សំរាមនៅកម្ពុជា៖ រឿងតូចតាចតែឆ្លុះបញ្ចាំងពីសង្គមទាំងមូល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៧
នៅក្នុងសង្គមខ្មែរ សំរាមត្រូវបានគេចាត់ទុកថាជាបញ្ហាដ៏រ៉ាំរ៉ៃមួយដែលនៅមិនទាន់អាចដោះស្រាយបាន។ បើទោះបីជាការគ្រប់គ្រងសំរាមត្រូវអាជ្ញាធរធ្វើកំណែទម្រង់ហើយក៏ដោយ ក៏បញ្ហាសំរាមនៅតែចោទឡើង តាមរយៈទម្លាប់របស់ប្រជាពលរដ្ឋដែលមិនទាន់បានទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅឡើយ។ វាល្មមដល់ពេលហើយដែលពលរដ្ឋខ្មែរត្រូវបោះបង់ទម្លាប់ចាស់ បង្កើតទម្លាប់ថ្មី ដោយត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ការបោះចោលសំរាមពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ ត្រូវបានគេប្រទះឃើញជាញឹកញាប់។ នៅតាមគេហដ្ឋានវិញ ពិសេសតំបន់ជាយក្រុង សំរាមមួយចំនួនត្រូវបានគេបោះចោល នៅតាមចិញ្ចើមផ្លូវ តាមប្រឡាយទឹក ឬតាមជញ្ជាំងអគារសាធារណៈជាដើម។
ដូចគ្នានេះដែរ តំបន់រមណីយដ្ឋានមួយចំនួន រួមទាំងប្រាសាទអង្គរវត្តផង ពេលខ្លះត្រូវបានបំពុល ដោយកាកសំណល់ផ្សេងៗ បន្ទាប់ពីមានការជួបជុំដ៏មមាញឹករបស់ភ្ញៀវទេសចរណ៍ក្នុងពិធីណា មួយ។ កាកសំណល់ ឬសំរាមដែលគេតែងតែឃើញនៅក្នុង តំបន់រមណីយដ្ឋាន មានដូចជា ដបទឹកសុទ្ធ កំប៉ុងទឹកក្រូច កំប៉ុងស្រាបៀរ ប្រអប់ស្នោរដាក់អាហារ ថង់ផ្លាស្ទីក និងកាកសំណល់ចំណីអាហារជាដើម។
ក្រៅតែពីការបោះចោលសំរាមនៅនឹងកន្លែង ក៏មានដែរការបោះចោលសំរាមចេញពីយាននៅតាមផ្លូវ។ អ្នកបោះចោលសំរាមខ្លះ គឺជាម្ចាស់រថយន្តដ៏ប្រណីត ឯអ្នកខ្លះទៀត គឺជាអ្នកធ្វើដំណើរតាមរថយន្តឈ្នួល។ ការបោះចោលសំរាមខ្លះ បានធ្វើអោយប៉ះពាល់ដល់អ្នកដំណើរនៅលើដងផ្លូវជាមួយគ្នា និង ពេលខ្លះទៀត បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ ផងក៏មាន។
តើមានមូលហេតុអ្វីខ្លះ ដែលនាំអោយពលរដ្ឋខ្មែរមួយចំនួនមានទម្លាប់មិនល្អបែបនេះ? ហើយតើត្រូវដោះស្រាយទម្លាប់អាក្រក់បែបនេះយ៉ាងដូចម្តេច?
កំណាព្យមួយឃ្លានៅក្នុងច្បាប់បណ្តាំបិតា បានសរសេរថា “ដឹងឆ្ងើយត្បិតដង កូនសោតរែងឆ្គង ត្បិតតែឪពុក”។ កំណាព្យនេះ បានបង្ហាញថា ការអប់រំនៅក្នុងគ្រួសារគឺជារឿងសំខាន់។ ដូច្នេះទម្លាប់អាក្រក់ទាក់ទងនឹងការចោលសំរាមរបស់កុមារ យុវជន និងពលរដ្ឋមួយចំនួន គឺបណ្តាលមកពីការមិនទទួលបានការ អប់រំពីឪពុកម្តាយ អាណាព្យាបាល ឬមនុស្សចាស់ក្នុងគ្រួសារ។ បើពុំដូច្នេះទេ គឺមនុស្សចាស់ក្នុងគ្រួសារ តែម្តង ដែលបានធ្វើជាគំរូអាក្រក់សម្រាប់កូនៗ។ ការមិនយកចិត្តទុកដាក់ចំពោះការចោលសំរាមនេះ បានក្លាយជាទម្លាប់អាក្រក់មួយ ដែលតែងតែប្រព្រឹត្តឡើងដោយមិនខ្វល់ពីអ្នកជុំវិញទាល់តែសោះ។
ក្រៅតែពីគ្រួសារដែលជាសង្គមតូច នៅក្នុងសង្គមធំ ពលរដ្ឋក៏ត្រូវទទួលបានការអប់រំផងដែរ។ សាលារៀន គឺជាកន្លែងទី២ ដែលត្រូវអប់រំ កុមារ យុវជន និងពលរដ្ឋ អោយបានយល់ដឹងអំពីសំរាមនេះ ។ កង្វះការយល់ដឹងអំពីបរិស្ថាន ធ្វើអោយប្រជាពលរដ្ឋមួយចំនួន មិនយកចិត្តទុកដាក់អំពីការបោះចោលសំរាម និងការគ្រប់គ្រងសំរាម។ ពេលខ្លះពួកគេត្អូញត្អែរអំពីផលប៉ះពាល់ដែលបណ្តាលមកពីសំរាម ប៉ុន្តែពួកគេមិនចូលរួមសំអាត ឬគ្រប់គ្រងសំរាមអោយមានរបៀបរៀបរយនោះទេ។
ការចោលសំរាម មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ ដែលនៅក្នុងនោះមានទាំង ពលរដ្ឋធម្មតា និងអាជ្ញាធរ។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។
បញ្ហាសំរាម មិនមែនជាការទទួលខុសត្រូវរបស់នរណាម្នាក់ ឬក្រុមណាមួយតែឯងឡើយ។ ដូច្នេះ បន្ថែមពីលើការងាររបស់អាជ្ញាធររដ្ឋាភិបាល ពលរដ្ឋម្នាក់ៗក៏ត្រូវរួមចំណែកក្នុងការងារនេះដែរ ដោយចាប់ផ្ដើមពីការលះបង់ទម្លាប់ចាស់ ឈប់បោះចោលសំរាមពាសវាលពាសកាល ហើយបង្កើតទម្លាប់ថ្មី។ វាល្មមដល់ពេលហើយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ចាប់ផ្តើមគិតគូរ និងអនុវត្តរឿងតូចតាចមួយនេះ ដើម្បីសង្គមយើង។ អ្នកដែលត្រូវ អនុវត្តមុនគេគឺ ឪពុកម្តាយ អាណាព្យាបាល ឬមនុស្សចាស់ គ្រូបង្រៀន និងអាជ្ញាធរ។ ប្រសិនបើយើងអាចអនុវត្តបានទាំងអស់គ្នា នោះយើងនឹងអាចលើកកំពស់បរិស្ថាន ហើយអាចរួមចំណែកកសាងសោភ័ណភាពរបស់ប្រទេសយើងបានទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ