បទយកការណ៍

លោក ហង្ស ប្រសើរ៖ ផ្ដាច់​ខ្លួន​ពី​គ្រឿង​ញៀន​ទាមទារ​ពេល​វេលា តែ​មិន​ត្រូវ​ការ​កម្លាំង​ចាប់​បង្ខំ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ការ​ប្រើប្រាស់​គ្រឿងញៀន​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​សម្រាប់​សង្គម​ទូទៅ និង​និយាយ​ដោយ​ឡែក សម្រាប់​គ្រួសារ​ខ្មែរ។  លោក ហង្ស ប្រសើរ  ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​កាល​ពី​អតីតកាល ឥឡូវ​នេះ​បាន​ក្លាយជា​អ្នក​អប់រំ​គ្រឿង​ញៀន។ លោក​ពន្យល់​ថា  ការ​សង្គ្រោះ​មនុស្ស ចេញ​ពី​គ្រឿង​ញៀន ​គឺទាមទារ​ពេល​វេលា​និង​ការ​តាំង​ចិត្ត​ពី​សាម៉ី​ខ្លួន។ ដូច្នេះ ដើម្បី​កុំឲ្យ​ខាត​ពេល ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គមជាតិ ពលរដ្ឋ​ម្នាក់​ៗ​ត្រូវដាក់​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ឬ​កាត់​ផ្ដាច់​ទំនាក់ទំនង​ទាំង​ស្រុង​ពី​បុគ្គល​ដែល​កំពុង​ប្រើប្រាស់​គ្រឿង​ញៀន។ 

លោក ហង្ស ប្រសើរ នៅក្នុងបន្ទប់ធ្វើការ DTA
លោក ហង្ស ប្រសើរ នៅក្នុងបន្ទប់ធ្វើការ DTA © kimhong
ផ្សាយពាណិជ្ជកម្ម

«ទៅ​សេព​គ្រឿងញៀន​ចោល​ប្រពន្ធ​កូន ជា​ទង្វើ​មិន​ល្អ និង​ធ្វើ​ឲ្យ​គ្រួសារ​ពិបាក​ចិត្ត អ៊ីចឹង! ពេល​មក​ដល់​ទី​នេះ (មណ្ឌល​អប់រំព្យាបាល​ជន​ប្រើប្រាស់​គ្រឿងញៀន និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង) គួរ​តែ​ត្រិះ​រិះ​ពិចារណា​លាង​ជម្រះ​ខ្លួន​ឯង​បាន​ជ្រះ​ស្រឡះជាមួយ​នឹង​ការប្ដេជ្ញា​ចិត្ត​ថា ​យើង​លែង​ប្រើប្រាស់​គ្រឿង​ញៀន​ទៀត​ហើយ នឹង​ឆាប់​បាន​ទៅ​ជួប​ជុំ​គ្រួសារ​ឲ្យ​បាន​ឆាប់។ ស្ដាប់បាន​ទេ​អ្នក​ទាំង​អស់​គ្នា!» ​នេះ​ជា​ការ​ទូន្មាន​ប្រចាំ​ថ្ងៃ​របស់​លោក ហង្ស ប្រសើរ នៅ​ចំពោះ​មុខ​អ្នក​បន្សាប​គ្រឿង​ញៀន​ប្រុសស្រី​ជាង​៣០០នាក់ ស្ថិត​នៅ​មណ្ឌល​អប់រំ​ព្យាបាល​ជន​ប្រើប្រាស់​គ្រឿង​ញៀន និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង (DTA)។ មែន​ទែន​ទៅ លោក ហង្ស ប្រសើរ មាន​តួនាទី​ជា​អនុ​ប្រធាន DTA និង​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​សីលធម៌​ដល់​អ្នក​បន្សាបគ្រឿង​ញៀន។

ជនបន្សាបគ្រឿងញៀន
ជនបន្សាបគ្រឿងញៀន © kimhong

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក​ប្រសើរ​បាន​រំឭក​អតីត​កាល​ថា លោក​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ចន្លោះ​ឆ្នាំ​២០០៨​ដល់​២០០៩ ដោយ​សារ​ការ​អូស​ទាញ​ពី​មិត្ត​ភត្តិ។«ព្រោះ​ធម្មតា ការ​ប្រើ​គ្រឿងញៀន តិច​ណាស់​ដែល​កើត​ចេញ​ពី​គំនិត​ខ្លួន​ឯង  ភាគ​ច្រើន​គឺ​ការ​អូស​ទាញ​ពី​មិត្តភត្តិ​ជាមួយ​នឹង​ការ​ជំរុញ​ថា ប្រើ​តិច​ទៅសប្បាយ ប្រើ​តិច​ទៅ​វា​ប្លែក ដល់​អ៊ីចឹង! យើង​ឆ្ងល់​ក៏​សាក បន្ទាប់​មក​មាន​អារម្មណ៍​ថា ស្រាល​ក្នុង​ខ្លួន អណ្ដែត​អណ្ដូង សប្បាយរីករាយ  ព្រោះ​សារធាតុ​គ្រឿង​ញៀន​ដែល​ខ្ញុំ​ប្រើ​ជា​ប្រភេទ​មេតំហ្វេតាមីន មាន​ឥទ្ធិលពល​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ប្រសៃ​ប្រសាទដែល​បញ្ជា​ទៅ​ខួរ​ក្បាល។ ហើយ​ដល់​ពេល​យើង​អត់​បាន​ប្រើប្រាស់ វា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ពិបាក​ចិត្ត ស្មុគស្មាញ ច្របូក​ច្របល់ តប់​ប្រមល់។»​

 

យុវជន ហង្ស ប្រសើរ អំឡុងពេលបន្សាបគ្រឿងញៀន
យុវជន ហង្ស ប្រសើរ អំឡុងពេលបន្សាបគ្រឿងញៀន © ហង្ស ប្រសើរ

 

ដោយ​សារ​តែ​កត្តា​នេះ​និង​ចង់​យក​ឈ្នះ​លើ​សមរភូមិ​គ្រឿង​ញៀន​ លោក ហង្ស ប្រសើរ បាន​ចេញ​មក​បង្កើត​មណ្ឌល​អប់រំព្យាបាល​ជន​ប្រើប្រាស់​គ្រឿងញៀន និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង នៅ​ក្នុង​ឆ្នាំ​២០១០ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ឪពុកម្ដាយ​និង​ដៃ​គូវិនិយោគ​របស់​គាត់​ម្នាក់​ទៀត​ដែល​កាន់​មុខ​តំណែង​ជា​ប្រធាន DTA។ កាលណោះ លោក​ប្រសើរ​ធ្វើ​ការងារផង និង​បន្សាប​គ្រឿងញៀន​ដោយ​ខ្លួន​ឯង​ផង។

នៅ​ចំពោះ​មុខ​សកម្មភាព​អ្នក​បន្សាប​គ្រឿង​កំពុង​តែ​ធ្វើ​លំហាត់​ប្រាណ​តាម​ទម្លាប់​ប្រចាំ​ថ្ងៃ លោក​ប្រសើរ​បាន​អះអាង​ថា ការផ្ដាច់​គ្រឿង​ញៀន​មិន​អាច​ប្រើ​ពេល​វេលា​ខ្លី​បាន​ទេ៖ «ខ្ញុំ​បាន​ផ្ដាច់​ការ​ប្រើប្រាស់​គ្រឿង​ទាំង​ស្រុង បន្ទាប់​ពី​ឪពុក​ម្ដាយខ្ញុំ គាត់​ផ្ដួចផ្ដើម​គំនិត​បង្កើត​មណ្ឌល​បន្សាប​គ្រឿង​ញៀន​នេះ​ឡើង។ នេះ​ក៏​ដោយ​ឪពុក​ម្ដាយ​ខ្ញុំ​យល់​ថា យក​ខ្ញុំ​ទៅ​ផ្ញើ​កន្លែង​គេ​ដើម្បី​បន្សាបគ្រឿង​ញៀន​ហើយ ហេតុអ្វី​វា​នៅ​តែ​បរាជ័យ​ក្នុង​ការ​បន្សា​បគ្រឿង​ញៀន​ទៀត ដល់​អ៊ីចឹង! គាត់​ក៏​មាន​គំនិត​បង្កើត​មណ្ឌល​នេះឡើង ដើម្បី​ព្យាបាល​ខ្ញុំ​និង​អ្នក​ឯទៀត។ កុំ​ភ្លេច​ថា​ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​តែង​គិត​ថា ខ្លួន​ឯង​បរាជ័យ ខ្លួនឯង​ស្ថិត​នៅ​ក្នុងអតីត​កាល​មួយ​មិន​ល្អ ដែល​ត្រូវ​បាន​សង្គម​មួយ​ស្អប់​ខ្ពើម មិន​ទុក​ចិត្ត មិន​ជឿ​ជាក់។»

 

ជនបន្សាបគ្រឿងធ្វើលំហាត់ប្រាណប្រចាំថ្ងៃ
ជនបន្សាបគ្រឿងធ្វើលំហាត់ប្រាណប្រចាំថ្ងៃ © kimhong

 

នៅ​ក្នុង​វ័យ​៣៥​ឆ្នាំ លោក​ប្រសើរ​ប្រើ​ពេល​វេលា​៨​ឆ្នាំ​ទើប​អាច​ផ្ដាច់​គ្រឿងញៀន​បាន​ទាំង​ស្រុង។ «៤ឆ្នាំ​ដំបូង​មាន​អារម្មណ៍​ថា មិន​ទាន់​វិល​ទៅ​ដូច​ដើម​មួយ​រយ​ភាគ​រយ​ឡើយ ដោយ​ប្រើ​ពេល​វេលា​យូរ រហូត​ទៅ​៨​ឆ្នាំ​ទើប​អារម្មណ៍​ខ្លួនឯង​វិល​មក​រក​ភាពប្រក្រតី មាន​ការ​ចង​ចាំ​វិញ​បាន​៩០​ភាគរយ។ ពេលខ្លះ សាម៉ី​ខ្លួន​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន​តែង​ឆ្លើយ​ថា ​គ្រឿងញៀនសំខាន់​លើ​ខ្ញុំ​ទេ បើ​ខ្ញុំ​ចង់​ផ្ដាច់​គឺ​ផ្ដាច់​បាន​ហើយ តែ​ធាតុ​ពិត​មិន​មែន​ងាយ​ស្រួល​ទេ។ ដូច​ឪពុក​ខ្ញុំ​ធ្លាប់​បាន​លើក​ឡើង​អ៊ីចឹង! ជំពាក់​មង​វា​ពិបាក​ណាស់​ទៅ​ហើយ ដល់​ជំពាក់​ចំ​សូត្រ​ទៀត វា​រឹត​តែ​ពិបាក​ស្រាយ​ខ្លាំង​ណាស់ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​បានថា គ្រឿង​ញៀន ញៀន​ខ្លាំង​ជាប់​ស្អិត​ជាង​កាវ​វិទ្យាសាស្ត្រ​ទៀត ។ កាវ​វិទ្យាសាស្ត្រ​វា​ជាប់​មែន​ពិត ឆ្កឹះ​ទៅ​វា​ដាច់​ តែ​គ្រឿងញៀន​ឆ្កឹះមិន​ដាច់​ទេ ព្រោះ​វា​ទាក់​ទង​អារម្មណ៍​ផ្លូវចិត្ត។»

បើតាម​លោក ហង្ស ប្រសើរ ជាទូទៅ ការ​បន្សាប​គ្រឿង​ញៀន​នៅ​មណ្ឌល​DTA ទាមទារ​ពេល​វេលា​៣ខែ ៦ខែ និង​១ឆ្នាំជាមួយ​នឹង​កញ្ចប់​ចំណាយ​ទៅ​តាម​ដំណាក់​កាល​នីមួយៗ ធ្ងន់​ឬ​ស្រាល អាស្រ័យ​លើ​ស្ថានភាព​បុគ្គល​ញៀន​ថ្នាំ​ជាក់​ស្ដែង។ អំឡុង​ពេល​ព្យាបាល​កូន អាណាព្យាបាល​មួយ​ចំនួន​ឃើញ​ស្ថានភាព​កូនល្អ​ប្រសើរ ក៏​សម្រេច​យក​កូន​ទៅ​វិញ​មុន​កាលកំណត់​ដោយ​យល់​ថា  ខាត​ពេល​វេលា​រៀនសូត្រ​ទាំង​ចំណេះ​ដឹង​និង​ជំនាញ។

ដូច្នេះ​ហើយ​ទើប​មណ្ឌល​បន្សាប​គ្រឿង​ញៀន DTA គ្រប់គ្រង​ដោយ​លោកប្រសើរ តម្រូវ​ឲ្យ​អ្នក​បន្សាប​គ្រឿង​ញៀន​រៀន​ជំនា​ញ​មួយ​ចំនួន​ទៀត​ដូច​ជា៖ ប៉ះកង់ ផ្សារដែក​និង​កាត់សក់ ជាដើម។ ក្រៅ​ពី​នេះ ការងារ​ប្រចាំ​ថ្ងៃ​ដែល​អ្នក​បន្សាប​គ្រឿង​ញៀនអនុវត្ត គឺ​ស្ដាប់​ធម៌ ធ្វើ​លំហាត់​ប្រាណ ធ្វើ​ពលកម្ម រៀន​ផ្នែក​សីលធម៌ សុជីវធម៌ រៀន​ភាសា​ចិន អង់គ្លេស និង​សិក្សា​ពី​ផល​ប៉ះពាល់​គ្រឿង​ញៀន និង​ចុង​ក្រោយ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​ពេទ្យ និង​រៀន​កុំព្យូ​ទ័រ។ «មណ្ឌល​ធ្វើ​បែប​នេះ​ដើម្បី​កុំ​ឲ្យ​អ្នកបន្សាប​គ្រឿង​ញៀន​មក​ទីនេះ​ហើយ ចេញ​ទៅ​វិញ​តែ​តោល មិន​ដឹង​ធ្វើអ្វី​មួយ។ តែ​បើ​យើង​បង្រៀន​ជំនាញ គាត់​ចេញ​ទៅវិ​ញបូករួម​នឹងឆន្ទៈ​បុគ្គល​ទៀត គ្រួសារ​ជួយ​ជ្រោម​ជ្រែង និង​សង្គម​គាំទ្រ គាត់​អាច​ជោគ​ជ័យ។»

ជនបន្សាបគ្រឿងញៀនកំពុងរៀនផ្សារដែក
ជនបន្សាបគ្រឿងញៀនកំពុងរៀនផ្សារដែក © kimhong
ជនបន្សាបគ្រឿងញៀនរៀនជួសជុលម៉ូតូ
ជនបន្សាបគ្រឿងញៀនរៀនជួសជុលម៉ូតូ © kimhong
អ្នកបន្សាបគ្រឿងញៀនកំពុងរៀនកាត់សក់
អ្នកបន្សាបគ្រឿងញៀនកំពុងរៀនកាត់សក់ © kimhong

សូមជម្រាបជូនថា រាប់​ចាប់​ពី​ថ្ងៃ​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០២០ មណ្ឌល​បន្សាប​គ្រឿង​ញៀន អប់រំ​ព្យាបាល​ជនប្រើប្រាស់​គ្រឿង​ញៀន និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង (DTA) បាន​បន្សាប​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ជាង​៦ពាន់​នាក់។  ៨០​ភាគ​រយ​នៃ​ចំនួន​នេះ បាន​ត្រឡប់​ចូល​ទៅ​ក្នុង​សង្គម​វិញ​ដោយ​បាន​បង្កើតអាជីវកម្ម និង​ធ្វើ​កសិកម្ម​ជា​ដើម។ តែ​ក៏​មានផង​ដែរ អ្នក​បន្សាប​គ្រឿងញៀន​មួយ​ចំនួន​ដែល​លាប់​ឡើង​វិញ​ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន៖ «ងាយ​លាប់​ឡើង​ណាស់ ការ​ប្រើប្រាស់​គ្រឿងញៀន ដោយ​គ្រាន់​តែ​ពិបាក​ចិត្ត ហើយ​សប្បាយ​ចិត្ត​ក៏​លាប់​ដែរ ព្រោះ​ភ្លេច​ខ្លួន រួម​ផ្សំ​នឹង​អាការៈ​ស្រវឹងព្រោះ​ចង់​សប្បាយ​បន្ត​ទៀត​ក៏​ធ្វើ​ឲ្យ​យើង​លាប់​ឡើងវិញ​បាន​ដែរ។»  នេះ​គឺ​បទ​ពិសោធ​ធ្លាប់​ជួប​ប្រទះ​ផ្ទាល់​របស់​លោកប្រសើរ អំឡុង​ពេល​បន្សាប​គ្រឿង​ញៀន។

នៅ​ក្នុង​បេសកម្ម​បន្សាប​គ្រឿង​ញៀន មជ្ឈ​មណ្ឌល DTA ត្រូវការ​ភាព​ជា​គ្នា​ឯង។ នេះ​មាន​ន័យ​ថា ទាល់​តែ​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ទើប​ដឹង​ថា​ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ត្រូវ​ការ​អ្វី ចង់​បាន​អ្វី។ «យើង​ប្រៀប​ធៀប​ថា បើ​អ្នក​ចេះ​ជក់​បារីគ្រាន់​តែ​ឃើញ​គ្នា​គឺ​ស្និទ្ធស្នាល និង​យល់​ចិត្ត​គ្នា​តែ​ម្ដង។ ដូចគ្នា​ដែរ អ្នក​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​មក​អប់រំ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀនមាន​ភាព​ស្និទ​ស្នាល​នឹង​គ្នា ​ប្រសើរ​ជាង​យក​អ្នក​មិន​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មក​អប់រំ​អ្នក​ប្រើប្រាស់​គ្រឿងញៀន គឺ​និយាយមិន​យល់​គ្នា​ទេ។  ហើយ​អ្នក​មិន​ធ្លាប់​ប្រើ​គ្រឿង​ញៀន​តែង​តែ​មក​បន្ទោស​បន្ថែម​ដល់​អ្នក​ធ្លាប់​ប្រើថ្នាំ​ញៀន​ថា ម៉េច​មិន​ព្រម​កែ។ ដូច្នេះ! ដើម្បី​បន្សាប​គ្រឿង​ញៀន​មិនមែន​ធ្វើ​ឡើង​ក្នុង​ពេល​ខ្លី​ទេ គឺ​ត្រូវ​ការ​លួង​លោម លើក​ទឹក​ចិត្ត។»

 

អ្នកបន្សាបគ្រឿងញៀនប្រឹក្សាផ្លូវចិត្តជាមួយគ្រូពេទ្យជំនាញ
អ្នកបន្សាបគ្រឿងញៀនប្រឹក្សាផ្លូវចិត្តជាមួយគ្រូពេទ្យជំនាញ © kimhong

 

នៅ​ចំពោះ​មុខ​ការ​ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​ពេល​បច្ចុប្បន្ន លោក ហង្ស ប្រសើរ មើល​ឃើញ​ថា យុវវ័យ​មួយ​ចំនួន​មាន​ភាពក្មេង​ខ្ចី​មែន​ទែន ទាំង​ស្រី និង​ប្រុស ដោយ​ខ្លះ​អាយុ​ចន្លោះ​ពី​១២​ទៅ​១៣​ឆ្នាំ​ប៉ុណ្ណោះ តែ​បាន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​គ្រឿងញៀនទៅ​ហើយ។ បើ​តាម​លោក​ប្រសើរ បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​គ្រឿង​ញៀន អ្នក​ប្រើ​ប្រាស់​ខ្លះ​មាន​ភាព​កាច​សាហាវ​កាប់​ចាក់សម្លាប់ គ្មាន​ស្គាល់​ម្ដាយ​ឬ​ឪពុក ដោយ​សារ​ការ​ប្រើប្រាស់​របស់​ពួកគេ​ទាំង​នោះ​ស្ថិត​ក្នុង​ស្ថាន​មួយ​ភាព​ជោគ​ជាំ​រួច​ទៅ​ហើយ​។ លោក​មើល​ឃើញ​ទៀត​ថា និន្នាការ​ថ្មី​នៃ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​សព្វ​ថ្ងៃ​នេះ ផ្ដើម​ចេញ​ពី​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​ជាបញ្ហា​មួយ​គួរ​បារម្ភ ដែល​អាច​វិវត្ត​ទៅ​ជា​ជំងឺប្រសៃ​ប្រសាទ​ពិបាក​ព្យាបាល។

ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​នៅ​ស្ងៀម​ឡើយ។ ក្រៅ​ពី​យុទ្ធនា​ការ​បង្ក្រាប​គ្រឿង​ញៀន​ដូចភ្លៀង​រលឹម គឺ​កំពុង​សាង​សង់​មណ្ឌល​បន្សាប​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​ស្រុក​កែវ​ផុស ខេត្ត​ព្រះសីហនុ ដើម្បីរួម​ចំណែកជាមួយ​វិស័យ​ឯកជន ក្នុង​បេសកកម្ម​សង្គ្រោះ​មនុស្ស​ចេញ​ពី​សមរភូមិ​គ្រឿង​ញៀន។ ហើយ​បច្ចុប្បន្ន​ក៏​មាន​ដែរ កន្លែង​បន្សាបគ្រឿង​ញៀន​គ្រប់​គ្រង​ដោយ​មន្ទីរ​សុខាភិបាល​នៅ​គ្រប់​ខេត្ត។

ជា​អនុសាសន៍​ចុង​ក្រោយ លោក​ប្រសើរ បាន​ស្នើ​ឲ្យ​សង្គម​ទាំង​មូល បើក​ចិត្ត​ឲ្យ​ទូលាយ កុំ​រើស​អើង​ចំពោះ​កំហុស​អតីតកាល តែ​ត្រូវ​អបអរ​ភាព​ជោគជ័យ​បច្ចុប្បន្ន ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អតីត​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ត្រឡប់​ចូល​ក្នុង​សង្គម ក៏​ដូច​ជា​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត