ជំនន់ទឹកភ្លៀង៖ប៉ះពាល់ពលរដ្ឋជាង១ម៉ឺន១ពាន់អ្នកនៅក្នុងខេត្តចំនួន១០
យ៉ាងហោចណាស់ពលរដ្ឋជាង១ម៉ឺន១ពាន់នាក់ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចាប់តាំងពីថ្ងៃទី១ដល់៩តុលា ស្ថិតនៅក្នុងខេត្តចំនួន១០ក្នុងប្រទេសកម្ពុជា។ ស្ថានភាពនេះ បានបង្ខំឲ្យអាជ្ញាធរខេត្តនីមួយៗជម្លៀសពលរដ្ឋខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពបានចំនួនសរុបជិត៨០០គ្រួសារ។ ដោយសារជំនន់ទឹកភ្លៀងនេះដែរ មនុស្សម្នាក់បានស្លាប់។ នេះបើតាមការបញ្ជាក់ប្រាប់ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃសៅរ៍នេះ ប៉ុន្តែគេនៅមិនទាន់កំណត់អត្តសញ្ញាណអ្នកស្លាប់នេះបាននៅឡើយទេ។
ចុះផ្សាយនៅថ្ងៃ៖
គិតត្រឹមថ្ងៃទី៩តុលា មានស្រុកចំនួន១៩និងឃុំចំនួន៦៣ស្ថិតនៅក្នុងខេត្តជាង១០ កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ខេត្តទាំងនោះរួមមានៈ ប៉ៃលិន បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ ពោធិ៍សាត់ និងបាត់ដំបង ជាដើម។ ក្នុងចំណោមខេត្តទាំង១០នេះ ពោធិ៍សាត់ និងបាត់ដំបង បានរងផលប៉ះពាល់យ៉ាងដំណំ ដោយសារជំនន់ទឹកភ្លៀងគិតមកដល់ថ្ងៃទី១០តុលានេះនៅតែបន្តធ្លាក់យ៉ាងគំហុគ។ ចំពោះទឹកស្ទឹងពោធិ៍សាត់ មន្ត្រីជំនាញបានព្រមានពីកម្រិតកម្ពស់ទឹកអាចឈានការប្រកាសឲ្យប្រុងប្រយ័ត្ន។
ដោយឡែកពីខេត្តបាត់ដំបងឈរជើងនៅអាងស្តុកទឹកបាសាក់ទីដែលអាជ្ញាធរកំពុងជួសជុលអាងនេះដែលបាក់ដោយសារកម្លាំងទឹក លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជំនន់ទឹកភ្លៀងអាចនឹងមានការកើនឡើងបន្ថែមទៀតនៅក្នុងខេត្តបាត់ដំបង ជាពិសេសស្រុកមួយចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ដោយសារនៅយប់ថ្ងៃទី៩តុលាភ្លៀងបានធ្លាក់មកយ៉ាងកំហុគដែលធ្វើឲ្យស្ទឹងមួយចំនួនជន់លិចដូចជាៈ ស្ទឹងបវិល និងស្ទឹងមង្គលបុរី ស្ទឹងសង្កែជាដើម។ ចំពោះស្ទឹងសង្កែកម្ពស់ទឹកនៅសល់តែមួយម៉ែត្របីតឹកទៀត នឹងឈានដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។
ពីភ្នំពេញឯណេះវិញលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឋានៈជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង នៅថ្ងៃទី១០តុលានេះ បានបញ្ជាមន្ត្រីដឹកស្បៀងទៅចែកជូនពលរដ្ឋ ក្នុងខេត្តបាត់ដំបងរួមមានៈ អង្ករ២០តោន មី២០០កេស ត្រីខ២០០យួរ។
ចំណែកខេត្ត៩ផ្សេងទៀតអាជ្ញាធរខេត្តនីមួយៗបានផ្ដល់ស្បៀងដល់ពលរដ្ឋរងគ្រោះដែរ អំឡុងពេលជម្លៀសមករកន្លែងទីទួលមានសុវត្ថិភាព។ លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះថា ក្រៅតែពីប៉ះពាល់មនុស្សជាង១ម៉ឺន១ពាន់នាក់ ស្ថានភាពជំនន់ទឹកភ្លៀងជិត១០ថ្ងៃនេះ ធ្វើឲ្យប៉ះពាល់ដល់ស្រូវជិត២ម៉ឺនហិកតានិងដំណាំរួមផ្សំជិត៤ម៉ឺនហិកតា។
ប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីជំនាញ បានមូលមាត់គ្នាថា ពួកគេអាចគ្រប់គ្រងស្ថានភាពជំនន់ទឹកភ្លៀងនេះបានពោលគឺមិនទាន់ឈានដល់ការប្រកាសអាសន្នឡើយទេគិតមកថ្ងៃទី១០តុលា ដោយសារបានសង្គ្រោះពលដ្ឋទាន់ពេលវេលា។ គួរកត់សម្គាល់ដែរ នៅក្នុងប្រតិបត្តិនោះ អាជ្ញាធរបានមូលដៃអាវ លាត់ជើងខោ លុយទឹកចុះសង្គ្រោះពលរដ្ឋចេញពីទឹកជំនន់។ ពីភ្នំពេញឯណេះដែរ គេឃើញរដ្ឋមន្ត្រីក្រសួងធនធានទឹកលោក លឹម គានហោ លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រួមនឹងលោក គន់ គីម ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ចុះទៅកាន់ខេត្តពោធិ៍សាត់ ទីដែលរងគ្រោះយ៉ាងដំណំពីជំនន់ទឹកភ្លៀង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ