កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងដំណើរទស្សនៈកិច្ចរដ្ឋមន្ត្រីការបរទេសចិន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការបរទេសចិន លោក វ៉ាង យី មកកាន់កម្ពុជានៅថ្ងៃទី១១ ទី១២ ខែតុលានេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ផ្ដល់ប្រយោជន៍អ្វីដល់កម្ពុជា? ឆ្លៀតឱកាសនេះវិទ្យុបារាំងសូមរំលឹកឡើងវិញពីកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន៖
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥%បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះហត្ថលេខារួចរាល់។ ក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខអាចនាំទៅចិន ដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)ចូលជាធរមាន នៅដើមឆ្នាំ២០២១។ នៅក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១១ ខែតុលានេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យភាគីចិនចំណេញច្រើនជាងកម្ពុជា។ លោកបន្ដថាចិនចំណេញច្រើនជាងកម្ពុជា ព្រោះថា ទោះបីកម្ពុជាបើកឲ្យមានការនាំចេញខាងវិស័យចិញ្ចឹមសត្វច្រើនមែន តែបច្ចុប្បន្ននេះ កម្ពុជាមិនទាន់រៀបចំខ្លួនរួចរាល់នៅឡើយទេ ដូច្នេះកម្ពុជាត្រូវការពេលវេលាបន្ថែម ខណៈប្រទេសចិនបានត្រៀមរួចរាល់សម្រាប់ធ្វើការនាំចេញមកកម្ពុជា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានបញ្ជាក់ថា តាមការគណនា ពេលអនុវត្តកិច្ចព្រមព្រៀងនេះ ការនាំចេញរបស់កម្ពុជានឹងកើនឡើងប្រមាណ ២៥%រៀងរាល់ឆ្នាំ ឬអាចលើសពីនេះទៀត។ លោកបន្តថា គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបើកច្រកទីផ្សារទូលំទូលាយសម្រាប់កម្ពុជារួចទៅហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវរៀបចំគោលនយោបាយផលិតកម្ម វិនិយោគ ដឹកជញ្ជូន កិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត ឲ្យបានល្អប្រសើរ នោះទើបកម្ពុជាអាចផលិត និងនាំទំនិញទៅកាន់ប្រទេសចិន បានច្រើនតាមការរំពឹងទុក។
សូមជម្រាបជូនថា ចិន និងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។ កម្ពុជានាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់កើនឡើងដល់១ពាន់លានដុល្លារ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ជិត៧ពាន់លានដុល្លារ។ ភាគច្រើននៃទំនិញនាំចូលពីចិនជាគ្រឿងចក្របំរើឲ្យតម្រូវការផ្នែកសំណង់ រីឯទំនិញកម្ពុជានាំចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ ធ្លាប់បានប្រាប់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ថា ប្រទេសកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ហើយតាមរយៈកិច្ចព្រមព្រៀងនេះ លោក ហ៊ុន សែន សង្ឃឹមថានឹងជួយដល់កម្ពុជា ក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគេ្នយ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ