ជំនួយ

កម្មករ​ស៊ីនទ្រី​ជាង៣០០នាក់​ចូលធ្វើការវិញ​ ខណៈកម្មករ​ជិត​១​ពាន់នាក់​នៅតែ​មិនព្រម

យ៉ាងហោចណាស់​ កម្មករក្រុមហ៊ុនស៊ីនទ្រី​ប្រមាណ​ជា​៣០០នាក់​ ក្នុងចំណោម​អ្នកដែល​កំពុង​ធ្វើកូដកម្មនោះ ​បានវិលត្រឡប់​ចូលបំរើ​ការងារ​វិញ​នៅព្រឹកថ្ងៃទី ​១០ ​តុលានេះ ​បន្ទាប់ពី​មានការ​បង្គាប់បញ្ជា​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ​ដែលបាន​បញ្ជាអោយ​ផ្អាកជា​បន្ទាន់​ការធ្វើកូដកម្ម​របស់កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ​ហើយ​ត្រូវត្រឡប់​ចូលធ្វើការងារ​វិញ​ទាំងអស់​ ចាប់ពី​រសៀល​ថ្ងៃសៅរិ៍​នេះ​តទៅ។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី ​នៅមាន​កម្មករ​ប្រមាណជិត​១​ពាន់នាក់​ទៀត​ មិនព្រម​នោះទេ​។​ 

បុគ្គលិកសុិនទ្រីក្នុងទឹកមុខញញឹមត្រៀមចេញបំពេញការងារវិញ
បុគ្គលិកសុិនទ្រីក្នុងទឹកមុខញញឹមត្រៀមចេញបំពេញការងារវិញ © ហ្វេសបុក ម៉េត មាសភក្ដី
ផ្សាយពាណិជ្ជកម្ម

កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ​យ៉ាងហោចណាស់​៣០០​នាក់​ ក្នុងចំណោម​កម្មករ​សរុបទាំងអស់​ជាង​១​ពាន់​២រយនាក់​ដែល​ធ្វើកូដកម្ម ​បាន​សម្រេចចិត្តចូល​បម្រើការងារ​ប្រមូល​សំរាម​វិញហើយ​។​ នេះបើ​តាមការ​គូសបញ្ជាក់​របស់​លោក ​ម៉េត មាសភក្ដី ​អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ ​នៅព្រឹក​ថ្ងៃសៅរ៍នេះ​។​ នៅ​ចំពោះមុខការ​ត្រឡប់ចូល​ធ្វើការវិញ​របស់​កម្មករ​ខ្លះនៃ​ក្រុមហ៊ុន​ស៊ីនទ្រី​នាព្រឹកថ្ងៃសៅរ៍នេះ ​លោក ម៉េត​ មាសភក្ដី ​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ ​បាន​សម្ដែង​ការស្វាគមន៍​និង​សង្ឃឹមថា ​កម្មករដទៃទៀត​ នឹង​សម្រេច​ឈប់​ធ្វើកូដកម្ម ​ហើយ​វិល​ត្រឡប់​ចូលធ្វើការវិញ​ ដូចអ្នក​ទាំង​៣០០នាក់ដែរ​ ដើម្បី​រួមដៃគ្នា​សំអាត​ទីក្រុង​ភ្នំពេញ​។​ ទីក្រុងភ្នំពេញ​ ដែល​កំពុង​គ្របដណ្ដប់​ដោយសំរាម​ស្ទើរតែ​គ្រប់ទីកន្លែង ​បន្ទាប់ពី​កម្មករ​ក្រុមហ៊ុនស៊ីនទ្រី​ជាង​១២០០​នាក់ ​បានធ្វើកូដកម្ម​ផ្អាក​ប្រមូល​សំរាម ​តាំងពីថ្ងៃទី ​០២​ តុលា​មក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងជំនួបជាមួយបុគ្គលិកប្រមូលសំរាម
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងជំនួបជាមួយបុគ្គលិកប្រមូលសំរាម © ហ្វេសបុក ម៉េត មាសភក្ដី
សូមបញ្ជាក់ថា ​ការត្រឡប់​ចូលធ្វើការ​របស់​កម្មករ​ក្រុមហ៊ុនស៊ីនទ្រី​ប្រមាណជា​៣០០នាក់​នេះ ​គឺ​បន្ទាប់​ពីក្រុម​ប្រឹក្សាអាជ្ញាកណ្ដាល​បានចេញ​សេចក្ដីសម្រេច​មួយ​កាលពីថ្ងៃសុក្រ ​ទី០៩​ តុលា ​ដោយបញ្ជា​ឲ្យ​កម្មករនិយោជិត​នៃ​ក្រុមហ៊ុនស៊ីនទ្រី ​ដែលកំពុង​ធ្វើកូដកម្ម ​ផ្អាកការធ្វើកូដកម្ម​ជាបន្ទាន់ ​ហើយ​វិល​ត្រឡប់​ចូលធ្វើការវិញ ​ចាប់ពី​រសៀល​ថ្ងៃសៅរ៍​ ទី១០​ តុលានេះ​តទៅ​។​ យ៉ាងណាក្តី ​បើតាមការ​បញ្ជាក់ពី​ លោក​ កៅ សុខវ៉ាត​ ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យទេសចរណ៍​នៃក្រុមហ៊ុន​ស៊ីនទ្រី​ខេមបូឌា ​កម្មករ​ទាំង​៣០០នាក់​ដែលស្ម័គ្រចិត្ត​វិលត្រឡប់​ចូលធ្វើការងារ​ឡើងវិញ​នេះ ​គឺភាគច្រើន​ជាកម្មករ​បោសសំអាត​ទីក្រុង​។ ចំណែក​ឯកម្មករ​អ្នកបើកបររថយន្ត​ដឹកសំរាម ​និង​កម្មករ​ប្រមូលសំរាម​រាប់រយនាក់ទៀត ​នៅតែ​បន្តធ្វើកូដកម្ម​តវ៉ាដដែល ​គិតត្រឹម​ព្រឹកថ្ងៃទី ​១០​ តុលានេះ ​ហើយបើទោះបី​ជាមាន​បញ្ជាពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះក្តី​។ ​លោក កៅ សុខវ៉ាត ​បានថ្លែង​ដោយស្រង់​សំដីបន្តពី​កម្មករមក​ថា ​ជាជំហរ​របស់​ពួកគេ ​នឹង​បន្តធ្វើកូដកម្ម​បន្តទៀត ​ប្រសិន​បើពួកគេ​មិនទទួលបាន​ដំណោះស្រាយ​សមរម្យទេ​នោះ។

កម្លាំងខណ្ឌចេញប្រមូលសំរាមជំនួសបុគ្គលិកសុិនទ្រីបន្ទាប់ពីពួកគេកូដកម្មមិនប្រមូលសំរាមជិតមួយសប្ដាហ៍មកនេះ
កម្លាំងខណ្ឌចេញប្រមូលសំរាមជំនួសបុគ្គលិកសុិនទ្រីបន្ទាប់ពីពួកគេកូដកម្មមិនប្រមូលសំរាមជិតមួយសប្ដាហ៍មកនេះ © ហ្វេសបុក ម៉េត មាសភក្ដី
គួរជំរាប​ជូ​ន​ថា ​គិតត្រឹម​ថ្ងៃទី ​១០​ តុលានេះ ​គឺ​មានរយៈពេលជាង​១​សប្តាហ៍​មកហើយ​ ដែល​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រមាណជាង​១២០០​នាក់ ​បានផ្ទុះ​កូដកម្ម​តវ៉ា ​បន្ទាប់ពី​ពួកគេ​បារម្ភពីការ​បាត់បង់ការងារ​ និង​ប្រាក់​អត្ថប្រយោជន៍​មួយចំនួន​ក្រោយពី​ពួកគេ​បាន​ទទួល​ដំណឹង​ថា​ រដ្ឋាភិបាល​កំពុង​ធ្វើកំណែ​ទម្រង់​លើការ​គ្រប់គ្រង​និង​ប្រមូល​សំរាម​នៅក្នុង​រាជធានីភ្នំពេញ ​តាមរយៈ​ការដាក់​អោយ​ដេញ​ថ្លៃពី​សំណាក់​ក្រុមហ៊ុនប្រមូល​សំរាម​ថ្មីពី​ក្រុមហ៊ុន​ស៊ីនទ្រី។​ កូដកម្ម​ដែលបាន​ផ្ទុះឡើង​តាំងពីថ្ងៃទី ​០២​ តុលាមក​នេះ​ បាន​ទាមទារចំនួន​៥​ចំណុច​ រួមមាន​ ប្រាក់​បំណាច់​អតីតភាព​ ប្រាក់សំណង​ជំងឺចិត្ត ​ប្រាក់ជួសការ​ជូនដំណឹង​ ប្រាក់ខែចុងក្រោយ​ និង​ប្រាក់ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែលនៅសេសសល់​ជាដើម​។ ​កូដកម្ម​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ​ដែលនាំទៅដល់ការ​ព្រមាន​ប្រធាន​សហជីព​ចំនួន​ពីររូប​ គឺលោក​ ទូច កុសល ​និង​លោក ​កៅ សុខវ៉ាត​ ថា​ជាអ្នក​នៅពីក្រោយ​នៃការតវ៉ានេះ ​ប៉ុន្តែ​ពួកគេ​បាន​បដិសេធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI