អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

លោកស្រីរ៉ូណា ស្មីតជំរុញឱ្យកម្ពុជាលើកស្ទូយការសន្ទនាជាមួយគ្រប់ភាគី ដើម្បីនយោបាយ និងសិទ្ធិមនុស្សល្អប្រសើរ

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា © សហការី
ដោយ៖ វណ្ណ សុគន្ធា
១៩ នាទី

លោកស្រី​រ៉ូណា ស្មីត ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នឹង​បង្ហាញ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​សម័យ​ប្រជុំ​លើក​ទី​ ៤៥ ​របស់​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ទី​០១​ ខែ​តុលា ​ត្រូវ​នឹង​យប់​នេះ​ម៉ោង​នៅ​កម្ពុជា​។ ប៉ុន្តែ​ មុន​ឡើង​បង្ហាញ​របាយការណ៍​ជា​ផ្លូវការ​នេះ​ លោក​ស្រី​រ៉ូណា ​ស្មីត​តាម​រយៈ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២០​របស់​ខ្លួន​បាន​ណែនាំ​ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​ស្ទូយ​កិច្ច​សន្ទនា​ជាមួយ​គ្រប់​ភាគី​ទាំងអស់​ ដើម្បី​ឱ្យ​ស្ថានភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនហើយត្រង់ចំណុចផ្តល់អនុសាសន៍ លោកស្រីរ៉ូណា ស្មីត បានណែនាំឱ្យរដ្ឋាភិបាលកម្ពុជាលើកស្ទូយកិច្ចសន្ទនាជាមួយគ្រប់ភាគីទាំងអស់ និងស្វែងរកការសន្ទនាក្នុងបរិយាកាសសន្តិភាពដែលអាចអនុ​ញ្ញាតឱ្យសំឡេងនយោបាយផ្សេងៗអាចបញ្ចេញបាន និងជៀងវាងការរឹតត្បិតសេរីភាពជាមូលដ្ឋានបន្ថែមទៀតដែលជាចាំបាច់សម្រាប់ឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាប្រកបដោយភាពរីករាយពីគ្រប់ភាគីទាំងអស់។ ក្រៅពីចំណុចនេះ និងនៅក្នុងបណ្តាអនុសាសន៍ជាច្រើនបន្តកន្ទុយគ្នា លោកស្រីរ៉ូណា ស្មីត ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តកិច្ចសហប្រតិ​បត្តិកាជាវិជ្ជមានជាមួយបណ្តាអង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ។

មិនតែប៉ុណ្ណោះ លោកស្រីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏បានប្រាប់ឱ្យអាជ្ញាធរកម្ពុជាពង្រឹងការការពារការយាយី ការគំរាមកំហែង និងការបំភិតបំភ័យទៅលើអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង សមាជិកអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត លោកស្រីរ៉ូណា ស្មីត ក៏បានផ្តល់អនុសាសន៍លើកែទម្រង់ប្រព័ន្ធយុត្តិធម៌ ការពិនិត្យឡើងវិញលើច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ ក៏ដូចជាច្បាប់សហជីព និងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។

គួរបញ្ជាក់ថា ការផ្តល់អនុសាសន៍ទាំងអម្បាម៉ានរបស់លោកស្រីរ៉ូណា ស្មីតនេះ គឺបន្ទាប់ពីលោកស្រីនៅតែមើលឃើញពីការបន្តរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង លោកស្រីបានសម្តែងការបារម្ភពីការរឹតត្បិតលើសកម្មភាព និងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ការប្រើប្រាស់ក្រមព្រហ្មទណ្ឌ និងបទប្បញ្ញត្តិផ្សេង ដើម្បីកាត់ទោសលើអ្នកបញ្ចេញទស្សនៈនានា រួមទាំងអ្នកបញ្ចេញទស្សនៈតាមអនឡាញ។ ការចាប់ខ្លួនអ្នកបញ្ចេញទស្សនៈលើបញ្ហាជំងឺកូវីដ១៩ ការចាប់ខ្លួនអ្នកកាសែត ការលុបចោលអាជ្ញាប័ណ្ណសារព័ត៌មាន និងការចាប់ខ្លួនយុវជនផ្សេងៗជាដើម ទៀតក៏ត្រូវបានលោកស្រីរ៉ូណា ស្មីត លើកទៅនិយាយនៅក្នុងរបាយការណ៍របស់ខ្លួនផងដែរ។

ជុំវិញបញ្ហាសិទ្ធិមនុស្សនេះ កាលពីថ្ងៃពុធ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​Ant​on​i​o ​Gut​err​e​s ក៏បានលើកឡើងពីការបំភិតបំភ័យ និងការសងសឹក ដែលបានធ្វើឡើងប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួននៅក្នុងវិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះ ត្រូវបានបញ្ចេញឱ្យដឹងនៅលើទំព័រហ្វេសប៊ុកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែ ការផ្សព្វផ្សាយបន្តនេះ ត្រូវបានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកថា ជាដកស្រង់ព័ត៌មានតែមួយជ្រុង និងពុំមានតុល្យភាពចេញពីរបាយការណ៍របស់ Ant​on​i​o ​Gut​err​e​s។ បើទោះបែបនេះក្តី ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានច្រានចោលនូវការលើកឡើងទាំងអស់របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ