កម្ពុជា-សង្គម

ការចាប់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំជាកូនរបស់សកម្មជនបក្សប្រឆាំងនាំឲ្យមានការថ្កោលទោស

អនុ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ បាន​ថ្កោលទោស​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ​ដែល​បាន​ចាប់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​អាយុ​១៥ឆ្នាំ​ ដែល​ជា​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​ កាល​ពី​ម្សិលមិញ ​ថា​ជា​ទង្វើ​ខុសច្បាប់​ ខណៈ​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​វាយខ្នោះ​លើ​អនីតិជន​បែប​នេះ​ថា​ជា​ការ​រំលោភ​លើ​សិទ្ធិ​កុមារ​។ បើ​តាម​ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ប្រុស​រូប​នេះ​ កូន​របស់​គាត់​កំពុង​មាន​ជំងឺ​ អូទីហ្សឹម​ ទើប​រូប​គេ​ធ្វើ​​សកម្មភាព​ទៅ​តាម​ចិត្ត​ចង់​។

កុមារដែលត្រូវចាប់ខ្លួន
កុមារដែលត្រូវចាប់ខ្លួន © សហការី
ផ្សាយពាណិជ្ជកម្ម

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ​បានហៅការចាប់ខ្លួនដោយ​វាយ​ខ្នោះ​ក្មេង​ប្រុស​​ជាអនីតិជនរូបនេះថា ជា​ទង្វើ​ខុស​ច្បាប់ ខណៈកូនសកម្មជនរូបនេះ​គ្រាន់​តែ​ចូល​ទៅ​រើស​ទង់ជាតិ​និងទង់​គណបក្សដែលនៅរាយប៉ាយនៅទីស្នាក់ការ​បក្សក្នុង​សង្កាត់​ចាក់​អង្រែលើនោះ​យក​មក​ទុក។

​បើតាម​លោក អេង ឆៃអ៊ាង ទីស្នាក់ការអតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជួល​អគារ​គណបក្ស​ភ្លើង​ទៀន​នេះ គឺមាន​ចោរ​ចូល​គាស់​យក​សម្ភារៈ​ រួមទាំងទ្រព្យ​សម្បត្តិ​របស់​លោក សម រង្ស៊ី ជាបន្តបន្ទាប់ ប៉ុន្តែមិនដែល​ឃើញសមត្ថកិច្ច​នៅទីនោះ​ចាប់​ចោរបានម្តងណាឡើយ។

ចំណែក អ្នក​ស្រី ព្រំ ចន្ថា ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង លោក កាក់ កុម្ភារ បានប្រាប់វិទ្យុ​បារាំងអន្តរជាតិRFIថា ​កូនប្រុស​របស់​អ្នកស្រី ឈ្មោះ កាក់ សុវណ្ណច្ឆ័យ អាយុ ១៥ឆ្នាំ កំ​ពុងមានជំងឺអូទីហ្សឹមត្រូវបានសមត្ថកិច្ចចាប់ទៅ​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើនៅរសៀល​ថ្ងៃទី៤តុលា​។

អ្នកស្រីរៀបរាប់បន្តទាំងអួលដើមករថា ​ជំងឺរបស់កូនអ្នកស្រីតាំង​ពី​កំណើតបែបនេះ បានប៉ះពាល់ដល់​ខួរក្បាលរបស់គេ ដោយរូបគេតែងតែធ្វើអ្វីមួយទៅតាមចិត្តចង់ ពោលការដែល​កូន​ប្រុសរបស់គាត់​ចូលទៅ​ប្រមូល​ទង់ជាតិ និងទង់បក្សនៅស្នាក់ការ​ដែល​សមត្ថកិច្ចហាមឃាត់នោះ ​អ្នកស្រីមិនបានដឹងឡើយ។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ​ លោក ឆាយ គឹមខឿន បានប្រាប់​វិទ្យុ​បារាំងអន្តរជាតិRFIយ៉ាងខ្លីថា ករណីនេះ​សមត្ថកិច្ចកំពុង​អនុវត្តនីតិវិធី តែមិនដឹងថា​នឹង​ត្រូវដោះលែងក្រោយ​ធ្វើ​ការអប់រំ​​ឬត្រូវបញ្ជូន​ទៅតុលាការនោះទេ ខណៈដែលម្តាយ​របស់ក្មេង​ប្រុសរូបនេះ បាន​អំពាវនាវ​ឲ្យ​ដោះលែង​កូនប្រុសគាត់មកវិញនៅត្រឹម២៤ម៉ោង។

លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្ស​លីកាដូ យល់ថា ការចាប់ខ្លួនក្មេងប្រុសរូបនេះ​ដោយ​វាយ​ខ្នោះ​គឺជាការរំលោភលើសិទ្ធិមនុស្សកុមារ​ ដោយលោកចាត់ទុកថា បើគ្រាន់តែ​ប្រមូល​ទង់ជាតិ​ទៅទុកដាក់​ដើម្បី​ឲ្យមានសោភ័ណ្ឌភាពគឺជារឿងល្អទៅវិញទេ។

សូមជម្រាបថា ក្មេងប្រុសរូបនេះ គឺជា​កូន​ប្រុសអតីត​សមាជិក​ក្រុមប្រឹក្សា​​រាជធានី​ភ្នំពេញ​មកពីគណបក្សប្រឆាំង ​គឺ លោក កាក់ កុម្ភារ។ ប៉ុន្តែសកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបាន​តុលាការ​ឃុំ​ខ្លួន ​កាល​ថ្ងៃ​ទី៣១ខែឧសភា ឆ្នាំ២០២០ ក្រោម​​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់ សំណុំរឿង​វិលចូលស្រុក​របស់​លោក សម រង្ស៊ី ​កាល​ពី​ឆ្នាំ២០១៩៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI