អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាលដាក់ចេញវិធានការជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាជុំទី៦ រហូតដល់ដំណាច់ឆ្នាំ២០២០

រូបភាពទូទៅ
រូបភាពទូទៅ AP - Heng Sinith
ដោយ៖ វ៉ា សំណព្វ
២០ នាទី

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ​៣០​ កញ្ញា ​ទើប​តែ​បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​ជុំ​ទី​៦​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​បន្ត​ជួយ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ ដែល​រង​ផល​ប៉ះពាល់​ពី​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​។ វិធានការ​ជុំ​ទី​៦​នេះ ​នឹង​បន្ត​អនុវត្ត​ចាប់​ពី​ខែ​តុលា ​រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ​ ២០២០​។ ដោយ​ឡែក​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ត្រៀម​ថវិកា​ប្រមាណ​ជាង​១១៦៤​លាន​ដុល្លារ​ ដើម្បី​ជួយ​អន្តរាគមន៍​និង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

ដោយស្ថិតនៅក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ដែលនៅតែបន្ត រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការណ៍បន្ថែមជុំទី៦ ក្នុងគោលបំណងបន្តជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ។ វិធានការជុំទី៦ ដែលត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គភាពពាក់ព័ន្ធ កាលពីថ្ងៃទី ៣០ ខែកញ្ញានោះ រួមមាន ជាអាទិ៍ ទី១.គឺវិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យសេវាកម្មទេសចរណ៍។ តាមរយៈវិធានការនេះ រដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារនៅក្នុងវិស័យទាំងនេះ បូករួមទាំងការលើកលែងការបង់ពន្ធ ការពន្យាពេលបង់កាតព្វកិច្ចរបបសន្តិសុខសង្គម និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។ វិធានការទី២.គឺការបន្តជួយវិស័យអាកាសចរណ៍ តាមរយៈការបន្តលើកលែងការបង់ពន្ធអប្បបរមា និងពន្យាការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលជាដើម និងវិធានការទី៣. គឺការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩។ ការឧបត្ថម្ភសាច់ប្រាក់នេះ នឹងបន្តធ្វើចំនួន៣ខែបន្ថែមទៀត ចាប់ពីខែតុលា រហូតដល់ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា។

គួរជំរាបជូនថា គិតចាប់តាំងពីខែមិថុនាមក រដ្ឋាភិបាលកម្ពុជាបានបើកប្រាក់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩បានចំនួន៣លើករួចមកហើយ ដោយក្នុងមួយខែៗ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិការចន្លោះពី២៥ទៅ៣០លានដុល្លារអាមេរិក។ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណជា៦៧ម៉ឺនគ្រួសារ ស្មើនឹង២.៧លាននាក់ ដែលបានទទួលផលពីកម្មវិធីនេះ។ នេះបើតាមការបញ្ជាក់ពី លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេក​ទេស​នៃ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា។ លោកបន្តថា នៅជុំទី៦នេះ យ៉ាងហោចណាស់ក៏មានពលរដ្ឋក្រីក្រចន្លោះពី៦៨ទៅ៦៩ម៉ឺនគ្រួសារដែរ ដែលនឹងទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជានេះ។ ដោយឡែក នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើងវិញ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងការងារបានសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយបានបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារបានចំនួនជាង២៨ម៉ឺននាក់ (282 795នាក់) ស្មើនឹងថវិកាចំនួន១៩លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមលោក ហេង សួរ គិតចាប់ពីខែកុម្ភៈរហូតដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានរោងចក្រចំនួន៥០៦រោងចក្រដែលបានព្យួរការងារ ស្មើនឹងកម្មករនិយោជិតសរុបចំនួនជាង៣២ម៉ឺននាក់ (323 208នាក់) ដែលភាគច្រើន គឺជាស្ត្រី។

យ៉ាងណាក្តី លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិការប្រមាណជា១១៦៤លានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ចាប់តាំងពីជុំទី១រហូតដល់ជុំទី៦នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ