អគ្គលេខាធិការUNលើកឡើងពី សិទ្ធិមនុស្ស ការបំភិតបំភ័យ និងការសងសឹកនៅក្នុងប្រទេសកម្ពុជា
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres នៅថ្ងៃទី៣០ខែកញ្ញានេះ នឹងលើកយករបាយការណ៍ស្តីអំពីការបំភិតបំភ័យប្រឆាំងនឹងអ្នកដែលចូលរួមសហការការងារជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសជាច្រើនមកនិយាយ ក្នុងនោះក៏មានកម្ពុជាផងដែរ។ ក៏ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានហៅរបាយការណ៍ដែលថ្លែងដោយអង្គការសហប្រជាជាតិនោះថា ជារបាយការណ៍មិនគ្រប់ជ្រុងជ្រោយ និងបានមកពីការរាយការណ៍តែភាគីម្ខាង។
ចុះផ្សាយនៅថ្ងៃ៖
តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ Antonio Guterres បានគូសបញ្ជាក់ពីការបំភិតបំភ័យ និងការសងសឹក ដែលបានធ្វើឡើងប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍ជាច្រើនទំព័រ ហើយក្នុងនៅក៏មានរំលេចពីប្រទេសកម្ពុជាដែរនោះ លោក Antonio Guterres បានលើកទឹកចិត្តដល់រដ្ឋទាំងឡាយឲ្យសម្តែងជាសាធារណៈនូវការគាំទ្រដោយច្បាស់លាស់ចំពោះសិទ្ធិ និងការប្រាស្រ័យទាក់ទងទាំងអស់ជាមួយស្ថាប័នអន្តរជាតិដោយមិនមានការរារាំង។ លោកក៏អំពាវនាវផងដែរដល់រដ្ឋជាសមាជិកឲ្យយកចិត្តទុកដាក់លើមន្ត្រីសាធារណៈ និងតួអង្គរដ្ឋដទៃទៀតអំពីការសងសឹក និងការបំភិតបំភ័យ រួមទាំងតាមរយៈការបណ្តុះបណ្តាល និងចេញសេចក្តីណែនាំផ្ទៃក្នុង។
របាយការណ៍របស់ប្រមុខអង្គការសហប្រជាជាតិក៏បានរៀបរាប់ដែរ ពីការចូលទៅរំខានរបស់សមត្ថកិច្ចនៅកន្លែងរៀបចំប្រារព្ធពិធីជួបជុំ និងការបណ្តុះបណ្តាលជាដើមរបស់អ្នកធ្វើការសង្គមស៊ីវិល តាមរយៈការថតរូប និងការសួរនាំព័ត៌មានផ្សេងៗពីអ្នកចូលរួម ដែលសកម្មភាពទាំងនេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាខេត្ត ក្រុងនានា ចាប់តាំងពីឆ្នាំ២០១៩មក។
បន្ថែមពីលើការឆ្លើយតបដូចកន្លងមកដែរ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា របាយការណ៍ ដែលអង្គការសហប្រជាជាតិលើកឡើងនេះ គឺផ្អែកតែទៅលើការផ្តល់ឲ្យដោយសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាតែម្ខាង មិនបានថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមិនបានផ្ទៀងផ្ទាត់ជាមួយសមត្ថកិច្ចពាក់ព័ន្ធឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ