គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបំភ្លឺជុំវិញការចោទប្រកាន់ពីសំណាក់អង្គការសង្គមស៊ីវិល
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃពុធនេះ បានធ្វើការបំភ្លឺជុំវិញ របាយការណ៍របស់ក្រុម និង អង្គការស្ថាប័នមួយចំនួន ដែលបានចោទប្រកាន់មកលើរដ្ឋាភិបាលកាលពីពេលថ្មីៗនេះថា មាននិន្នាការនយោបាយប្រឆាំង នឹងរដ្ឋាភិបាល មានលំអៀង គ្មានមូលដ្ឋាន និង មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ។ នេះបើយោងតាមលិខិតបំភ្លឺ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីអំពី បច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ក្នុងការលើកស្ទួយប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលានេះ។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងសេចក្តីជូនព័ត៌មានដែលបានផ្សព្វផ្សាយជាភាសារខ្មែរចំនួន៧ទំព័រ បានសង្កត់ធ្ងន់ទាក់ទងទៅនឹង ការវាយតម្លៃអំពីស្ថានភាពសិទ្ធមនុស្សនៅកម្ពុជាដែលលំអៀងនិងគ្មានមូលដ្ឋាន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា របាយការណ៍ចោទប្រកាន់ទាំងនោះ គ្រាន់តែធ្វើការប្រមូល បុកសរុបនូវព្រឹត្តិការណ៍ និង ធ្វើការសន្និដា្ននតែលើរូបភាពខាងក្រៅប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលំអិតដែលនាំឱ្យមានព្រឹត្តិការណ៍នីមួយៗ ទាំងទិដ្ឋភាព និងនិតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និង អំពើដែលជាធាតុផ្សំនៃបទល្មើសដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។
បន្ថែមពីនេះ វាជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ងាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដា្នន និងចោទប្រកាន់ថាជាការរំលោភសិទ្ធមនុស្សដោយមិនខ្ចីអើពើនឹងពិចារណា ទៅលើទិដ្ឋភាព និងនិតិវិធីច្បាប់អង្គហេតុនៃបទល្មើស និង អំពើដែលជាធាតុផ្សំនៃបទល្មើសដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា វិធានការច្បាប់របស់សមត្ថកិច្ចនាពេលកន្លងមក មិនបានផ្តោតជាក់លាក់ទៅលើក្រុមគោលដៅណាមួយនោះទេ ពោលគឺអនុវត្តជាទូទៅ មិនថាអ្នកទាំងនោះជាសកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវិល នយោបាយ ឬបរិស្ថាននោះទេ ឱ្យតែប្រព្រឹត្តិល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់នានាដូចគ្នា ដោយមិនមានការលើកលែងឬអភ័យឯកសិទ្ធិពិសេសដោយឡែកណាមួយនោះទេ។
គួរជម្រាបជូនថា ការបំភ្លឺ និង ផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្សនេះផងដែរធ្វើឡើង បន្ទាប់ពី កាលពីពេលថ្មីៗនេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះ ខណៈដែលសិទ្ធិនយោបាយមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។ អ្នកស្រីលើកបែបនេះនៅពេលដែលអ្នកស្រីបង្ហាញរបាយការណ៍ស្ថានភាពសិទ្ធិមនុស្សកម្ពុជា ទៅកាន់អង្គប្រជុំដាច់ដោយឡែកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ២ ខែតុលា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ