ក្រសួងសុខាភិបាលរំឭកឲ្យពលរដ្ឋការពារខ្លួនពីជំងឺគ្រុនឈីក បន្ទាប់ពីជំងឺនេះកើនឡើងដល់ជិត៦ពាន់ករណី
ក្រសួងសុខាភិបាលបានចេញសេចក្តីក្រើនរំឭកមួយកាលពីប៉ុន្មានថ្ងៃមុននេះ ឲ្យពលរដ្ឋបង្កើនការការពារជំងឺគ្រុនឈីក បន្ទាប់ពីជំងឺនេះបានតែឆ្លងរាលដាលដល់មនុស្សប្រមាណជិត៦ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា។ ជំងឺគ្រុនឈីកនេះគឺជាក្តីបារម្ភមួយបន្ទាប់ពីជំងឺកូវីដ១៩ បើទោះបីជាជំងឺដែលចម្លងដោយមូសខ្លាញីនេះមិនទាន់បានសម្លាប់មនុស្សណាម្នាក់នៅឡើយក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានកត់សំគាល់ថា ជំងឺគ្រុនឈីកនេះមានការកើនឡើងគួរឲ្យព្រួយបារម្ភ បន្ទាប់ពីបានផ្ទុះឡើងដំបូងគេនៅបន្ទាយមានជ័យដែលមានតែជិត១០០០ករណី ហើយបានរីករាលដាលទៅដល់ខេត្តចំនួន២១នៅទូទាំងប្រទេស។ នៅទូទាំងប្រទេសករណីដែលសង្ស័យជំងឺគ្រុនឈីកបានកើនឡើងដល់៥៩៩៨ករណីគិតត្រឹមថ្ងៃទី២៧កញ្ញា ខណៈមន្ទីរពេទ្យខេត្តសៀមរាប ខេត្តតាកែវ និងខេត្តព្រះវិហារ ទទួលអ្នកជំងឺនេះច្រើនជាងគេ។
បើតាមក្រសួងសុខាភិបាល ករណីជំងឺគ្រុនឈីកនេះ ត្រូវបានព្យាបាលជាសះស្បើយរហូតដល់៩៦% ពោលនៅសល់អ្នកជំងឺតែ៤%ប៉ុណ្ណោះដែលកំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ការចម្លងជំងឺគ្រុនឈីកមានសមាត្រខុសគ្នាទៅតាមក្រុមអាយុ។ អ្នកដែលកើតជំងឺគ្រុនឈីកចំនួន៥៤%គឺជាមនុស្សពេញវ័យ ប៉ុន្តែ ៣១% ឆ្លងទៅលើកុមារដែលអាយុ៥ឆ្នាំឡើងទៅ ខណៈកុមារអាយុក្រោម៥ឆ្នាំមានឆ្លងជំងឺនេះត្រឹម១៥%ប៉ុណ្ណោះ។ នេះដោយយោងតាមរបាយការណ៍អង្កេតប្រព័ន្ធតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិរបស់ក្រសួងសុខាភិបាល។
ចំពោះរោគសញ្ញាវិញ គឺក្រោយពីមូសខ្លាញីខាំ ២ទៅ៣ថ្ងៃ អ្នកជំងឺមានអាការៈក្តៅខ្លួនលើសពី៣៨អង្សា ឈឺក្បាល ឈឺខ្លួនប្រាណ និងសន្លាក់ដៃជើង ហើយមានចេញកន្ទួលក្រហមនៅចំហៀងខ្លួន។ អាការៈនៃជំងឺគ្រុនឈីកនេះគឺស្រដៀងគ្នានឹងជំងឺគ្រុនឈាមដែរ ពោលអ្នកសង្ស័យកើតជំងឺនេះត្រូវប្រញាប់ទៅរកការពិនិត្យនៅតាមមន្ទីរពេទ្យ ដោយជៀសវាងការប្រើថ្នាំដោយខ្លួនឯងនាំឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ពិបាកព្យាបាល និងឈានទៅការស្លាប់បាត់បង់ជីវិត។
ដើម្បីការពារជំងឺគ្រុនឈីក ក៏ដូចជាជំងឺគ្រុនឈាម ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាកម្ចាត់ចោលជម្រកមូសខ្លានៅជុំវិញផ្ទះ និងដង្កូវទឹក ព្រមទាំងធ្វើអនាម័យនៅក្នុងផ្ទះ ដោយបន្ទប់គេងត្រូវមានពន្លឺចេញចូលជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ