កម្ពុជា-សង្គម

អាជ្ញាធរបន្តអំពាវនាវឲ្យកម្មករចុះប្រមូលសំរាមវិញ តែកម្មករថាទាល់តែក្រុមហ៊ុនទូទាត់អត្ថប្រយោជន៍សិន

សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​ទី​១២​ខែ​តុលា​នេះ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថ្មី​មួយ​ទៀត​ស្តី​ពី​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ និយោជិត​ ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​ ដោយ​អំពាវនាវ​ឲ្យ​កម្មករ​ និយោជិត​ទាំងអស់​ត្រលប់​ចូល​ធ្វើការ​វិញ​។ ការ​អំពាវនាវ​របស់​អាជ្ញាធរ​ក្រុង​ធ្វើឡើង​បន្ទាប់​ពី​កម្មករ​ និយោជិត ​ប្រមាណ​ជាង​១​ពាន់​នាក់​ បាន​ធ្វើ​កូដកម្ម​មិន​ចុះ​ធ្វើការ​អស់​រយៈពេល​ជាង​១​សប្តាហ៍​មក​ហើយ​។

គំនរសំរាមនៅជាប់របងវត្តសន្សំកុសល កាលពីប៉ុន្មានថ្ងៃមុន
គំនរសំរាមនៅជាប់របងវត្តសន្សំកុសល កាលពីប៉ុន្មានថ្ងៃមុន © RFI/Nhim Sophal
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវជាថ្មីឲ្យ កម្មករ និយោជិត ទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឲ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់ខ្លួនដែលបានកំណត់ដោយច្បាប់។ អាជ្ញាធរក្រុង នៅតែអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារ ដែលមាននៅក្នុងកំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅថានឹងមិនឲ្យកម្មករ និយោជិត បាត់បង់ផលប្រយោជន៍នោះទេ។

ក៏ប៉ុន្តែ លោក កៅ សុខវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រី ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ក្រុមកម្មករ និយោជិត នៅតែបន្តទាមទារឲ្យក្រុមហ៊ុនស៊ីនទ្រី ទូទាត់អត្ថប្រយោជន៍បញ្ចប់កិច្ចសន្យាឲ្យពួកគាត់ មុននឹងចូលធ្វើការវិញ។ មេសហជីព ដែលមិនមានសិទ្ធិលើការសម្រេចចិត្តរបស់កម្មករនិយោជិតប្រមូលសំរាមរូបនេះ បញ្ជាក់ថាពួកកម្មករ នៅតែមានការបារម្ភពីថាតើក្រុមហ៊ុនស៊ីនទ្រី ដែលជាក្រុមហ៊ុនចាស់ ត្រូវបានជ្រើសរើស ឬក៏អត់ ឲ្យបន្តការងារប្រមូលសំរាមនៅរាជធានីភ្នំពេញ ឬយ៉ាងណានោះទេ។

ក៏ប៉ុន្តែប្រសិនបើក្រុមហ៊ុនបានជាប់ ឬមិនជាប់ឲ្យបន្តការងារប្រមូលសំរាមនៅក្នុងរាជធានី ក៏ពួកគេប្រឈមនឹងការជំរុះចោលមួយចំនួន ដោយសារតែនីតិវិធីនៃការប្រមូលសំរាមនៅពេលឆាប់ៗខាងមុខនេះ នឹងត្រូវប្រតិបត្តិការដោយក្រុមហ៊ុនចំនួន៣ ខុសពីលើកមុនការប្រមូលសំរាមគឺផ្តាច់មុខតែ១ក្រុមហ៊ុន។ នេះបើតាមលោក កៅ សុខវ៉ាត ដែលដកស្រង់យោបល់របស់អ្នកតវ៉ាមកបញ្ជាក់។

ពហិការការងាររបស់កម្មករ និយោជិត ក្នុងការប្រមូលសំរាមនៅរាជធានីចាប់តាំងពីថ្ងៃទី២ខែតុលាកន្លងទៅ ធ្វើឲ្យរាជធានីទាំងមូលក្លាយជាភ្នំសំរាម គ្រប់កន្លែងមានតែក្លិនស្អុយ ឆ្អេះឆ្អាប។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានចាត់វិធានការភ្លាមៗដែរ ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចរបស់ខ្លួន ដើម្បីប្រមូលសំរាមដែលមានការកកស្ទះ នៅក្នុងក្រុង ឲ្យអស់ពីសមត្ថភាពលទ្ធភាពដែលមាន។ ក៏ប៉ុន្តែ ការប្រឹងប្រែងនេះ មិនអាចគ្របដណ្តប់គ្រប់ទីកន្លែងបានទេ ផ្លូវថ្នល់មួយចំនួន មុខលំនៅដ្ឋានជាច្រើននៅក្នុងក្រុងបានក្លាយជាគំនរសំរាមជាយូរថ្ងៃមកហើយ ខណៈសំរាមជាច្រើនត្រូវជំនន់ទឹកភ្លៀងហូរនាំយកទៅបញ្ចូលលូ៕

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមនៅឡើយ លើកលែងតែកម្មករផ្នែកបោសសំអាតផ្លូវប៉ុណ្ណោះ ដែលបានចូលធ្វើការវិញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រជុំសម្របសម្រួលដោះស្រាយវិវាទ រវាងក្រុមហ៊ុន ស៊ីនទ្រី និងកម្មករនិយោជិតជាច្រើនលើក ច្រើនសារ រហូតទទួលបានការព្រមព្រៀងគ្នារួចហើយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនគោរពឡើយ ហើយនៅតែបន្តទាមទារនូវ អត្ថប្រយោជន៍នានាខុសច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចធ្វើអន្តរាគមន៍ជូនបានឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឲ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៉ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឲ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់ខ្លួនដែលច្បាប់កំណត់។ ក្នុងករណីកម្មករនិយោជិត ក្រុមហ៊ុន ស៉ីនទ្រី ចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបជាបន្តបន្ទាប់ ដើម្បីប្រមូលសំរាមដែលមានការកកស្ទះ នៅរាជធានីភ្នំពេញ ឲ្យអស់ពីសមត្ថភាពលទ្ធភាពដែលមាន។ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមទាំងនេះ នៅតាមកន្លែងស្តុកំបណ្តោះអាសន្ន ដែលខណ្ឌ សង្កាត់នីមួយៗបានកំណត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI