន្តែ​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ក្រុម​អង្គការសង្គម​ស៊ីវិល​កុំ​បារម្ភ​ខ្លាំងពេក​ពី​រឿង​នេះ​ ​ព្រោះ​រដ្ឋាភិបាល​បាន​គិតគូរ​ ​និង​សិក្សា​លម្អិត​រួចហើយ​មុននឹង​សម្រេច​បែប​នេះ​។

ផ្សាយពាណិជ្ជកម្ម

រាជធានីភ្នំពេញនឹងអាចជន់លិចកាន់តែខ្លាំងដោយសារតែជំនន់ទឹកភ្លៀង គឺអ្វីដែលអង្គការសង្គមស៊ីវិលនៅកម្ពុជាបានសម្តែងការព្រួយបារម្ភ និងយកចិត្តទុកខ្លាំង។ ពួកគេថា បឹងតាមោក គឺដើរតួនាទីសំខាន់ណាស់ក្នុងការការពាររាជធានីភ្នំ​ពេញមិនឱ្យជន់លិចដោយជំនន់ទឹកភ្លៀង ឫទឹកជំនន់ផ្សេងៗទៀត។ ក្រៅពីបញ្ហាជន់លិចរាជធានីភ្នំពេញនេះ  លោក អៀង វុទ្ធី ដែលជានាយក​ប្រតិបត្តិ​អង្គការ​សមធម៌កម្ពុជា ក៏បានអះអាង​ថា ការលុបបឹងនេះ ក៏អាចប៉ះពាល់ដល់ការប្រកបរបរមួយចំនួនរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។ ដូច្នេះហើយ លោកចង់ឱ្យរដ្ឋាភិបាលសិក្សាបញ្ហានេះឱ្យបានលម្អិតមុនធ្វើការសម្រេច។

ចំណែក លោកអំ សំអាត ដែលជានាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូវិញ លោកចង់ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់បឹងតាមោកនេះតែម្តង ដើម្បីការពាររាជធានីភ្នំពេញ។ លោកបានគូសបញ្ជាក់បន្ថែមថា អង្គការសង្គមស៊ីវិលមិនជំទាស់នឹងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជាទេ ប៉ុន្តែគួរជៀសវាងការអភិវឌ្ឍទៅលើបឹងធម្មជា​តិដែលជាអាងស្តុកទឹកដ៏ធំបែបនេះ។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានអះអាងថា រដ្ឋាភិបាលកម្ពុជាបាន សិក្សាច្បាស់លាស់ណាស់ មុននឹងសម្រេចកាត់បឹងតាមោកនេះ។ លោកថា រដ្ឋាភិបាលបានដឹងពីបញ្ហាប្រ​ឈម ប៉ុន្តែរដ្ឋាភិបាលបានត្រៀមរៀបចំប្រព័ន្ធបង្ហូរទឹកនានា ដើម្បីធ្វើយ៉ាងណាបញ្ជៀសមិនឱ្យរាជធានីភ្នំពេញលិចលង់នោះឡើយ។ សម្រាប់លោកផៃ ស៊ីផាន ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ គឺជារឿងមួយហើយ ប៉ុន្តែគេពុំគួរបារម្ភពេកទេ ព្រោះរដ្ឋាភិបាលកម្ពុជាគិតគូរល្អិតល្អន់ណាស់ចំពោះបញ្ហានេះ។

សូមបញ្ជាក់ថា បឹងតាមោក ឬបឹងកប់ស្រូវ ដែលមានផ្ទៃដីសរុប ៣ ២៣៩,៧ ហិកតា ត្រូវបានរដ្ឋាភិបាលកាត់ចំណែកអភិវឌ្ឍជាបន្តបន្ទាប់។ កាលពី​ខែ សីហា ឆ្នាំ២០១៨ រដ្ឋាភិបាលបាន​កាត់ផ្ទៃបឹងតាមោកទំហំ២០ហិកតាសម្រាប់បង្កើតជាទីផ្សារ​បន្លែថ្មីជំនួសឲ្យទីតាំងចាស់​នៅ​ផ្សារ​ដើមគរ។ រីឯ កាលពីខែមីនា ​ឆ្នាំ​២០២០ ផ្ទៃ​ដី​បឹង​តាមោកនេះ​ទំហំ​៧៥​ហិកតា​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​។ បន្ទាប់មក នៅក្នុង​មេសា ​ឆ្នាំ​២០២០ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោក ទំហំ៣៤ហិកតាបន្ថែមទៀត ដោយក្នុងនោះ គឺ៣០ហិកតា ត្រូវប្រគល់ទៅលោកស្រី គីម ហ៊ាង ជាតំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។ លុះចូលខែមិថុនា ផ្ទៃ​ដី​បឹង​តា​មោក​​ជិត​៣០០​ហិកតា​​ត្រូវ​បាន​កាត់​ជូន​ក្រសួង​ការពារ​ជាតិ​ ដើម្បី​រៀបចំ​អគ្គបញ្ជា​ការ​ដ្ឋាន​កង​យុទ្ធពល​ខេមរៈភូមិន្ទ ​និង​ប្រើ​ប្រាស់​ជា​កន្លែង​ដឹក​នាំ​បញ្ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​។

ដោយឡែក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលកាត់​ផ្ទៃ​ដី​ទំហំ​១៥​ហិកតា​នៃ​បឹង​តាមោកឲ្យ​ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កម្ចាត់​មីន​និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន​ ខណៈផ្ទៃដីទំហំជាង១៥ហិកតា (១៥០.៣៣០)ជូន​ក្រសួង​អភិវឌ្ឍជនបទ​សម្រាប់សង់ទីស្នាក់ការថ្មី និង​​ផ្ទៃបឹងទំហំជាង៨ហិកតា​ (៨០.២៣៦)ទៀត ត្រូវប្រគល់ជូនលោក សេង វុទ្ធី ធ្វើជាកម្មសិទ្ធិ ។ ចុងក្រោយ គឺកាលពីថ្ងៃទី២៥ ខែកញ្ញា រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់៨ហិកតាបន្ថែមទៀតប្រគល់ជូនក្រសួងយុត្តិធម៌។ លោកផៃ ស៊ីផាន បានអះអាងថា ការកាត់ទាំងនេះ គឺជាតម្រូវការចាំបាច់របស់រដ្ឋាភិបាលកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ