លោកហ៊ុន សែនថា កម្ពុជាមិនបានស្នើម្ចាស់បំណុលឱ្យពន្យាការបង់ប្រាក់កម្ចីទេ ទោះកំពុងប្រឈមនឹងជំងឺកូវីដ១៩
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា បើទោះបីកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកមិនបានស្នើសុំម្ចាស់បំណុលបរទេសឱ្យពន្យាការបង់ប្រាក់កម្ចីនោះទេ។ លោកហ៊ុន សែន បានអះអាងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែតុលានេះ។ ការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចកម្ពុជាបានប្រកាសពីការបង្កើនការខ្ចីបុលបរទេសបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយសារតែជំងឺកូវីដ១៩។
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុនៅសម័យលុកលុយដោយជំងឺកូវីដ១៩។ មិនតែប៉ុណ្ណោះ លោកគូសបញ្ជាក់ទៀតថា កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលឱ្យពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ ត្រូវបានបញ្ចេញឱ្យដឹងដោយលោកផៃ ស៊ីផាន ដែលអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រនេះ។
បើតាមលោកផៃ ស៊ីផាន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងដែរថា ថ្វីបើកំពុងប្រឈមនឹងបញ្ហាកូវីដ១៩ ក៏កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។ ជាមួយគ្នានេះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើក ដូចជាការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងការបណ្ដាក់ទុនសាធារណៈក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋាន។ ចំណែក ការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព។ នេះបើតាមលោកនាយករដ្ឋមន្រ្តីដដែល។
បើទោះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងពីស្ថានភាពល្អប្រសើរនៃវិស័យហិរញ្ញវត្ថុក្នុងសម័យកូវីដ១៩នេះក៏ពិតមែន ប៉ុន្តែកម្ពុជាក៏ត្រូវការកញ្ចប់ថវិកាបន្ថែមទៀត។ កាលពីដើមខែតុលានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសពីបង្កើនការខ្ចីបុលបរទេសបន្ថែមពីឆ្នាំ២០២០នេះដល់ឆ្នាំ២០២៤។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺនៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងបង្កើនកម្ចីពីបរទេសដល់ទៅជាង៨,៦ពាន់លានដុល្លារ ខណៈឆ្នាំ២០២១បង្កើនដល់ជាង១០ពាន់លានដុល្លារ។
រីឯ នៅក្នុងឆ្នាំ២០២២គ្រោងបង្កើនកម្ចីដល់ជាង១១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៣ គ្រោងបង្កើនដល់ជាង១២ពាន់លានដុល្លារ និងឆ្នាំ២០២៤គ្រោងបង្កើនកម្ចីជាង១៣,៩ពាន់លនាដុល្លារអាមេរិក។ ក្រសួងសេដ្ឋកិច្ចកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើនកម្ចីពីបរទេសនេះ គឺដើម្បីយកមកស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ