សង្គមស៊ីវិលស្នើសុំអន្តរាគមន៍ពីលោក ស ខេង ករណីប៉ូលីសមូលដ្ឋានចុះស្រង់ស្ថិតិបុគ្គលិកពួកគេ
ក្រុមសហជីព និងសមាគមចំនួន៦ នៅថ្ងៃអង្គារនេះ បានសរសេរលិខិតមួយច្បាប់ជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យលោកធ្វើអន្តរាគមន៍ បញ្ឈប់ការចុះស្រង់បច្ចុប្បន្នភាពស្ថិតិបុគ្គលិក និយោជកខ្មែរ និងបរទេស ដែលកំពុងបំរើការងារក្នុងស្ថាប័នរបស់ពួកគេ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានហៅសកម្មភាពរបស់អាជ្ញាធរប៉ូលីសមូលដ្ឋានថា មិនស្របនឹងគោលការណ៍ច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
អង្គការសង្គមស៊ីវិលទាំង៦ ដែលបានសរសេរលិខិតស្នើសុំអន្តរាគមន៍ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះមាន សហភាពការងារកម្ពុជា សម្ព័ន្ធសហជីព C.CAWDU អង្គការសង់ត្រាល់ សហព័ន្ធសហជីពកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធកសិករកម្ពុជា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានសម្តែងនូវការព្រួយបារម្ភពីការរំខាន យាយីពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិមកលើស្ថាប័នរបស់ពួកគេ។
នៅក្នុងលិខិតចំនួន៣ទំព័រ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងពីការចុះស្រង់បច្ចុប្បន្នភាពស្ថិតិបុគ្គលិក និយោជកខ្មែរ និងបរទេស ដែលកំពុងបំរើការងារក្នុងស្ថាប័នរបស់ពួកគេ ជាពិសេសនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លិខិតដដែលបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា បេសកម្មរបស់កម្លាំងប៉ូលីសខណ្ឌមានជ័យ និងកម្លាំងប៉ូលីសមូលដ្ឋាន ដែលចុះធ្វើព័ត៌មានលម្អិតអំពីអត្តសញ្ញាណនៃបុគ្គលិកម្នាក់ៗ រួមទាំងថតរូបផងនោះ គឺជាប្រតិបត្តិការ ដែលផ្ទុយពីគោលការណ៍នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមសង្គមស៊ីវិលបន្តថា មានតែក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ ដែលច្បាប់តម្រូវឲ្យពួកគេផ្តល់ព័ត៌មាន អំពីការកែប្រែ ការផ្លាស់ប្តូរ នូវទិន្នន័យដែលតម្រូវដោយច្បាប់។
ទាក់ទងទៅនឹងលិខិតស្នើសុំអន្តរាគមន៍របស់អង្គការសង្គមស៊ីវិលនេះ ក្រសួងមហាផ្ទៃនៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ