កម្ពុជា-សង្គម

ជំនន់ទឹកភ្លៀង៖ជនជាប់ឃុំជាស្ត្រីជិត៥០០ត្រូវផ្លាស់មកមណ្ឌលអប់រំកែប្រែម១ជាបន្ទាន់

ជនជាប់​ឃុំ​ជា​ស្ត្រី​ជិត​៥០០​នាក់​មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ម២ ត្រូវ​ផ្លាស់​មក​មណ្ឌល​អប់រំ​កែ​ប្រែ​ម១​ ជាបន្ទាន់​នៅ​រំលង​អាធាត្រ​យប់​មិញ​នេះ បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​ហៀរ​ចេញ​ពី​ស្ទឹង​ព្រែក​ត្នោត​ហូរ​ចូល ដែលរំខាន​ដល់​ការ​ស្នាក់​នៅ​របស់​ពួក​គេ ទើប​អ្នក​គ្រប់គ្រង​ពន្ធនាគារ​បង្ខំ​ចិត្ត​ជម្លៀស​ពួកគេ​ទាំង​យប់​បែប​នេះ។ចំណែក​នៅ​ពន្ធនាគារ​បន្ទាយមាន​ជ័យ​ឯណោះ ការ​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ ដោយនៅ​ថ្ងៃ​ពុធ​នេះ ជន​ជាប់​ឃុំ​ជាង​៨០០​នាក់​ទៀត ក្នុង​ចំណោម​ជនជាប់​ឃុំ​សរុប​ជាង​១៦០០នាក់ ត្រូវបានជម្លៀស​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ និង​កំពង់​ចាម។ នេះបើ​តាម​ការ​ឲ្យ​ដឹងរ​បស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ

អ្នកទោសដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ពីពន្ធនាគារបន្ទាយមានជ័យ
អ្នកទោសដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ពីពន្ធនាគារបន្ទាយមានជ័យ © BTV Cambodia
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ ថា​បើ​ស្ថានភាព​អាកាសធាតុ​នាំ​មក​នូវ​ជំនន់​ទឹក​ភ្លៀង​ដូច​រាល់​ថ្ងៃ​នេះ លទ្ធភាព​ជម្លៀស​អ្នក​ជាប់​ឃុំ​អាច​នឹង​កើត​មាន​ទៀត​នៅ​ក្នង​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង។ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤​តុលា នេះ​មាន​ជន​ជាប់​ឃុំ​សរុប​ជាង២ពាន់​នាក់​ មក​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ និង​មក​ពី​មណ្ឌល​អប់រំ​កែ​ប្រែ​ម​២ ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញត្រូវ​បាន​ផ្លាស់​មក​កន្លែង​ទីទួល​មាន​សុវត្ថិភាព។ បើ​តាម​លោក ខៀវ សុភ័គ ការ​បន្លាស់​ទី​ជន​ជាប់​ឃុំ​ពី​កន្លែង​ទឹក​ទៅ​កន្លែង​គោនេះ​ក៏​មាន​ដែរ ​កុមារជា​កូនរបស់​អ្នក​ជាប់ឃុំ​ជា​ស្ត្រី។

នៅ​ចំពោះ​មុខ​ការ​ជម្លៀស​អ្នកទោស​ទៅ​រក​កន្លែង​ទីទួល​មាន​សុវត្ថិភាព ​លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​ ស្នើ​ឲ្យ​ពន្ធនា​គារនីមួយៗ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​សម្រាប់​អ្នក​ទោស​ជាស្រ្តី​ដែល​មាន​ជាប់​កូនតូច និង​ស្ត្រី​ជាប់​ឃុំដែលមានវ័យ​ចាស់​ជរា​។  

បើតាម លោក សឹង សែនកុរណា ជន​ជាប់ឃុំ​គ្រប់​រូប​គ្រាន់​តែ​គ្មាន​សិទ្ធិ​សេរី ប៉ុន្តែ​សិទ្ធិ​ទូទៅ​របស់​ពួកគេ ​នៅ​តែ​ទទួល​បាន​ការការពារពី​រដ្ឋាភិបាល​មិន​ថា សិទ្ធិ​ហូប​ចុក ការពារ​សុវត្ថិភាព​នោះ​ទេ។ បន្ថែមលើនេះលោកករុណា ​យល់​ជំនួយ​មនុស្ស​ធម៌​ដែល​ផ្ដល់​ជូន​រដ្ឋាភិបាល ពី​សំណាក់​អ្នកមាន និង​ឧកញ៉ាក្រាក់់ៗ គួរ​គិត​គូ​ដល់​ស្ថានភាព​ជន​ជាប់​ឃុំ​ដែល​កំពុង ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ផង ព្រោះ​ពួកគេ​ក៏​ប្រឈម​នឹងការ​លំបាក់​ដូច​ពលរដ្ឋ​ទូ​ទៅ​ដែរ។

លោក ខៀវ សុភ័គ ទទួល​ស្គាល់​ថា មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ការ​ជម្លៀស​អ្នក​ទោស​នេះ ប៉ុន្តែ​ក្រសួ​ងមហា​ផ្ទៃ​បាន​បញ្ជា​ឲ្យ​ពន្ធនាគារ​នីមួយៗ បង្កើន​របប​អាហារ​ប្រចាំ​ថ្ងៃ​ក្នុង​ន័យ ជួយគ្នា​ក្នុង​គ្រា​អាសសន្ន​។ ​បច្ចុប្បន្ន កម្ពុជាមាន​ពន្ធនាគារ​សរុបចំនួន​២៧ ​នៅ​ទូទាំង​ប្រទេស​ ​ដោយផ្ទុក​ជនជាប់ឃុំ​សរុប ៣៦​ ៦០០នាក់ ហើយស្រ្តី​មានចំនួនជាង​៣០០០នាក់។ នេះបើតាមក្រសួងមហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI