អ្នកនាំពាក្យ៖ បញ្ហាអាកាសធាតុជាឧបសគ្គខ្លះដល់ដំណើរការចុះឈ្មោះបោះឆ្នោត តែមិនប៉ះពាល់ធ្ងន់ធ្ងរ
គិតត្រឹមថ្ងៃទី ១១ តុលានេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីប្រមាណជាង១៦ម៉ឺននាក់ក្នុងចំណោមជាង៣០ម៉ឺននាក់នៅទូទាំងប្រទេស។ ការពិនិត្យនិងចុះឈ្មោះបោះឆ្នោតថ្មី នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៩ តុលា។ យ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យ គជប ការពិនិត្យនិងចុះឈ្មោះបោះឆ្នោតថ្មី បានជួបឧបសគ្គខ្លះៗដែលបង្កឡើងដោយបញ្ហាអាកាសធាតុ។ ប៉ុន្តែវាមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
ចុះផ្សាយនៅថ្ងៃ៖
គិតត្រឹមថ្ងៃទី ១១ តុលានេះ គឺមានរយៈពេល១១ថ្ងៃហើយ នៃដំណើរការពិនិត្យនិងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២០។ បើផ្អែកតាម តួលេខដែលផ្តល់ដោយ គជប គិតត្រឹមថ្ងៃទី ១០ តុលា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីប្រមាណជាង១៦ម៉ឺននាក់ស្មើនឹង៤៧.១១% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មី ចំនួនជាង៣០ម៉ឺននាក់នៅទូទាំងប្រទេស។
បើតាមអ្នកនាំពាក្យ គជប ដំណើរការពិនិត្យនិងចុះឈ្មោះបោះឆ្នោតនៅក្នុងក្របខណ្ឌទូទាំងប្រទេសបានប្រព្រឹត្តទៅជាធម្មតា ដោយមិនមានការពន្យារពេលនោះទេ បើទោះបីជានៅតំបន់មួយចំនួនបានជួបឧបសគ្គខ្លះៗ ដោយសារបញ្ហាអាកាសធាតុនិងបញ្ហាទឹកជំនន់ក្តី។ តួយ៉ាងដូចជា ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យជាដើម។ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ គជប ឧបសគ្គទាំងនេះ មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការពិនិត្យនិងចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយៈពេល១០កន្លងទៅនេះទេ។ លើកលែងឃុំមួយនៅក្នុងស្រុកសំបូរខេត្តក្រចេះ ដែលទឹកអូស្ថិតនៅក្នុងឃុំស្រែជិះ ស្រុកសំបូរ ដែលទឹកឡើងខ្លាំង មិនអាចធ្វើអោយក្រុមការងារចុះឈ្មោះចល័តរបស់ គជប ចុះទៅដល់ទីតាំងផ្ទាល់នោះឡើយ កាលពីថ្ងៃទី ០៦ តុលា។ ប៉ុន្តែយ៉ាងណាក៏ដោយ ជារួមឧបសគ្គទាំងនេះ មិនបានបង្កការរាំងស្ទះដល់ដំណើរការពិនិត្យនិងចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះឡើយ។
លោក សំ គន្ធាម៉ី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិចបានសង្កេតជារួមថា ដំណើរការពិនិត្យនិងចុះឈ្មោះបោះឆ្នោតថ្មីរយៈពេល១០ថ្ងៃកន្លងទៅនេះ មិនមានបញ្ហាភាពមិនប្រក្រតីអ្វីកើតឡើង គួរអោយកត់សំគាល់នោះទេ។ ប៉ុន្តែជារួមលោកបានលើកឡើងថា បញ្ហាអាកាសធាតុ បាននឹងកំពុងបង្កជាឧបសគ្គខ្លះៗដល់ដំណើរការពិនិត្យនិងចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលជាង១០ថ្ងៃមកនេះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ គ.ជ.ប តែងតែរៀបចំបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី តាមរយៈការដាក់អោយប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតថ្មី ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់១៨ឆ្នាំឡើងទៅ អាចចូលរួមបោះឆ្នោតបាន។ ការចុះឈ្មោះបោះឆ្នោតពេលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ បើតាម គ.ជ.ប បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយគិតត្រឹមឆ្នាំ២០១៩ មានចំនួន៨ ៦២៩ ៣៥៧នាក់។ ការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២០ នឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី ១៩ តុលា ខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ