អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើអ្វីទៅជា « សារធាតុងងឹត » (Dark Matter)

សំឡេង ០៩:៣១
NASA
ដោយ៖ សេង ឌីណា
២២ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពី​អាថ៌កំបាំង​ដ៏​ចម្បងមួយ នៅ​ក្នុង​ចក្រវាល ដែល​អ្នក​វិទ្យាសាស្រ្ត​នៅតែ​មិនទាន់​អាច​យល់​ច្បាស់​នៅឡើយ គឺវត្តមាន​នៃ​សារធាតុ​ចម្លែក ដែល​មិនបញ្ចេញពន្លឺ ហើយ​ក៏​មិន​ចាំងផ្លាតពន្លឺ មិនអាច​ឲ្យ​យើង​សង្កេតមើល​ឃើញ​បាន ហើយ​ដែល​គេ​ហៅ​តាម​ភាសាអង់គ្លេស​ថា « Dark Matter »។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ចន្ទ ២៨កញ្ញា ២០២០ កន្លងទៅថ្មីៗ​នេះ តារាវិទូ​​អាមេរិក​មួយក្រុម​បាន​ចេញផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​​ទៅលើ​បរិមាណ​នៃ​​សារធាតុ​និង​ថាមពល នៅ​ក្នុង​ចក្រវាល​ ហើយ​បាន​​​គណនា​រកឃើញ​​លទ្ធផល​យ៉ាង​លម្អិត​បំផុត ដែល​គេ​មិន​ធ្លាប់​ធ្វើ​ពីមុន គឺ​​​ថា គ្រប់អ្វីៗ​ទាំងអស់ ដែល​ជា​ធាតុផ្សំ​សរុប​នៃ​​ចក្រវាល​របស់​យើង​នេះ មាន​សារធាតុ​​តែ ៣១,៥%​ប៉ុណ្ណោះ​ ចំណែក​ឯ ៦៨,៥% ផ្សេងទៀត គឺ​សុទ្ធសឹង​ជា​ថាមពល​ដែល​គេ​មិនទាន់អាច​យល់​ច្បាស់​នៅឡើយ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​​ថា « ថាមពលងងឹត » ឬ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Dark Energy »។

នៅ​ក្នុង​ចំណោម​សារធាតុ​ទាំង ៣១,៥% នោះទៀត​សោត ភាគច្រើន​លើសលុប (ពោលគឺរហូតដល់​ទៅ​ប្រមាណ​ជាង ៨០%) ក៏​ជា​ប្រភេទ​សារធាតុ ដែល​យើង​នៅ​មិនទាន់​អាច​យល់​បាន​ច្បាស់លាស់​នៅឡើយដែរ ដោយសារ​តែ​វាមិន​បញ្ចេញ​ពន្លឺ​អាច​ឲ្យ​យើង​សង្កេតមើល​ឃើញ​ដោយ​ផ្ទាល់​បាន ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « សារធាតុងងឹត » ឬ​តាម​ភាសា​អង់គ្លេស « Dark Matter »។

សំណួរសួរ​ថា តើ​សារធាតុងងឹត (Dark Matter) នេះ គឺ​ជា​អ្វី? ហើយ​បើ​វា​ជា​សាធាតុ​ងងឹត ដែល​មិន​បញ្ចេញ​ពន្លឺ​អ្វីសោះ ហើយ​ដែល​មិន​អាច​ឲ្យ​យើង​មើល​ឃើញ​មាន​សោះនោះ តើ​ហេតុអ្វីបាន​ជា​គេ​អាច​ដឹង​ពី​វត្តមាន​ ហើយ​រហូត​ដល់​អាច​វាស់ដឹង​ពី​បរិមាណ​របស់​វា​បាន​បែបនេះ?

គេ​ដឹង​ថា សារធាតុ​ងងឹត​ថ្វីដ្បិត​តែ​មិន​បញ្ចេញ​ពន្លឺ ក៏ប៉ុន្តែ មាន​ម៉ាស់ និង​មាន​កម្លាំង​ទំនាញ ហើយ​យោងតាម​ទ្រឹស្តី General Relativity របស់​អាល់ប៊ែរ អាញ់ស្តាញ់ កម្លាំង​ទំនាញ​មាន​ឥទ្ធិពល​ពិសេស​មួយ គឺ​វា​ធ្វើ​ឲ្យ​លំហពេល​ត្រូវកោង ហើយ​ពន្លឺ​ដែល​ឆ្លងកាត់​តាម​តំបន់​នោះ​ក៏​ត្រូវ​កោង​ទៅតាម​ភាព​កោង​នៃ​លំហពេល​នោះដូចគ្នា។ នៅពេល​ដែល​គន្លង​នៃ​ពន្លឺ​ត្រូវ​កោង រូបភាពនៃ​ប្រភព​ពន្លឺ​ក៏​ត្រូវ​ប្រែប្រួល​​ទៅតាម​នោះផងដែរ ដោយ​ពេលខ្លះ ទីតាំង​ដែល​យើង​សង្កេតឃើញ​វា​ត្រូវ​ប្រែប្រួល​ខុសពី​ទីតាំង​ពិតប្រាកដ ឬ​ពេលខ្លះ​ទៀត រូបរាង​របស់​វា​ត្រូវ​ប្រែប្រួល​ខុស​ពី​រូបរាង​ដើម​ទាំងស្រុង​ក៏​មាន។ បាតុភូត​នេះ​ត្រូវបានគេ​ឲ្យឈ្មោះតាម​ភាសា​អង់គ្លេសថា « Gravitational Lensing » ហើយ​តាមរយៈ​ការ​សង្កេត​ទៅលើ​បាតុភូត​នេះ​ហើយ ដែល​គេ​អាច​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​រក​បាន​នូវ​ភស្តុ​តាង​ដែល​​បញ្ជាក់​ពី​វត្តមាន​នៃ​សារធាតុ​ងងឹត​បាន ព្រមទាំង​អាច​គណនា​បាន​ផងដែរ នូវ​ម៉ាស់​របស់​វា។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ