កម្ពុជា-សង្គម

អ្នកនាំពាក្យ៖ព្រឹទ្ធសភានឹងដកអភ័យឯកសិទ្ធិ បើសិនសមត្ថកិច្ចរកឃើញថាលោកណយ ស្រូនបានប្រព្រឹត្តខុសច្បាប់

លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា
លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា © FB

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ លោក​ម៉ម ប៊ុននាង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ ករណី​លោក​ណយ ស្រូន​ គឺ​មិន​ត្រូវ​បាន​បញ្ចប់​ដោយការ​សុំ​អភ័យទោស​នោះ​ទេ​ពាក់ព័ន្ធ​នឹង​ការ​ចូល​ទៅ​កាន់​កាប់​ដី​របស់​រដ្ឋ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី។​មណ្ឌលគិរី​។ បើ​តាម​លោក​ម៉ម ប៊ុននាង ​ព្រឹទ្ធសភា​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ភា្លម​ បើសិន​អាជ្ញាធរមានធរ​មាន​សមត្ថកិច្ច​រក​ឃើញ​ពី​ទោសកំហុង​កំហុស​របស់លោក។​លោក​។ ការ​គូស​បញ្ជាក់​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ករណី​នេះ​ត្រូវ​បាន​អ្នក​នយោបាយ ​សង្គមស៊ីវិល ​និង​ពលរដ្ឋ​ទូទៅ​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​យ៉ាងខ្លាំង។​

ផ្សាយពាណិជ្ជកម្ម

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃពុធនេះ បានរិះគន់យ៉ាងខ្លាំងទៅលើវិធានការរបស់ព្រឹទ្ធសភាកម្ពុជាចំពោះករណីលោកណយ ស្រូន ដែលជាសមាជិកព្រឹទ្ធសភា។ លោកបានគូសបញ្ជាក់ថា វិធានការរបស់ព្រឹទ្ធ​ស​ភានេះ គឺនឹងនាំមាននិទណ្ឌភាព និងភាពមិនស្មើគ្នាក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់រវាងអ្នកធំ ​និងអ្នកតូចនៅក្នុងប្រ​ទេ​សកម្ពុជា។ មិនតែប៉ុណ្ណោះ នឹងនាំឱ្យមានការឈឺចាប់ដល់អ្នកដែលមិនមានអំណាច ដូចយ៉ាងប្រជាពលរដ្ឋសាមញ្ញជាដើម។ សម្រាប់លោកពេជ្រ ស្រស់ ការគ្រាន់តែសុំទោសហើយអាចរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ គឺជាគំរូ និងវប្បធម៌អាក្រក់ ហើយជះឥទ្ធិពលមិនល្អលើឥទ្ធិពលច្បាប់ និងធ្វើឱ្យអ្នកអនុវត្តច្បាប់ស្អុយឈ្មោះ។

ចំណែក លោកស្រីចក់ សុភាព ដែលជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញបានអះអាងថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ចប់នូវវប្បធម៌និទណ្ឌភាព។ លោកស្រីកត់សម្គាល់ថា វិធានការកន្លងមក គឺរដ្ឋាភិបាលប្រើតែវិន័យរដ្ឋបាល​ ហើយភាគច្រើន គឺដក ឬផ្ទេរតំណែងមន្ត្រីជាប់ពិរុទ្ធ​ តែពេលខ្លះ ការផ្ទេរតំណែងនេះទៀតសោត គឺអាចទៅទទួលតំណែងល្អជាងមុនថែមទៀត។ សម្រា​ប់លោកស្រីចក់ សុភាព​ នេះមិនមែនជាការអនុវត្តគោលការណ៍នីតិរដ្ឋទេ​ តែជាការចូលរួមចំណែកលើកទឹកចិត្តដល់ជនដទៃឱ្យប្រព្រឹត្ត​តាមដែរ ដែលនេះនឹងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដែលចង់ឱ្យមានកំណែទម្រង់ល្អប្រសើរនោះ។

ប្រតិកម្មរិះគន់ពីអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យព្រឹទ្ធសភាពកម្ពុជាកាលពីថ្ងៃអង្គារ បានបញ្ចេញឱ្យដឹងពីករណីលោកណយ ស្រូន បានរៀបចំឯកសារកាន់កាប់ដីទំហំ៥៣១ហិកតានៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោកណយ ស្រូន ត្រូវបានថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភាហៅមកណែនាំ និងអប់រំហើយលោកបានសុំការអភ័ទោស និងទទួលយកការណែនាំទាំងអស់នេះ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោកម៉ម ប៊ុននាង បានអះអាងថា នេះ គឺគ្រាន់តែជាវិធានការដំបូងបំផុតរបស់ព្រឹទ្ធសភាតែប៉ុណ្ណោះ ហើយវិធានការនេះមិនមែនជាការបិទផ្លូវចំពោះការឈានទៅអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភារូបនេះនោះឡើយ។ បើតាមលោកម៉ម ប៊ុននាង ព្រឹទ្ធសភាកម្ពុជាបានទុកករណីលោកណយ ស្រូននេះឱ្យអាជ្ញាធរអនុវត្តច្បាប់ស្រាវ​ជ្រាវ និងស៊ើបអង្កេតពីការប្រព្រឹត្ត ឬមិនប្រព្រឹត្តខុសច្បាប់របស់លោក។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញពីការប្រព្រឹត្តខុសច្បាប់របស់លោក ហើយស្នើមកព្រឹទ្ធសភានោះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងដកអភ័យឯកសិទ្ធិ ដើម្បីប្រគល់លោកណយ ស្រូន ទៅឱ្យសមត្ថកិច្ច និងតុលាការអនុវត្តតាមទៅច្បាប់របស់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI