ទឹកលិចទីក្រុងនៅពេលនេះជាការដាស់អារម្មណ៍ឲ្យគេនឹកឃើញដល់ការលុបបឹងធម្មជាតិ
តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ ទឹកនៅតែបន្តជន់លិច មិនទាន់ស្រកអស់នៅឡើយ បើទោះបីជាអាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីន បូមទឹកចេញពីបឹងទំពុនយ៉ាងណាក៏ដោយ។ តំបន់ខ្លះដែលមិនធ្លាប់ទឹកលិចទាល់តែសោះ ប៉ុន្តែនៅឆ្នាំនេះបែរជាត្រូវទឹកជន់លិចយ៉ាងដំណំលាយឡំជាមួយនឹងសំរាមទៅវិញ។ ការនេះបានញាំងឲ្យអ្នកនយោបាយ និងអ្នកឃ្លាំមើលសង្គមមួយចំនួនស្តីបន្ទោសជាថ្មីទៀត ទៅលើការលុបបឹងធម្មជាតិ ដែលធ្វើឲ្យអ្នករស់នៅក្រុងភ្នំពេញជួបផលវិបាកបែបនេះ។
ចុះផ្សាយនៅថ្ងៃ៖
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅតាមហ្វេសប៊ុករបស់លោកស្រីថា ឃើញព័ត៌មាននេះ[ទឹកលិចក្រុង]ហើយ ធ្វើឱ្យគាត់នឹកឃើញដល់របាយការណ៍ស្តីពីការលុបបឹងទំពុន ហើយក៏នឹកថែមទៀតដល់បឹងតាមោកដែលគេកំពុងពុះច្រៀកជាបន្តបន្ទាប់។
អ្នកការពារសិទ្ធិមនុស្សរូបនេះ យល់ថា ទាំងអាជ្ញាធរតាមមូលដ្ឋាន និងពលរដ្ឋកំពុងតែលំបាកហើយ។ ការលើកបញ្ហាលុបបឹង ជាដដែលៗនេះ ក៏ដើម្បីចូលរួមចំណែកជាដំណោះស្រាយនិងបង្កាបញ្ហាលំបាកនេះដែរ។
បើតាម លោកស្រី ចក់ សុភាព រដ្ឋាភិបាលគួរពិចារណានូវសចក្តីសម្រេចរបស់ខ្លួនឡើងវិញពាក់ព័ន្ធនឹងការធ្វើឱ្យអន្តរាយតាមរយៈការលុបបឹង និងការចាក់ដីចូលទន្លេ សមុទ្រ ឬតំបន់នានាដែលនឹងផ្តល់ផលអាក្រក់ដល់សង្គមទាំងមូល។ ការអភិវឌ្ឍន៍ទាំងឡាយមិនគួរបង្កហានិភ័យដល់សង្គមបរិស្ថាននោះឡើយ បើមិនដូច្នេះទេ វាមិនមែនជាការអភិវឌ្ឍន៍ដោយចេរភាពនោះឡើយ។
ចំណែក លោក សាម អ៊ីន ជាអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរំឭកពីការសោកស្តាយផងដែរដល់ការលុបបឹងកក់។ លោកថា បើរក្សាទុកបឹងកក់ បឹងទំពុន បឹងជើងឯក បឹងពោងពាយ គឺអាចជួយរំដោះទឹកបានមួយចំនួនធំ ពេលភ្លៀងធំម្តងៗនៅភ្នំពេញ ហើយការជន់លិចរាជធានីភ្នំពេញនឹងមិនធ្ងន់ធ្ងរបែបនេះទេ។ លោកស្នើថា បើបានដឹងពីកំហុសឆ្គងនេះហើយ សូមជួយរក្សាទុកបឹងតាមោកផង។
បន្ថែមពីនេះ លោក លោក យង សាំងកុមារ ជាអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងដែរថា ក្នុងនាមជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវគេមិនបន្ទោសតែកត្តាខាងក្រៅដូចជាទឹកជំនន់ដោយសារភ្លៀងច្រើនឬក៏និយាយថាប្រទេសគេក៏លិចដែរទេ។
បើតាមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលរូបនេះ គឺត្រូវរៀនចោទជាសំណួរឲ្យបានច្រើន តើកន្លងមកយើងបានធ្វើអ្វីខុសខ្លះឬមានការខ្វះខាតអ្វីខ្លះបានជាបញ្ហាទឹកជំនន់ធ្ងន់ធ្ងរបែបនេះកើតឡើង?«កំហុសជាមេរៀនតែបើមិនរៀន កំហុសនឹងពិន័យអ្នកហើយ»។
ទឹកលិចក្រុងភ្នំពេញនៅពេលនេះ ជាភស្តុតាងមួយ ដែលអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT) កាលពីប៉ុន្មានខែមុនបានព្រមានថា ប្រជាជនរាប់លាននាក់នឹងរងផលប៉ះពាល់ពីការលុបបឹងទំពុន ឬបឹងជើងឯក ដោយ ក្រុមហ៊ុនឯកជន។
បើតាមក្រុមអង្គការទាំងនេះផ្ទៃតំបន់បឹងទំពុនដែលពីមុនមានទំហំយ៉ាងហោចណាស់១.៥០០ហិកតា ប៉ុន្តែឥឡូវនេះនឹងត្រូវកាត់មកនៅត្រឹមទំហំ ១០៧ ហិកតាតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ