អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ​ Black Hole គឺ​ជា​អ្វី?

សំឡេង ១០:១៨
Black Hole
Black Hole © NASA
ដោយ៖ សេង ឌីណា
២០ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពី​អាថ៌កំបាំង​ដ៏​ចម្បងមួយ នៅ​ក្នុង​ចក្រវាល គឺ "ប្រហោងខ្មៅ" ឬ Black Hole ​ដែល​ជា​ប្រធានបទ​ស្រាវជ្រាវទទួល​បាន​រង្វាន់ណូបែល​រូបវិទ្យា​ នៅឆ្នាំ២០២០​នេះ។

ផ្សាយពាណិជ្ជកម្ម

Black Hole គឺ​ជា​អាថ៌កំបាំង​ដ៏​ធំមួយ នៅ​ក្នុង​ចំណោម​អាថ៌កំបាំង​ចម្បងៗ នៅ​ក្នុង​ចំណេះដឹង​របស់​យើង​ទៅលើ​ចក្រវាល ហើយ​តាមការពិត​ទៅ កាល​ពីដំបូង សូម្បីតែ​អាល់ប៊ែរ អាញ់ស្តាញ់ ខ្លួនឯងផ្ទាល់​​ក៏​មិនជឿ​ដែរ​ថា Black hole អាចមាន​វត្តមាន​ជាក់ស្តែង​​នៅ​ក្នុង​ចក្រវាល។

នៅ​ក្នុង​ទ្រឹស្តី​ General Relativity របស់​អាល់ប៊ែរ អាញ់ស្តាញ់​ ការណ៍​ដែល​កម្លាំង​ទំនាញ ធ្វើ​ឲ្យ​វត្ថុ​ពីរ​ខិតចូលគ្នា គឺ​មិនមែន​ដោយសារ​តែ​មាន​កម្លាំង​ប្រទាញ​រវាង​វត្ថុ​ទាំងពីរ​ ដូច​ក្នុង​ទ្រឹស្តី​របស់​ញូតុន​នោះទេ ផ្ទុយ​ទៅវិញ កម្លាំង​ទំនាញ​កើតឡើង​ដោយសារ​តែ​ភាពកោង​នៃ​លំហពេល ហើយ​ភាពកោង​នៃ​លំហពេល​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ដែល​នៅ​ជុំវិញ​នោះ​ត្រូវ​មាន​ចលនា​ចាក​ពី​គន្លងដើម។

ដូច្នេះ យោងតាម​ទ្រឹស្តី Genral Relativity កម្លាំង​ទំនាញ ក៏​អាច​មាន​ឥទ្ធិពល​ទៅលើ​ពន្លឺ​បានដែរ ហើយ​ទ្រឹស្តីនេះ​ត្រូវ​បានបញ្ជាក់​ដោយ​ភស្តុតាង​ជាក់ស្តែង ចេញ​ពី​ការ​សង្កេត​របស់​លោក Arthur Eddington ទៅលើ​បាតុភូត​សូរ្យគ្រាស នៅ​ឆ្នាំ១៩១៩​ ដែល​បង្ហាញ​ថា ផ្កាយ ដែល​ស្ថិត​នៅ​ពីក្រោយ​ព្រះអាទិត្យ ពិតជា​មាន​ទីតាំង​ខុស​ពី​ទីតាំង​ដើម​ពិតមែន ដោយសារ​តែ​ពន្លឺ​របស់​ផ្កាយ​នេះ​ត្រូវ​កោង នៅពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ដែន​កម្លាំង​ទំនាញ​របស់​ព្រះអាទិត្យ។

ផលវិបាក​ដ៏​ចម្បងមួយ​នៃ​ទ្រឹស្តី Genral Relativity នេះ គឺ​នៅត្រង់​ថា ប្រសិនបើ​កម្លាំង​ទំនាញ គឺ​ជា​ភាព​កោង​នៃ​លំហពេល ដែល​អាច​មាន​ឥទ្ធិពល​លើ​ពន្លឺបាន​បែបនេះ ដូច្នេះ បើ​សិន​ជា​កម្លាំង​ទំនាញ​នោះ​មាន​កម្លាំង​ខ្លាំង ធ្វើ​ឲ្យ​លំហពេល​ត្រូវ​កោងខ្លាំង ដល់​កម្រិតមួយ វាប្រាកដ​ជា​អាច​ទាញ​យក​អ្វីៗ​ដែល​នៅ​ក្នុង​ដែន​ទំនាញ​នេះ​ចូល​ទាំងអស់ សូម្បីតែ​ពន្លឺ​ក៏​មិនអាច​គេច​ចេញ​រួចបាន​នោះដែរ។ កន្លែង​ដែល​មាន​កម្លាំង​ទំនាញ​ដ៏សម្បើម មិន​ឲ្យ​ពន្លឺ​ចេញ​រួចនេះហើយ ដែល​គេ​ឲ្យឈ្មោះ​ថា Black Hole។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាស

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ