CamboJA រិះគន់ការកាត់ទោសអ្នកកាសែតតាមច្បាប់ព្រហ្មទណ្ឌ និងស្នើឲ្យដោះលែងអ្នកកាសែតផ្សេងទៀត ដែលជាប់ឃុំ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានសម្តែងនូវការព្រួយបារម្ភក្រោយពេលដែលតុលាការក្រុងភ្នំពេញបានប្រើក្រមព្រហ្មទណ្ឌ កាត់ទោសឱ្យលោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយកសារព័ត៌មាន TVFB មានទោសជាប់ពន្ធនាគារ១៨ខែ ពីបទញុះញង់ឲ្យមានចលាចលក្នុងសង្គម ។ សេចក្តីថ្លែងការណ៍របស់ CamboJA ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី នៅថ្ងៃចន្ទនេះ រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ដែលបានតាមដានករណីលោក សុវណ្ណ រិទ្ធី យ៉ាងយកចិត្តទុកដាក់ បានសម្តែងការស្វាគមន៍ចំពោះការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដោយបានដោះលែងលោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយកសារព័ត៌មាន TVFB ឱ្យមានសេរីភាពឡើងវិញនេះ។
ទោះយ៉ាងណា CamboJA មានការខកចិត្តចំពោះការកំណត់ឱ្យលោក សុវណ្ណ រិទ្ធី មានទោសដាក់ពន្ធនាគាររហូតដល់ទៅ១៨ខែ។ នេះគឺជាករណីទី១ ដែលអ្នកយកព័ត៌មានត្រូវបានកាត់ឱ្យមានទោសក្នុងអំឡុងពេលដែលគាត់រាយការណ៍ពីកូវីដ១៩។ តាមលិខិតរបស់ CambodJA នេះគឺជាការគំរាមកំហែងដល់ការបន្តប្រើប្រាស់សេរីភាពរបស់លោក សុវណ្ណ រិទ្ធី ផ្ទាល់ក៏ដូចជាអ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈផ្សេងៗទៀត ហើយដែលកំពុងរាយការណ៍ពីកូវីដ១៩។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងថា លោក សុវណ្ណ រិទ្ធី គ្រាន់តែបានប្រើប្រាស់តួនាទីរបស់គាត់ជាអ្នកសារព័ត៌មានម្នាក់ ដោយស្រង់សម្តីរបស់ប្រភពមកផ្សព្វផ្សាយ ដូច្នេះការដាក់ទោសលើអ្នកសារព័ត៌មានដោយប្រើប្រាស់ក្រមព្រហ្មទណ្ឌគឺនៅតែជាការគំរាមកំហែង និងបង្កើតឱ្យមានការភ័យខ្លាចដល់អ្នកសារព័ត៌មានផ្សេងទៀត ហើយឆ្លុះបញ្ចាំងថា ច្បាប់ស្តីពីរបបសារព័ត៌មានមិនត្រូវបានយកមកអនុវត្តឡើយ។
បន្ថែមពីនេះ អង្គការសារព័ត៌មានមួយនេះ ក៏បានអំពាវនាវ និងស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងអ្នកសារព័ត៌មានផ្សេងទៀតដូចជា លោក រស់ សុឃិត លោក សុខ ឧត្តម និងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ (ហៅយាង សុជាមេត្តា) លោក អូន ភាព និងលោក ភីធើ ហ្សំប៊័រ ( Zsombor Peter) អតីតអ្នកសារព័ត៌មានកាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily) ផងដែរ។ លើសពីនេះ CambodJA ក៏បានអំពាវនាវដល់ក្រសួងព័ត៌មាន ផ្តល់ជូនឡើងវិញនូវអាជ្ញាបណ្ណមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដល់លោក សុវណ្ណ រិទ្ធី ដើម្បីឱ្យគាត់អាចបន្តអាជីពជាអ្នកសារព័ត៌មានបានជាបន្តទៀត។
សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅនៅក្នុងរាជធានីភ្នំពេញ។ លោកត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់តធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ