កម្ពុជា-សង្គម

លោកសម រង្ស៊ី អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់កុំឱ្យប្រទេសចិនរំលោភអព្យាក្រិតភាពប្រទេសកម្ពុជា

លោក​សម រង្ស៊ី ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ក្នុង​នាម​អតីត​គណបក្ស​សង្រ្គោះជាតិ ​បាន​ចេញ​មក​បរិហារ​ពី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ជាមួយ​ប្រទេស​ចិន​ ជាពិសេស​ គឺ​បញ្ហា​ចោទ​ប្រកាន់​ពាក់ព័ន្ធ​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​។ ចំពោះ​បញ្ហា​នេះ​ លោក​សម រង្ស៊ី ​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រួម​គ្នា​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​ចិន​រំលោភ​បំពាន​លើ​អព្យាក្រិត​ភាព​របស់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាន​អះអាង​ជា​ថ្មី​ថា​ កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​។

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

គឺតាមរយៈសេចក្តីថ្លែងការណ៍ជាសំណេរនៅលើទំព័រហ្វេសប៊ុក លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិបានលើកឡើងដូច្នេះថា សហគមន៍អន្តរជាតិត្រូវតែប្រតិកម្មព្រមគ្នា ដើម្បីទប់ស្កាត់កុំឱ្យប្រទេសចិនមករំលោភអព្យា​ក្រិតភាពនៃប្រទេសកម្ពុជា។ សម្រាប់លោកសម រង្ស៊ី ឯករាជ្យភាព និងអព្យាក្រិតភាពនៃប្រទេសកម្ពុជាអាចធានាបាន លុះត្រាតែមានលទ្ធិប្រជាធិបតេយ្យ ពោល គឺលោកអះអាងថា នៅពេលណាដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះចេញពីតំណែង ហើយមានការបោះឆ្នោត ដោយចំហ សេរី និងយុត្តិធម៌យ៉ាងពិតប្រាកដ។

ការអះអាងរបស់លោកសម រង្ស៊ីនេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងចិនកំពុងមានភាពល្អូកល្អឺននឹងគ្នាខ្លាំង។ ប៉ុន្តែភាពល្អូនល្អឺននឹងគ្នានេះ ត្រូវបានលោកសម រង្ស៊ី បានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា និងចិនបានចុះហត្ថលេខាជាមួយគ្នាក្នុងវិស័យយោធា និងហិរញ្ញវត្ថុ ហើយលោកថា កិច្ចសន្យាទាំងនោះជាការរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ដែលតម្រូវឱ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវជំហរអព្យាក្រិតមិនលំអៀងទៅខាងណាឡើយ។ បន្ថែមលើនេះ ដោយយោងតាមសារព័ត៌មានអន្តរជាតិ លោកសម រង្ស៊ី ថែមបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតយោធាចិនអាចចូលចតនៅក្នុងមូលដ្ឋានទ័ពជើងទឹករាមនៅក្នុងខេត្តព្រះសីហនុបានទៀតផង។

ចំពោះមូលដ្ឋានទ័ពជើងទឹកនៅរាមនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០៧ ខែតុលា បានបកស្រាយថា មូលដ្ឋានទ័ពជើងទឹកនេះ គឺជាកំពង់ផែយោធាដែលមិនមែនចេះតែអនុញ្ញាតឱ្យប្រទេសណាចូលបាននោះទេ។ ដូច្នេះហើយ លោកថា គឺត្រូវតែសុំការអនុញ្ញាត ហើយមិនមែនត្រឹមតែចិនមួយទេដែលមានសិទ្ធិប្រើប្រាស់នោះ គឺប្រទេសដទៃដែលសុំការអនុញ្ញាតមកចូលចត ចាក់ប្រេង ឬឡើងគោក ដើម្បីធ្វើសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា គឺកម្ពុជាស្វាគមន៍ជានិច្ច។

ទាក់ទងនឹងការជួយដល់កម្ពុជាជាច្រើនពីសំណាក់ប្រទេសចិនវិញ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានចោទជាសំណួរថា បើប្រទេសចិនមកជួយដល់កម្ពុជា តើនរណាជាអ្នកជួយដល់ប្រទេសកម្ពុជា។ បើទោះបីចិនជួយដល់កម្ពុជាច្រើនបែបណាក៏ដោយ ក៏ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជាថ្មីថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិ​បតេយ្យភាព គឺកម្ពុជាមិនចូលរួមជាមួយអ្នកណាហើយប្រឆាំងជាមួយអ្នកណានោះទេ។ មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនអនុញ្ញាឱ្យមានទីតាំងយោធាបរទេសនៅក្នុងទីតាំងទឹកដីរបស់ខ្លួន និង ក៏មិនបោះទីតាំងយោធារបស់ខ្លួននៅលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI