កម្ពុជា-សង្គម

វិធានការសុខភាពនិងសុវត្ថិភាពអំឡុងពេល និងក្រោយទឹកជំនន់ត្រូវដាក់ចេញដោយក្រសួងពាក់ព័ន្ធ

សមត្ថកិច្ចមូលដ្ឋានជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
សមត្ថកិច្ចមូលដ្ឋានជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ © សហការី

វិធានការ​នានា​ទាក់ទង​នឹង​សុខភាព និង​សុវត្ថិភាព​របស់​មនុស្ស ​និង​សត្វ ​ត្រូវ​បាន​ដាក់​ចេញ​ដោយ​ក្រសួងពាក់ព័ន្ធ​ ដើម្បី​ទប់​ស្កាត់​ការ​កើត​មាន​ជំងឺ​ឆ្លង​រាតត្បាត​នៅ​អំឡុង​ពេល​ និង​ក្រោយ​ទឹក​ជំនន់​នៅ​កម្ពុជា​។ ការ​ដាក់​ចេញ​នូវ​វិធានការ​ទាំងនេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ទឹកជំនន់​ដែល​កំពុង​ជន់​លិច​ខេត្ត​ចំនួន​១៧​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មនុស្ស​ជាង​៣​ម៉ឺន​គ្រួសារ​ និង​ស្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់​ និង​២​នាក់​របួស​។

ផ្សាយពាណិជ្ជកម្ម

វិធានការដែលត្រូវបានដាក់ចេញដោយក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង​កសិកម្ម​ជាដើមនោះ ដើម្បីឆ្លើយតប​នឹងបញ្ហាគ្រោះទឹកជំនន់នេះ គឺធ្លាក់មកដំណាលៗគ្នានៅថ្ងៃទី១២តុលា។

នៅចំពោះមុខបញ្ហាទឹកជំនន់ ការការពារសុវត្ថិភាពពីការលង់ទឹក ការការពារសត្វទិចឬខាំ ការ​សំរាន្តក្នុងមុង និងការរក្សាអនាម័យក្នុងការបរិភោគគឺជារឿងចាំបាច់បំផុត។​ នេះបើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ ជាមួយគ្នានោះ នៅក្រោយទឹកជំនន់ស្រកចុះ​ ការរក្សាអនាម័យ​ក្នុងការបរិភោគ ការ​សំរាន្ត​ក្នុងមុង និងការការពារកុំឲ្យ​សត្វល្អិតទិចឬខាំ នៅតែត្រូវប្រុងប្រយ័ត្នផងដែរ។

ក្រៅពីការការពារសុខភាពនិងសុវត្ថិភាពរបស់មនុស្ស ការការពារសុខភាពរបស់សត្វ​នៅអំឡុងពេល​ទឹក​ជំនន់ និង​ក្រោយ​ទឹក​ជំនន់ ក៏ជារឿងសំខាន់​ដែលត្រូវ​យកចិត្តទុកដាក់ផងដែរ។ នេះជាសេចក្តី​ណែនាំ​របស់​ក្រសួងកសិកម្ម តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្មសត្វ។

បើតាមអគ្គនាយកដ្ឋានជំនាញនេះ គឺកសិករ​ត្រូវជម្លៀសសត្វ​របស់​ខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព និង​តាម​ដាន​សុខភាពជាប្រចាំ ហើយត្រូវ​ត្រៀម​ចំណី និងទឹកឲ្យមានអានាម័យ។ ក្នុងករណី សត្វមានជំងឺគឺត្រូវទាក់ទង​ពេទ្យសត្វដែលនៅជិតបំផុត​ដើម្បីអន្តរាគមន៍ចុះព្យាបាលបានទាន់ពេល។

គិតត្រឹមថ្ងៃទី១២ ខែតុលា មានខេត្តចំនួន១៧ បានរងការជន់លិចដោយសារទឹកភ្លៀង និងទឹកទន្លេមេគង្គបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ក្នុងនោះ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទះជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។ ជាមួយគ្នានោះ

ប៉ះ​ពាល់ផលដំណាំជាង ១២ម៉ឺនហិកតា ក្នុងនោះមានស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺន​ហិកតា។ ក្រៅពីផលដំណាំ ទឹកជំនន់នេះ ក៏បានបំផ្លាញផ្លូវ និងស្ពានជាច្រើនផងដែរ។ នេះបើតាម​របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ។

ឆ្លើយតបនឹងវិនាសសកម្មទាំងនេះ ក្រសួងអភិវឌ្ឍន៍ជនបទវិញបានប្រកាសថា ខ្លួនត្រូវប្រើប្រាស់ធនធាន​ដែល​មាន​ស្រាប់​ និង​កៀរគពីដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយ​សង្គ្រោះជនរងគ្រោះជាបន្ទាន់ និងស្តាឡើង​វិញ​ការងារផ្លូវជនបទ ការងារទឹកស្អាត អនាម័យ និងទីទួលសុវត្ថិភាពផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI