ប្រធាន EuroCham សន្យាទាក់ទាញអ្នកវិនិយោគអឺរ៉ុបបន្ថែមទៀតចូលមកបណ្តាក់ទុននៅកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham)អះអាងថានឹងធ្វើការផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន ដែលបានបណ្តាក់ទុនធ្វើធុរកិច្ចនៅប្រទេសជិតខាងកម្ពុជា ឲ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ការលើកឡើងរបស់សភាពាពិជ្ជកម្មអឺរ៉ុបនៅកម្ពុជាពេលនេះ បានធ្វើឡើងអំឡុងពេលជំនួបការងារមួយនាព្រឹកថ្ងៃពុធនេះ នៅក្រសួងការងារ រវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលទើបទទួលតំណែងថ្មី។
ចុះផ្សាយនៅថ្ងៃ៖
លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា(EuroCham) បានឯកភាពជាមួយនឹងសំណើររបស់រដ្ឋមន្ត្រី ក្រសួងការងារកម្ពុជាថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគ ដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាងកម្ពុជា មានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជា ត្រូវលោកវាយតម្លៃថា ពិតជាមានភាពល្អប្រសើរ។
ប្រធាន EuroCham ថ្មីរូបនេះ អះអាងដូច្នេះ គឺជាការឆ្លើយតបជាបន្ទាន់មួយ ទៅកាន់លោក អ៊ិត សំហេង ដែលបានលើកឡើងពីការប្រឈមរបស់សេដ្ឋកិច្ចកម្ពុជានៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ លោករដ្ឋមន្ត្រីថា កម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យមួយចំនួនទៀត។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១១ រួមមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ សហគ្រាស ក្រុមហ៊ុន ហើយចែកជា ៦សាខា នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ប្រទេសពីសហភាពអឺរ៉ុប។
តាមការប៉ាន់ប្រមាណកាលពីពេលថ្មីៗនេះ ទុនវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាមានប្រមាណពី ៦ទៅ៨% ខណៈ ប្រទេសចិន នៅតែជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំជាងគេបង្អស់របស់កម្ពុជា ដែលមានចំណែករហូតដល់ទៅ៤៣% បន្ទាប់មកគឺកូរ៉េខាងត្បូង១១% វៀតណាម៧% ជប៉ុន៦% សិង្ហបុរីមាន៦% និងប្រទេសផ្សេងៗទៀតមាន២៧%៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ